នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu កំពុងបន្តបន្ទោសលើជនជាតិប៉ាឡេស្ទីនចំពោះការកើនឡើងនូវអំពើហិង្សាដ៏ប្រល័យក្នុងប្រទេសអ៊ីស្រាអែល។
នៅពេលដែលលោកធ្វើដំណើរដើម្បីពិភាក្សាជាមួយលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry នៅថ្ងៃព្រហស្បតិ៍នេះ លោក Netanyahu បាននិយាយថា គ្មានមន្ទិលសង្ស័យឡើយថា រលកនៃការវាយប្រហារនៅពេលបច្ចុប្បន្ននេះកើតចេញដោយផ្ទាល់ពីការញុះញង់នោះ។
លោកនាយករដ្ឋមន្រ្តី Netanyahu និយាយបន្តទៀតថា «ការញុះញង់ចេញពីក្រុម Hamas ចេញពីប្រធានាធិបតី Abbas និងពីក្រុមអាជ្ញាធរប៉ាឡេស្ទីន»។
លោកនាយករដ្ឋមន្រ្តីបាននិយាយយោងដល់ឧបទ្ទវហេតុនៅថ្ងៃព្រហស្បតិ៍នេះដែលលោកនិយាយថា ភេរវជន២នាក់បានព្យាយាមកម្ទេចរថយន្តក្រុងមួយគ្រឿងដែលពោរពេញទៅដោយកូនសិស្សសាលា។
សេចក្តីរាយការណ៍ព័ត៌មានអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា ជនជាតិអ៊ីស្រាអែល២នាក់ បានចាក់បុរសអំបូរជនជាតិជីហ្វម្នាក់នៅក្នុងទីក្រុង Beit Shemesh នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីព្យាយាមឡើងជិះរថយន្តសិស្សសាលា។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry ក៏បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សា ក៏ប៉ុន្តែបានសម្រេចស្តីបន្ទោសនៅពេលដែលលោកធ្វើដំណើរទៅពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី Netanyahu នៅក្នុងទីក្រុងបែរឡាំង (Berlin) នៃប្រទេសអាល្លឺម៉ង់។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានមានប្រសាសន៍ថា «ការណ៍នេះ ប្រាកដជាមានសារៈសំខាន់ដើម្បីបញ្ចប់ការញុះញង់ និងហិង្សាទាំងអស់ ហើយស្វែងរកមធ្យោបាយឆ្ពោះទៅមុខ»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu ថា «យើងបានស្គាល់គ្នាយ៉ាងច្បាស់។ ខ្ញុំជឿជាក់ថា យើង មានលទ្ធភាពអាចធ្វើឲ្យមានការផ្លាស់ប្តូរ ហើយនេះជាអ្វីដែលខ្ញុំមកទីនេះដើម្បីធ្វើកិច្ចការនេះ»។
ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ក៏៨នាក់ដែរ ហើយជនជាតិប៉ាឡេស្ទីនប្រហែល៥០នាក់ត្រូវបានសម្លាប់ចាប់តាំងពីហិង្សាបានផ្ទុះឡើងជិតមួយខែមុននៅពេលដែលប៉ាឡេស្ទីនបានចាប់ផ្តើមវាយប្រហារជនស៊ីវិល និងទាហានអ៊ីស្រាអែលដោយប្រើកាំបិត។
កាលពីថ្ងៃពុធ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមួន បានមានប្រសាសន៍ថា លោក មិនមានសុទិដ្ឋិនិយមទេ បន្ទាប់ពីការចរចារបស់លោកជាមួយក្រុមមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីនមក៕