មន្រ្តីយោធាម្នាក់របស់ស.រ.អាថ្លែងកាលពីថ្ងៃព្រហស្បត៍ថា នាវាផ្ទុកទំនិញរបស់ប្រទេស អ៊ីរ៉ង់ ដែលអាចដឹកគ្រឿងអាវុធទៅឲ្យពួកឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន កំពុងបើកចេញឆ្ងាយពីប្រទេស យេម៉ែនទៅវិញ។
នៅពេលជាមួយគ្នានោះ លោករដ្ឋមន្រ្តីការបរទេសយេម៉ែន Riad Yassine បានចោទប្រទេសអ៊ីរ៉ង់ ថាព្យាយាមចង់បំបែកការរាំងផ្លូវទឹកមួយ ដែលមានគោលបំណងរក្សាគ្រឿងអាវុធមិនឲ្យធ្លាក់ទៅក្នុងកណ្តាប់ដៃពួកឧទ្ទាម។
មន្រ្តីសេតវិមានបាននិយាយថា អស់លោកបានឃើញភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់បានផ្តល់អាវុធទៅឲ្យក្រុមឧទ្ទាម Shi'ite Houthi ក្នុងប្រទេសយេម៉ែន។ ក្រសួងការពារស.រ.អា បានដាក់រាយនាវាចម្បាំងក្នុងទឹកសមុទ្ររបស់យេម៉ែន ដើម្បីធានាឲ្យផ្លូវនាវាចរណ៍នៅក្នុងឈូងសមុទ្រ Perse ឲ្យនៅបើកចំហ។
មន្រ្តីយោធាបានបដិសេធថា កងនាវារបស់ស.រ.អាមិនមែនស្ថិតនៅទីនោះដើម្បីបញ្ឈប់នាវារបស់ អ៊ីរ៉ង់ទេ។
នៅយេម៉ែន យន្តហោះកងកម្លាំងចម្រុះដែលដឹកនាំដោយ អារ៉ាប៊ី សាអ៊ូឌីត បានវាយប្រហារទៅលើទីដៅរបស់ពួកឧទ្ទាមកាលពីថ្ងៃព្រហស្បតិ៍នៅជិតទីក្រុង Aden បណ្តាលឲ្យមានបាតុកម្មនៅទីក្រុង Sana'a ប្រឆាំងនឹងការវាយប្រហារនោះ។ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួននឹងបញ្ឈប់យុទ្ធនាការវាយប្រហារផ្លូវអាកាស តែអាចចាប់ធ្វើការទម្លាក់គ្រាប់បែកជាថ្មីឡើងវិញ បើមានការចាំបាច់៕