ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្តិសុខ​ក្នុង​តំបន់​ជា​ចំនុច​សំខាន់​ក្នុង​ដំណើរ​ទស្សនៈកិច្ច​៥​ប្រទេស​របស់​លោក Kerry


រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ធ្វើ​សាក្ខីកម្ម​ទៅ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ពី​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥។
រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ធ្វើ​សាក្ខីកម្ម​ទៅ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ពី​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥។

បញ្ហា​សន្តិសុខ​នឹង​ក្លាយ​ជា​ចំណុច​សំខាន់​មួយ​សម្រាប់​លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​ក្រុម​មន្រ្តី​អេហ្ស៊ីប​នៅ​ក្នុង​រដ្ឋធានី​គែរ (Cairo) ​នៅ​ចុង​សប្តាហ៍​នេះ ​ដែល​ជា​ដំណើរ​បំពេញ​ទស្សនៈកិច្ចទៅ​កាន់​ប្រទេស​៥​នៅ​តំបន់​មជ្ឈឹម​បូព៌ា ​និង​តំបន់​អាស៊ី​អាគ្នេយ៍។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ភាព​ចលាចល​នៅ​ឧបទ្វីប Sinai ដែលក្រុម​ជន​សកម្ម​ប្រយុទ្ធ​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ជា​បន្ត​បន្ទាប់។

នៅ​ក្នុង​ការ​ថ្លែង​ត្រួសៗ​កាល​ពី​ថ្ងៃ​សុក្រ មន្រ្តី​រូប​នោះ​បាន​និយាយ​ថា ​អេហ្ស៊ីប​កំពុង​ប្រឈម​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម ​ហើយ​សហរដ្ឋ​អាមេរិក​ចាំបាច់​គាំទ្រ​ការ​ខំ​ប្រឹងប្រែងរបស់​ប្រទេស​នោះ​ដើម្បី​ធ្វើ​ឲ្យមាន​ស្ថេរភាព។

មន្រ្តី​រូប​នោះ​បាន​និយាយ​ទៀត​ថា ​សន្តិសុខ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​បញ្ហា​សំខាន់ៗ​ដែល​លោក Kerryនឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​លោក Sameh Shoukry រដ្ឋ​មន្រ្តី​ការបរទេស​អេហ្ស៊ី​ប​នៅថ្ងៃ​អាទិត្យ​ស្អែក​នេះ។

លោកស្រី Michele Dunne អ្នក​វិភាគ​បញ្ហា​មជ្ឈឹម​បូព៌ា​ប្រទេស​នៅ​អង្គការ Carnegie Endowment for International Peace ​បាន​និយាយ​ថា «បញ្ហា​ប្រឈម​ពិត​ប្រាកដ​សម្រាប់​លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry នៅ​ក្នុង​ជំនួប​របស់​លោក​ក្នុង​ប្រទេស​អេហ្ស៊ីប​ថា​តើប្រទេស​ទាំង​២​សម​គ្នា​ដែរ​ឬ​ទេ។

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​ និង​អេហ្ស៊ីប​ក៏​នឹង​ពិភាក្សា​បញ្ហា​នយោបាយ ​សិទ្ធិ​មនុស្សហើយ​និង​បញ្ហា​សេដ្ឋ​កិច្ច។

មុន​ដំណើរ​បំពេញ​ទស្សនៈកិច្ច​ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​គែរ​បាន​ប្រកាស​ថា ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​យន្តហោះ​ចំបាំង​ធុន F-16 ចំនួន​៦​គ្រឿង​ទៅ​ឲ្យ​អេហ្ស៊ីប​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ដែល​កើត​មាន​ជា​បន្តបន្ទាប់​ជាមួយ​អេហ្ស៊ីប​និង​ក្នុង​តំបន់៕

XS
SM
MD
LG