លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry នឹងជួបជាមួយដៃគូរបស់លោកពីប្រទេសទាំង៦នៃក្រុមប្រឹក្សាប្រតិបត្តិការប្រទេសឈូងសមុទ្រពែកស៍ (Persian) ហៅកាត់ថា GCC នៅប្រទេសកាតា (Qatar) នៅថ្ងៃច័ន្ទនេះ ខណៈពេលដែលលោកព្យាយាមបន្ធូរការព្រួយបារម្មអំពីកិច្ចព្រមព្រៀងអន្តរជាតិជាមួយប្រទេសអ៊ីរ៉ង់កាលពីខែមុន ស្តីពីកម្មវិធីបរមាណូរបស់អ៊ីរ៉ង់។
កិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសពីប្រទេសអារ៉ាប៊ីសាអូឌីត គុយវ៉ែត កាតា អូម៉ង់ និង អេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាមួយតំណាងនៃប្រទេសទាំងនេះកាលពីខែឧសភា។
លោកអូបាម៉ា បានថ្លែងថាស.រ.អា.នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខថែមទៀត ដែលក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធបន្ថែម ការលក់អាវុធឲ្យបានឆាប់រហ័ស និងការជួយកសាងប្រព័ន្ធកាំជ្រួចម៉ីស៊ីលដែលមានការស៊ីសង្វាក់គ្នាជាងមុន។
សមាជិក GCC ខ្លះបានសម្តែងការព្រួយបារម្ភថា ការបន្ធូរទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកសំខាន់មួយនៃកិច្ចព្រមព្រៀងបរមាណូ អាចអនុញ្ញាតឲ្យអ៊ីរ៉ង់ពង្រីកឥទ្ធិពលរបស់ខ្លួន និងនាំឲ្យមានអស្ថិរភាពក្នុងតំបន់។
ក្រុមមន្ត្រីឈូងសមុទ្រពែកស៍ក៏បានសម្តែងការបារម្មផងដែរថា អ៊ីរ៉ង់អាចនឹងប្រើប្រាស់ប្រាក់ដែលបានទទួលពីការបន្ធូរទណ្ឌកម្មដើម្បីបង្កើនការគាំទ្រពួកក្រុមជីវពលដូចជាពួក Hezbollah ជាដើម៕