ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry បង្ហាញ​ផែនការ​ទប់ទល់​នឹង​ក្រុម​និយមជ្រុល


លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស.រ.អា.​ថ្លែង​កំឡុង​កិច្ចពិភាក្សា​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅក្នុង​ទីក្រុង Davos ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥។
លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស.រ.អា.​ថ្លែង​កំឡុង​កិច្ចពិភាក្សា​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅក្នុង​ទីក្រុង Davos ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥។

លោក​រដ្ឋមន្ត្រីការបរទេស​ស.រ.អា.​ John Kerry ​បានបង្ហាញ​ចំណុច​សំខាន់​ៗ​នៃ​យុទ្ធសាស្ត្រមួយ​ដែល​មាន​រយៈពេល​យូរដើម្បី​ទប់ទល់នឹង​ភាព​និយម​ជ្រុល​ប្រកប​ដោយ​អំពើ​ហិង្សា​។

ថ្លែង​ទៅ​កាន់​ក្រុម​មេដឹកនាំ​នៅ​ក្នុង​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ក្នុង​ក្រុង​ Davos ប្រទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​សុក្រ​ លោក Kerry បាន​អំពាវនាវ​ឱ្យ​មាន​របៀប​ដោះស្រាយ​ «គ្រប់ផ្នែក» មួយ​ដែល​មាន​រួម​បញ្ចូលអភិបាល​កិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​និងការ​ផ្តល់​អំណាច​ខាង​សេដ្ឋកិច្ច ​នយោបាយ​និង​ខាង​ការ​សិក្សា​អប់រំ​សម្រាប់​មនុស្ស​គ្រប់គ្នា។

អ្នក​ការទូតស.រ.អា.​កំពូល​រូប​នេះ​បាន​គូស​បញ្ជាក់​អំពី​កិច្ច​ខិតខំប្រឹង​ប្រែង​ដោយ​ក្រុម​ចម្រុះអន្តរជាតិ​ដែល​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នៃ​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ីរី។ លោក​បាននិយាយ​បន្ថែម​ថា​ការ​ប្រយុទ្ធ​មាន​ខ្លាំង​ជាងមុន​នៅ​ពេល​មាន​ការ​តស៊ូ​ខាង​យោធា​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម។​

លោក​ Kerry បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ខាង​មុខ​នេះ ពិភពលោក​ត្រូវ​ធ្វើការ​ដើម្បី​ពង្រឹងសន្តិសុខ​និង​ស្ថិរភាព​នៅក្នុង​ប្រទេស យេម៉ែន តំបន់​ប៉ែក​ខាង​ជើង​នៃ​ទ្វីប​អាហ្រិ្វក ប្រទេស​សូម៉ាលី និង​ប្រទេស​នីហ្សេរីយ៉ា ដោយ​លោក​បាន​ប្រកាស​ថា​លោក​នឹង​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស នីហ្សេរីយ៉ា ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។​

លោក Kerry បាន​មាន​ប្រសាសន៍​បង្ហាញ​ហេតុផល​ថា​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​និយម​ជ្រុល​ប្រកប​ដោយ​អំពើ​ហិង្សា​នឹង​មិន​ត្រូវ​សម្រេច​នៅ​លើ​សមរភូមិទេ​ ក៏​ប៉ុន្តែ​នឹង​ត្រូវ​សម្រេច​នៅ​ក្នុង​ថ្នាក់​រៀន​និង​មជ្ឈមណ្ឌល​សាសនា​និង​ដោយ​បង្កើត​ឱ្យ​មាន​ភាព​សំបូរ​រុង​រឿង​ដែល​ត្រូវ​បែងចែក​ដោយ ទូលំទូលាយ​រវាង​ប្រជារាស្ត្រ​។​

លោក Kerry បាន​ចង្អុល​បង្ហាញអំពី​សន្និសីទ​កំពូល​នៅ​ខែ​ក្រោយ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​ដោយ​មាន​លោក​ប្រធានាធិបតី​អូបាម៉ា​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រជុំ​នេះ​ដែល​ជា​វេទិកា​មួយ​សម្រាប់​រៀបចំ​ថែម​ទៀត​អំពី​យុទ្ធសាស្ត្រ​មួយ​មាន​ទិសដៅ​ច្រើន​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម៕

XS
SM
MD
LG