ក្រុមមន្រ្តីប្រតិបត្តិច្បាប់សហរដ្ឋអាមេរិក បានព្រមានប៉ូលិស និងសាធារណជនកាលពីថ្ងៃព្រហស្បតិ៍ឲ្យមានការប្រុងប្រយ័ត្នពីការប៉ុនប៉ងរបស់ក្រុមរដ្ឋអ៊ីស្លាមដើម្បីជ្រើសរើសភេរវជនតាមរយៈប្រព័ន្ធអ៊ិនធឺណែត។ ការព្រមាននោះបានកើតមានឡើងពីទីភ្នាក់ងារ FBI និងក្រសួងសន្តិសុខមាតុភូមិ។
មន្រ្តីម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា យើងនៅតែមានការព្រួយបារម្មណ៍អំពីការខំប្រឹងប្រែងជ្រើសរើសដែលធ្វើឡើងដោយក្រុមរដ្ឋអ៊ីស្លាម ជាពិសេសតាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មាន ហើយយើងជំរុញសាធារណជនឲ្យស្ថិតក្នុងការប្រុងប្រយ័ត្ន ក៏ដូចជារាយការណ៍ពីសកម្មភាពសង្ស័យណាមួយទៅឲ្យអាជ្ញាធរ។កាសែត Washington Postបានរាយការណ៍កាលពីថ្ងៃពុធថា ទីភ្នាក់ងារ FBI បានចាប់ខ្លួនសិស្សអាយុ១៧ឆ្នាំម្នាក់នៅជាយក្រុងវ៉ាស៊ីនតោនលើបទចោទប្រកាន់ពីការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត ដើម្បីជួយក្មេងជំទង់ម្នាក់ធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមក្រុមរដ្ឋអ៊ីស្លាម។ ភ្នាក់ងារ FBIមិនបានផ្តល់សេចក្តីលម្អិតអំពីករណីនេះទេ។
ក្នុងអំឡុងពេលនៃសន្និសិទកំពូលស្តីពីលទ្ធិជ្រុលនិយមនៅសេតវិមានពីខែមុន លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជំរុញឲ្យមេដឹកនាំទីក្រុងឲ្យទាក់ទងជាមួយយុវជនក្មេងៗដែលមានការធុញទ្រាន់ ហើយគ្មានការងារធ្វើ។យុវជនបែបនោះ ជាទិសដៅដ៏សំខាន់សម្រាប់ក្រុមជ្រុលនិយម៕