ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry និងលោក Zarif បន្ត​ពិភាក្សា​បញ្ហាបរមាណូ


លោក​​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. John Kerry​ (ឆ្វេង) និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ​Mohammad Javad Zarif​ ក្នុង​កិច្ច​ចរចាកម្មវិធី​បរមាណូ នៅ​ទីក្រុង​ Montreux នៃ​ប្រទេស​ស្វីស កាលពីថ្ងៃទី២ ខែ​មីនា ឆ្នាំ២០១៥។
លោក​​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. John Kerry​ (ឆ្វេង) និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ​Mohammad Javad Zarif​ ក្នុង​កិច្ច​ចរចាកម្មវិធី​បរមាណូ នៅ​ទីក្រុង​ Montreux នៃ​ប្រទេស​ស្វីស កាលពីថ្ងៃទី២ ខែ​មីនា ឆ្នាំ២០១៥។

លោករដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. John Kerry​ និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ​Mohammad Javad Zarif​ ជួប​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី​ពីរ​ក្នុងប្រទេស​ស្វីស​ដើម្បី​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​នៃ​កម្មវិធី​បរមាណូ​របស់រដ្ឋាភិបាល​ក្រុង​តេហេរ៉ង (Teheran)។

លោក​ Kerry ​និង​លោក​ Zarif ​បាន​ជួប​គ្នា​ពីរ​ម៉ោង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ នៅ​ក្នុង​ក្រុង​សម្រាក​លំហែ​កាយ​ Montreux។ ​នៅ​ក្រោយ​ការ​សម្រាក​នៅ​ពេល​ថ្ងៃ​ត្រង់លោក​ទាំង​ពីរក៏​បាន​បើក​ការ​ប្រជុំគ្នា​នៅ​ពេល​រសៀល។ នៅ​ក្នុង​ការ​សម្រាក​របស់លោក​ អ្នកកាសែត​ម្នាក់​បាន​សួរ​លោក​ Zarif ​អំពី ដំណើរ​ការ​នៃ​កិច្ច​ចរចា​គ្នានេះ។ លោក​បាន​ឆ្លើយ​តប​ថា៖ «យើង​កំពុង​ខិត​ខំប្រឹង​ប្រែង។ ​យើង​កំពុង​ខិតខំ​ប្រឹងប្រែង»។

ប្រទេសអ៊ីរ៉ង់ និង​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ព្រម​ទាំងប្រទេស​អាល្លឺម៉ង់​ផង​ដែល​គេហៅ​ថា​ក្រុម​ប្រទេស​ P 5+1​ កំពុង​ធ្វើការ​ឲ្យ​ទាន់​ពេល​កំណត់​ចុង​ក្រោយ​បង្អស់​ដែល​ត្រូវ​បាន​ដាក់​កំហិត​ដោយ​ពួក​គេ​ផ្ទាល់​នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា ដែលមាន​គោលដៅ​ធ្វើឲ្យ​មាន​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​មួយ។​ ពួក​អ្នក​ធ្វើការ​ចរចា​គ្នា​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា​ ដើម្បី​ឲ្យ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​បង្អស់​មួយ។

ក្រុម​ប្រទេស​ P5+1 ​កំពុង​ស្វះ​ស្វែង​ឲ្យមាន​កិច្ចព្រមព្រៀង​មួយ​ដែល​កម្រិតសមត្ថភាពសម្រិត​សម្រាំង​សារធាតុអ៊ុយរ៉ាញ៉ូម​ (uranium)​ របស់​ប្រទេស​អ៊ីរ៉ង់ និង​ដាក់​កម្រិត​ប្រភព​ធនធាន​របស់​ប្រទេស​នេះ​សម្រាប់​ការ​អភិវឌ្ឍន៍​អាវុធ​បរមាណូ។ ប្រទេស​អ៊ីរ៉ង់​ដែល​និយាយ​ថា​ កម្មវិធី​បរមាណូ​របស់​ខ្លួន​មាន​លក្ខណៈ​សន្តិវិធី​នោះ​ កំពុង​ស្វះ​ស្វែង​ឲ្យ​មាន​ការ​សម្រាល​ពី​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ៕

XS
SM
MD
LG