ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរទស្សនកិច្ច​លោក​ Kerry នឹង​លើក​យក​​បញ្ហា​កូរ៉េខាងជើង ស៊ីរី សេដ្ឋកិច្ចសកល​ មក​ពិភាក្សា​ដោះ​ស្រាយ


លោក​ John Kerry រដ្ឋ​មន្រ្តី​ការបរទេស​សរអា​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​អំពី​កិច្ច​ចរចា​ជាមួយ​អ៊ីរ៉ង់ នៅ​ពេល​យន្តហោះ​របស់​លោក​មក​ដល់​ទីក្រុង Vienna​ មូលដ្ឋាន​ទ័ព​អាកាស​ Andrews នៅ​ថ្ងៃ​អាទិត្យ​ ទី​១៧ ខែ​មករា​ ឆ្នាំ​២០១៦។​
លោក​ John Kerry រដ្ឋ​មន្រ្តី​ការបរទេស​សរអា​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​អំពី​កិច្ច​ចរចា​ជាមួយ​អ៊ីរ៉ង់ នៅ​ពេល​យន្តហោះ​របស់​លោក​មក​ដល់​ទីក្រុង Vienna​ មូលដ្ឋាន​ទ័ព​អាកាស​ Andrews នៅ​ថ្ងៃ​អាទិត្យ​ ទី​១៧ ខែ​មករា​ ឆ្នាំ​២០១៦។​

លោកJohn Kerry ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា. កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីបអឺរ៉ុប​ ភូមិភាគ​មជ្ឈិម​បូព៌ា​ និង​ទ្វីប​អាស៊ី​ ដើម្បី​ធ្វើការ​ចរចា​អំពី​បញ្ហា​ផ្សេងៗ​ រួម​បញ្ចូល​កិច្ចខិតខំ​ប្រឹងប្រែង​ពហុជាតិ​ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​ស៊ីរី​និង​អំពី​ការ​ពិសោធន៍​បរមាណូ​កាល​ពី​ពេល​ថ្មីៗនេះ​ដោយ​ប្រទេស​កូរ៉េខាង​ជើង។

កន្លែង​ឈប់​សំចត​ទី​មួយ​របស់​លោក​ Kerry នៅ​ថ្ងៃ​ពុធ​នេះ​គឺ​ប្រទេស​ស្វ៊ីស​ ដែល​នៅ​ទី​នោះ​គេ​រំពឹង​ថា​ ក្រុម​ប្រមុខ​រដ្ឋ​និង​នាយករដ្ឋមន្ត្រី​ជាង​៤០​នាក់​នឹង​ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។

លោកJoe Biden អនុ​ប្រធានាធិបតី​ស.រ.អា. និង​លោក​ Ash Carter រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា. ក៏​នឹង​ចូល​រួម​ក្នុង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​ក្រុម​រដ្ឋាភិបាល​និង​អ្នកចាត់ចែង​កិច្ចការ​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​នាំ​មុខ​គេ​នៅ​ក្នុង​ពិភពលោក។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេសអាមេរិកាំង​បាន​និយាយ​ថា​ ចំណុច​បង្គោល​នៃ​សេដ្ឋកិច្ច​ចំនួន​បួន​ ដែល​លោក Kerry ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គឺ​សារសំខាន់​នៃ​ការ​បំបាត់​អំពើ​ពុក​រលួយ​ ការ​ផ្តើម​គំនិត​អំពី​ថាម​ពល​ស្អាត​ ការ​ពង្រីក​ការភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ និងបរិស្ថាន។

នៅ​មុន​ការ​ប្រជុំ​វេទិកា​នេះ​ លោក Kerry នឹង​ជួប​ជាមួយ​សមភាគី​រុស្សី​របស់​លោក ​គឺ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ Sergey Lavrov។

កិច្ចចរចា​ទ្វេ​ភាគី​រវាង​អស់​លោក​ទាំង​ពីរ​នាក់​នេះ​ កើត​មាន​ឡើង​នៅ​ពេល​សំខាន់​មួយ​នៃ​កិច្ចខិតខំ​ប្រឹង​ប្រែង​ពហុជាតិ​ដើម្បី​ជួយ​ធ្វើ​ឱ្យ​មាន​អន្តរកាលន​យោបាយ​មួយ​ក្នុង​ប្រទេស​ស៊ីរី។​

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Interfax របស់​ប្រទេស​រុស្សី​ថា​ លោក​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្សី​ Mikhail Bogdanov​ បាន​និយាយ​កា​ល​ពី​ថ្ងៃ​សុក្រ​ថា​អាច​មាន​ភាពច្បាស់លាស់​ជាង​មុន​ អំពី​ថ្ងៃខែ​សម្រាប់​កិច្ច​ចរចា​អន្តរ-ស៊ីរី ​នៅ​ក្រោយ​ជំនួប​រវាង​លោក​ Kerry និង​លោក Lavrov។

បន្ទាប់​ពី​ប្រទេស​ស្វ៊ីស​ លោក​ Kerry ​ធ្វើដំណើរ​ទៅ​កាន់​ក្រុង​ Riyadh ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ក្រុម​មន្ត្រី​អារ៉ាប៊ី ​សាអូឌីត​និង​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក។​

ទស្សនកិច្ច​នេះ​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោ​យការ​អនុវត្ត​កិច្ច​ព្រ​មព្រៀង​បរមាណូ​អ៊ីរ៉ង់​ ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ និង​ប្រទេស​ឯ​ទៀត​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​និយាយ​ថា ​អាច​នាំ​ប្រទេស​អ៊ីរ៉ង់​ធ្វើ​ឱ្យ​តំបន់​នោះ​មាន​អស្ថិរភាព​បាន។

បន្ទាប់​ពី​ទី​ក្រុង​ Riyadh លោក Kerry ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ​និង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ចរចា​អំពី​ការ​រៀបចំ​ការ​ប្រជុំ​សន្និសីទ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​សមាគម​អាស៊ាន​ក្នុង​ខែកុម្ភៈ​ ដែល​លោក​

ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាត់ចែង​ការ​ប្រជុំនោះ។​ សេតវិមាន​បាន​និយាយ​ថា​ ការ​ប្រជុំនេះ​នឹង​«ជំរុញ​ទៅ​មុខ​ថែម​ទៀត​ការ​ធ្វើឱ្យ​មាន​តុល្យភាព​ជា​ថ្មី​ក្នុង​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​ ដោយ​រដ្ឋបាល​លោកអូបាម៉ា។»

កន្លែង​ឈប់​សំចត​ចុង​ក្រោយ​បង្អស់​របស់​លោក​ Kerry គឺ​ប្រទេស​ចិន​ដែល​មាន​ឡើង​នៅ​ពេល​មាន​កំណើន​កង្វល់​អំពី​ការ​សាកល្បង​របស់​កូរ៉េ​ខាងជើង​ ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​និយាយ​ថា​ជា​អាវុធ​បរមាណូ​មួយ​និង​អំពី​លទ្ធភាព​នៃ​ការឆ្លើយ​តប​ពី​សហគមន៍​អន្តរជាតិ។​

លោក Anthony Blinken អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.បាន​ពិភាក្សា​អំពី​ការ​បង្ក​រឿង​ដោយ​កូរ៉េ​ខាង​ជើង​ជាមួយ​ ក្រុម​ប្រទេស​សមភាគី​កូរ៉េខាង​ត្បូង​និង​ជប៉ុន​របស់​ស.រ.អា.កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ក្រុង​តូក្យូ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG