រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry)មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា លោករំពឹងថានឹងមានភាពប្រាកដប្រជាអំពីថ្ងៃចាប់ផ្តើមនៃការចរចាសន្តិភាពស៊ីរីនៅក្នុងរយៈពេលពីរថ្ងៃទៀត។
អង្គការសហប្រជាជាតិចង់នាំរដ្ឋាភិបាលស៊ីរីនិងសមាជិកនៃក្រុមប្រឆាំងឲ្យជួបគ្នានៅក្នុងទីក្រុងហ្សឺណែវសម្រាប់កិច្ចចរចាដែលចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ ប៉ុន្តែដំណើរការនេះ ត្រូវបានពន្យារពេល ដោយសារមិនមានការព្រមព្រៀងគ្នាអំពីនរណាដែលគួរតែត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចចរចានេះ។
បេសកជនពិសេសរបស់អ.ស.ប. ទទួលបន្ទុកខាងប្រទេសស៊ីរី លោក Staffan de Mistura គ្រោងនឹងធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នេះនៅយប់ថ្ងៃច័ន្ទ។
ថ្លែងនៅក្នុងពេលបំពេញទស្សនកិច្ចមួយនៅប្រទេសឡាវ លោក ឃែរី មានប្រសាសន៍ថា គេគួរតែរង់ចាំពីរបីថ្ងៃ និងរៀបចំដំណើរការចរចាឲ្យបានស្រួលបួល ប្រសើរជាងធ្វើឲ្យវាបរាជ័យនៅថ្ងៃដំបូងនោះ៕