លោករដ្ឋមន្ត្រីការបរទសស.រ.អា John Kerry និងលោករដ្ឋមន្ត្រីក្រសួងថាមពល Ernest Moniz នឹងបង្ហាញខ្លួននៅមុខគណៈកម្មាធិការសភាមួយម្តងទៀតនៅថ្ងៃអង្គារនេះ ខណៈដែលលោកទាំងពីរបន្តកិច្ចប្រឹងប្រែងដើម្បីស្វែងរកការគាំទ្រពីសំណាក់សមាជិកសភា ដែលនៅមានការមន្ទិលសង្ស័យអំពីកិច្ចព្រមព្រៀងបរមាណូអន្តរជាតិជាមួយប្រទេសអ៊ីរ៉ង់។
សភាអាមេរិកនៅសល់ពេលប្រមាណ៦សប្តាហ៍ទៀតក្នុងពេលកំណត់៦០ថ្ងៃ ដើម្បីពិនិត្យមើលកិច្ចព្រមព្រៀង ដែលដាក់កំហិតលើកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរទណ្ឌកម្មសេដ្ឋកិច្ច។ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តកិច្ចព្រមព្រៀងនេះកាលពីសប្តាហ៍មុន ដែលអាចនាំឲ្យមានការលុបទណ្ឌកម្មសេដ្ឋកិច្ចនៅមុនដំណាច់ឆ្នាំនេះ។
លោក Kerry និងលោក Moniz ដែលបានជួបជាមួយក្រុមមន្ត្រីអ៊ីរ៉ង់ជាញឹកញយ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងកាលពីដើមខែនេះ និងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ជាមួយនឹងលោករដ្ឋមន្ត្រីរតនាគារ Jacob Lew ផងដែរ។
លោករដ្ឋមន្ត្រីទាំង៣រូបបានចូលរួមក្នុងសវនាការស្រដៀងគ្នានេះក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាកាលពីសប្តាហ៍មុន ដែលនៅទីនោះលោក Kerry បានថ្លែងថា ការច្រានចោលកិច្ចព្រមព្រៀងនោះនឹងជាការងាកចេញពីឱកាសល្អប្រសើរបំផុត ដើម្បីដោះស្រាយបញ្ហាបរមាណូអ៊ីរ៉ង់ដោយសន្តិវិធី៕