លោកនាយករដ្ឋមន្រ្តីបារាំង Manuel Valls មានប្រសាសន៍ថា បារាំងនឹងបង្កើតតំណែងសន្តិសុខថ្មីចំនួន២៦៨០ក្នុងរយៈពេល៣ឆ្នាំបន្ទាប់ទៀត ដើម្បីជួយប្រយុទ្ធនឹងការគំរាមនៃលទ្ធិជ្រុលនិយមអ៊ីស្លាម។
លោកVallsបានប្រកាសវិធានការថ្មីនេះនៅថ្ងៃពុធបន្ទាប់ពីជំនួបប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្រ្តី ដោយលោកបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉ារីសនឹងចំណាយប្រាក់ជិត៥០០លានដុល្លារលើកិច្ចខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រយុទ្ធប្រឆាំងភេរវកម្ម បន្ទាប់ពីការវាយប្រហារដ៏ប្រល័យនៅក្នុងប្រទេសបារាំងកាលពីដើមខែនេះ។
នៅថ្ងៃពុធនេះដែរ ក្រុមអ្នកស៊ើបអង្កេតបារាំងបាននិយាយថា ពួកគេបានចោទប្រកាន់មនុស្ស៤នាក់នៅក្នុងការទាក់ទិនទៅនឹងការវាយប្រហារទៅលើហាងលក់គ្រឿងទេសសម្រាប់អាហារជនជាតិជ្វីសនៅតំបន់ភាគខាងកើតនៃទីក្រុងប៉ារីសដែលបានធ្វើឲ្យមនុស្ស៤នាក់ស្លាប់។
រដ្ឋអាជ្ញាបាននិយាយនៅថ្ងៃពុធនេះថា ក្រុមបុរសដែលរងការចោទប្រកាន់ទាំងនោះ មានចំណងទាក់ទងជាមួយ Amedy Coulibaly ដែលបានសម្លាប់មនុស្ស៤នាក់នៅក្នុងការចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅហាងលក់គ្រឿងទេសសម្រាប់អាហារជនជាតិជ្វីសកាលពីថ្ងៃទី៩ខែមករា។ មួយថ្ងៃមុនហេតុការណ៍នេះបានកើតឡើង ជននោះបានសម្លាប់ប៉ូលីសស្រីម្នាក់។
បុរសទាំង៤នាក់នោះ ត្រូវបានគេសង្ស័យពីការផ្តល់ការគាំទ្រដល់ Coulibaly ដែលក្រោយមកត្រូវបានប៉ូលីសសម្លាប់៕