រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) នឹងជួបជាមួយមន្ត្រីគណបក្សប្រឆាំងនិងតំណាងអង្គការសង្គមស៊ីវិលផងដែរ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជា ដើម្បីគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក ដែលបានឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។
មន្ត្រីជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា «ការជួបជាមួយតំណាងសង្គមស៊ីវិលនិងមន្ត្រីបក្សប្រឆាំងនេះ សំខាន់គឺដើម្បីគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសិទ្ធិមនុស្ស សិទ្ធិស៊ីវិល និងលំហនយោបាយ» នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ចន ឃែរី (John Kerry) គ្រោងទៅដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃច័ន្ទ ក្រោយពីចាកចេញពីទីក្រុងវៀងច័ន្ទ ប្រទេសលាវ ។ លោក ឃែរី ស្ថិតនៅក្នុងប្រទេសលាវ ដែលជាប្រធានឆ្លាស់វេនអាស៊ាននៅឆ្នាំនេះ មួយផ្នែកដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន~អាមេរិក នៅក្នុងសហរដ្ឋអាមេរិក នៅពាក់កណ្ដាលខែកុម្ភៈ ខាងមុខនេះ។
នៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង មួយផ្នែកដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វនីញ៉ា ដែលនៅទីនោះ លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអាស៊ានទាំង១០ប្រទេស។
មន្ត្រីការបរទេសជាន់ខ្ពស់អាមេរិក បានបញ្ជាក់ថា ទោះបីជាមានសញ្ញាណនៃការវិវត្តន៍គួរឲ្យកត់សម្គាល់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះក៏ដោយ ក៏សហរដ្ឋអាមេរិក មានក្វីកង្វល់អំពីការវិវត្តន៍នយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែរ ដោយសារទំនាក់ទំនងរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង«បង្កឲ្យមានការព្រួយបារម្ភនៅពេលនេះ»។
មេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅក្រៅប្រទេស ដើម្បីគេចពីទោសទណ្ឌទាក់ទិននឹងរឿងក្តីជាច្រើនក្នុងតុលាការកម្ពុជា ដែលមន្ត្រីបក្សប្រឆាំងនិងអ្នកវិភាគមួយចំនួន និយាយថា ជារឿងនយោបាយ។
ខណៈនៅក្នុងប្រទេសកម្ពុជា លោក ចន ឃែរី ក៏នឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចជាមួយមេដឹកនាំកម្ពុជាផងដែរ ដោយសារសហរដ្ឋអាមេរិក និងកម្ពុជា «មានទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំមួយ»។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីការបរទេសជាន់ខ្ពស់អាមេរិក។
មន្ត្រីអាមេរិកដដែល បានឲ្យដឹងថា ក្រោយពីចេញពីកម្ពុជា លោក ចន ឃែរី នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដែលនៅទីនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងជួបជាមួយមេដឹកនាំនិងការទូតជាន់ខ្ពស់ចិន ដើម្បីពិភាក្សាពីបញ្ហាបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងភាពតានតឹងដែលកំពុងបន្តមាន នៅក្នុងដែនសមុទ្រចិនខាងត្បូង៕