ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ John Kerry​ បាន​អញ្ជើញ​ទៅ​ប្រទេស​ Dijbouti


លោក​រដ្ឋមន្រ្តី​ការបរទេស​ស.រ.អា.​ John Kerry​ បាន​ជួប​នឹង​ក្រុម​យុវជន​នៅ​ឯ​វិហារ​ឥស្លាម​ Salmanក្នុង​ប្រទេស​ Dijbouti។

លោក​រដ្ឋមន្រ្តី​ការបរទេស​ស.រ.អា.​ John Kerry​ បាន​អញ្ជើញ​ទៅ​ប្រទេស​ Djibouti​ នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​កើត​ ដើម្បី​ជួប​ជា​មួយ​មន្រ្តី​រដ្ឋាភិបាល​ និង​មន្រ្តី​យោធា​ស.រ.អា.​ ដែល​ត្រូវ​បាន​ដាក់​រាយ​នៅ​ក្នុង​ប្រទេស​អតីត​អាណានិគម​បារាំង​មួយ​នេះ។​

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា.​ទី​មួយ​ ដែល​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រទេស​សូម៉ាលី​ លោក​ក៏​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា. ​ដែល​បាន​ទៅ​ទស្សនា​ប្រទេស​ Djibouti​ ដែរ។​

លោក​ Kerry​ នឹង​ត្រូវ​ជួប​ជា​មួយ​លោក​ប្រធានាធិបតី​ Ismail​ Omar​ Guelleh​ និង​លោក​រដ្ឋមន្រ្តី​ការ​បរទេស​ Mahamoud​ Ali​ Youssouf។​ ក្រុម​មន្រ្តី​ថ្លែង​ថា​ លោក​នឹង​ថ្លែង​អំណរគុណ​ដល់​លោក​ទាំង​ពីរ​ចំពោះ​ជំនួយ​របស់​ប្រទេស​ Djibouti​ ដល់​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​រយ​នាក់​ដែល​ព្យាយាម​គេច​ឲ្យ​ផុត​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​យេមែន​ ដែល​ស្ថិត​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ឈូង​សមុទ្រ​ Aden​ ពី​ប្រទេស​ Djibouti។​

ក្រោយ​មក​លោក​ Kerry​ ត្រូវ​ជួប​ជាមួយ​មន្រ្តី​អាមេរិកាំង​និង​មន្រ្តី​យោធា​ស.រ.អា​នៅ​មូលដ្ឋាន​យោធា​ស.រ.អា​ ឈ្មោះ​ Camp​ Lemmonier។​ មូលដ្ឋាន​យោធា​ស.រ.អា.​ក្នុង​ប្រទេស​ Djibouti​ បាន​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​នៃ​វត្តមាន​យោធា​ស.រ.អា.​ក្នុង​ប្រទេស​នៅ​មជ្ឈិម​បូព៌ានិង​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​កើត។​

លោក​ Kerry​ នឹង​អញ្ជើញ​ទៅ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ នៅ​ល្ងាច​ថ្ងៃ​ពុធ។​ នៅ​ចុង​សប្តាហ៍​នេះ​ លោក​នឹង​អញ្ជើញ​ទៅ​ប្រទេស​បារាំង​ ដើម្បី​ធ្វើ​ការ​ចរចា​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ និង​ចូល​រួម​ក្នុង​ពិធី​រំលឹក​ការបញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​ក្នុង​ទ្វីប​អឺរ៉ុប៕

XS
SM
MD
LG