សមាជិកសំខាន់ៗរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានគម្រោងផ្តល់កសិណសាក្សីនៅថ្ងៃពុធនេះនៅពេលដែលគណៈកម្មាធិការព្រឹទ្ធសភាមួយធ្វើសវនាការមួយស្តីពីសំណើររបស់លោកក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
លោកអូបាម៉ា បានស្នើសុំសេចក្តីអនុញ្ញាតប្រើកម្លាំងកាលពីខែមុនដែលនឹងមានរយៈពេល៣ឆ្នាំដោយការប្រើប្រាស់កងទ័ពថ្មើរជើងមានកម្រិត ដែលនេះបានរារាំងកងទ័ពថ្មើរជើងទាំងនោះមិនវាយប្រហារនៅលើដីគោករយៈពេលយូរ។
គណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា នឹងស្តាប់លោករដ្ឋមន្រ្តីការពារប្រទេស Ashton Carter លោករដ្ឋមន្រ្តីការបរទេស John Kerry និងឧត្តមសេនីយ៍ Martin Dempsey នាយអគ្គសេនាធិការ។
ជំនួបនេះជាផ្នែកមួយនៃដំណើរការដ៏វែងឆ្ពោះទៅកាន់ការអនុញ្ញាត ដែលត្រូវការបានទទួលការយល់ព្រមពីព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត។
មានការប្រឆាំងផែនការរបស់លោកប្រធានាធិបតីពីពួកគណបក្សសាធារណរដ្ឋដែលមិនយល់ស្របពីការកម្រិតការប្រើប្រាស់កងទ័ពថ្មើរជើង និងពីពួកគណបក្សប្រជាធិបតេយ្យដែលមិនចង់ឃើញការប្រើប្រាស់កងទ័ពនោះលើដី។
យោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសចាប់តាំងពីខែសីហាមកនៅប្រទេសអ៊ីរ៉ាក់ ហើយចាប់តាំងពីខែកញ្ញាមកនៅក្នុងប្រទេសស៊ីរីដោយដឹកនាំក្រុមចម្រុះអន្តរជាតិប្រឆាំងក្រុមជនសកម្មប្រយុទ្ធ ដែលបានកាន់កាប់តំបន់ដ៏ធំនៅក្នុងប្រទេសទាំង២កាលពីឆ្នាំទៅ។
យោងទៅតាមទិន្នន័យរបស់ក្រសួងការពារប្រទេសអាមេរិក រហូតមកទល់ពេលនេះ ក្រុមចម្រុះបានធ្វើការវាយប្រហារតាមអាកាសជាង២ពាន់៧រយលើកលើទិសដៅនានាដូចជា ទីតាំងកាំភ្លើងធំនិងទីតាំងប្រយុទ្ធ រថយន្តនិងឃ្លាំងដែលត្រូវបានប្រើប្រាស់ដោយក្រុមជនសកម្មប្រយុទ្ធ៕