លោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry បានប្រសាសន៍នៅថ្ងៃអង្គារនេះថា ការចរចាប្រទេសចំនួន១២ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំមួយ បានធ្វើឲ្យមានការជឿនលឿនឆ្ពោះទៅកាន់ការឈោងដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រមួយ ក៏ប៉ុន្តែគេកំពុងធ្វើសេចក្តីលម្អិតខ្លះ ។
លោករដ្ឋមន្រ្តីការបរទេសបានបង្ហាញពីគោលដៅជាបន្តបន្ទាប់សម្រាប់កិច្ចព្រមព្រៀងនោះ នៅពេលដែលលោកបានថ្លែងក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចមួយទៅកាន់ប្រទេសសិង្ហបុរី ដោយមានប្រសាសន៍ថា កិច្ចព្រមព្រៀងនោះមិនត្រឹមតែបង្កើតឱកាសខាងសេដ្ឋកិច្ចសម្រាប់ប្រទេសដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនោះក៏ចាត់ទុកជាការបង្ហាញនូវការគាំទ្រដល់អភិបាលកិច្ចល្អ តម្លាភាព និងការទទួលខុសត្រូវផងដែរ។
ការចរចាបានចំណាយពេលអស់រាប់សិបឆ្នាំ ហើយកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីពាណិជ្ជកម្មបានខកខានមិនបានព្រមព្រៀងគ្នាផ្តាច់ព្រ័ត្រក្នុងអំឡុងពេលនៃការចរចានៅកោះហាវ៉ៃ។ ប្រសិនបើបានរួចចប់សព្វគ្រប់ហើយ កិច្ចព្រមព្រៀងដែលហៅថា «TPP» អាចគ្របដណ្តប់លើសេដ្ឋកិច្ចរបស់សាកលលោកចំនួន ៤០ភាគរយ។
លោករដ្ឋមន្រ្តី Kerryមានប្រសាសន៍ទៀតថា កិច្ចព្រមព្រៀងTPP នឹងបង្កើនបទដ្ឋានដោយលោកបានអំពាវនាវឲ្យអនុវត្តទៅតាមបទដ្ឋានការងារ និងបរិស្ថានអន្តរជាតិ សម្រាប់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ដើម្បីប្រកួតប្រជែងឲ្យបានត្រឹមត្រូវសម្រាប់ផ្នែកឯកជន និងសម្រាប់ផ្នែកពាណិជ្ជកម្មក្នុងការទប់មិនឲ្យប្រើប្រាស់កម្មករនៅក្រោមអាយុ ឬទីកន្លែងការងារគ្មានសុវត្ថិភាព៕