កាលពីថ្ងៃអាទិត្យលោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry បានមានប្រសាសន៍ថា លោកនឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងសប្តាហ៍នេះ ហើយបន្ទាប់មកលោកនឹងជួបជាមួយមេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas នៅពេលមានការប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃជាងពីរអាទិត្យមកហើយរវាងជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ជម្លោះបានកើនខ្លាំងឡើងកាលពីថ្ងៃសៅរ៍រវាងក្រុមយុវជនប៉ាឡេស្ទីន និងក្រុមប៉ូលិសអ៊ីស្រាអែលនៅក្នុងក្រុង Hebron នៃតំបន់ត្រើយខាងលិចនៃទន្លេ Jordan កាន់កាប់ដោយអ៊ីស្រាអែល និងនៅក្នុងក្រុងហ្ស៊េរុយសាឡិម។ ក្រុមប៉ូលិសបានរាយការណ៍ថា មានជនជាតិប៉ាឡេស្ទីនកាន់កាំបិតយ៉ាងតិចណាស់បួននាក់ដោយមានរួមបញ្ចូលទាំងយុវនារីម្នាក់អាយុ១៦ឆ្នាំផងដែរ បានស្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា។ អាជ្ញាធរបាននិយាយថា បុគ្គលិកសន្តិសុខអ៊ីស្រាអែលមួយចំនួនបានត្រូវរបួសនៅក្នុងការវាយប្រហារទាំងនោះដែរ។
មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៤០នាក់ និងជនជាតិអ៊ីស្រាអែល ៧នាក់បានស្លាប់នៅក្នុងអំពើហិង្សាតាមដងផ្លូវកាលពីប៉ុន្មានសប្តាហ៍នេះ ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបានផ្សារភ្ជាប់ដោយផ្នែកជាមួយនឹងកំណើននៃការទន្ទ្រានរបស់ពួកជ្វីពនៅក្នុងកន្លែងពិសិដ្ឋមួយក្នុងប៉ែកខាងកើតនៃក្រុងហ្ស៊េរុយសាឡិម ដែលពួកអ្នកកាន់សាសនាឥស្លាមហៅថាព្រះវិហារ al-Aqsa ហើយដែលពួកជ្វីពហៅថា Temple Mount។ អ៊ីស្រាអែលបានបដិសេធដាច់ខាតថា ខ្លួនគ្មានបំណងក្តាប់យកទីសក្ការបូជានេះទេ៕