ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ីស្រាអែល​ប្រគល់​ប្រាក់​ពន្ធ​រាប់​រយ​លាន​ដុល្លារ​ឲ្យ​ទៅ​ប៉ាឡេស្ទីន


រូបថត​ឯកសារ៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ Jerusalem កាល​ពីថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ២០១៤។

ប្រទេស​អ៊ីស្រាអែល​ (Israel)​ បាន​ប្រគល់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​នៃ​ប្រាក់​ចំណូល​ពន្ធដារ​ទៅ​ឲ្យ​ប្រទេស​ប៉ាឡេស្ទីន ​(Palestine) ​ដែល​ប្រាក់​នេះ​ខ្លួន​បាន​ផ្អាក​អស់​មួយ​រយៈ​កាល​មក​ហើយ​ ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម​មួយ​ដល់​ពួក​ប៉ាឡេស្ទីន ​ដែល​ចូល​រួម​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

កាល​ពី​ថ្ងៃ​សុក្រ​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin​ Netanyahu​ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​និយាយ​ថា៖ ​«ដោយ​យោង​ដល់​ស្ថាន​ការណ៍​ចុះដុន​ដាប​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា​ គេ​ត្រូវ​តែ​ចាត់​វិធាន​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវ​និងមានការ​ពិចារណា​ព្រម​ទាំង​ការ​តស៊ូ​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម»។

ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ក៏​បាន​និយាយ​យោង​ដល់​កង្វល់​ខាង​មនុស្សធម៌​ផងដែរ។

លោក​ Jeff Rathke ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​ហៅ​វិធានការនេះ​ថា​ ជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​ជួយ​ធ្វើ​ឱ្យ​ស្ថានភាព​ក្នុង​ភូមិ​ភាគ​មជ្ឈឹមបូព៌ា​មាន​ស្ថិរភាព។ ​លោក​បាន​និយាយ​ថា ​ស.រ.អា.​សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​នឹង​ចាត់​វិធានការ​បន្ត​ពី​ជំហាន​នេះ​ដើម្បី​ធ្វើ​ចលនា​ទៅ​មុខ​និង​បន្ធូរ​បន្ថយ​ភាព​តានតឹង។

ប្រទេស​អ៊ីស្រាអែល​បាន​ប្រកែក​មិន​ព្រម​ផ្ទេរ​ប្រាក់​នេះ​ចាប់​តាំង​ពី​ខែ​មករា​មក ​នៅ​ពេល​ដែល​អាជ្ញាធរប៉ាឡេស្ទីន​ បាន​ប្រកាស​ផែន​ការ​ចូល​រួម​ក្នុង​តុលាការ​អន្តរជាតិ​នេះ​ដែល​នៅ​ទីនោះ​អាជ្ញាធរ​ប៉ាឡេស្ទីន ​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រឆាំងនឹង​អ៊ីស្រាអែល​អំពី​ឧក្រិដ្ឋកម្មសង្គ្រាម៕

XS
SM
MD
LG