ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta បាននិយាយថា ការវាយប្រហារដ៏ប្រល័យ និងការហ៊ុមព័ទ្ធបណ្ដុំអាគារសណ្ឋាគារ និងការិយាល័យមួយកន្លែងនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា បានបញ្ចប់ហើយ។
នៅក្នុងការថ្លែងទៅកាន់ប្រជាពលរដ្ឋកេនយ៉ាតាមកញ្ចក់ទូរទស្សន៍នៅព្រឹកថ្ងៃពុធនេះ លោកប្រធានាធិបតី Kenyatta បាននិយាយថា ប្រជាពលរដ្ឋ ១៤ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើបណ្ដុំអាគារ DusitD2 ចំណែកឯប្រជាពលរដ្ឋ ៧ រយនាក់ផ្សេងទៀត ត្រូវបានកងកម្លាំងសន្តិសុខជួយសង្គ្រោះ។
លោក Kenyatta បាននិយាយថា «ពួកភេរវជន» ទាំងអស់ ដែលបានចូលរួមនៅក្នុងការវាយប្រហារនេះ ត្រូវបាន «កម្ចាត់ចោលហើយ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់អះអាងកាលពីយប់ថ្ងៃអង្គារម្សិលមិញថា ពលរដ្ឋអាមេរិកាំងម្នាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារនោះដែរ។ ពលរដ្ឋអង់គ្លេសម្នាក់ក៏ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះដែរ។
ក្រុមជ្រុលនិយមរដ្ឋឥស្លាម al-Shabab អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ការវាយប្រហារនេះបានចាប់ផ្ដើមកាលពីរសៀលថ្ងៃអង្គារម្សិលមិញ ដោយការបំផ្ទុះគ្រាប់ផ្ទុះនៅខាងក្រៅធនាគារមួយកន្លែង និងការដាក់គ្រាប់បែកអត្តឃាតនៅក្នុងកន្លែងស្វាគមន៍ភ្ញៀវនៃសណ្ឋាគារមួយកន្លែង។
បណ្ដុំអាគារសណ្ឋាគារ និងហាងទំនិញទំនើបៗ DusitD2 ស្ថិតនៅក្នុងសង្កាត់ទំនើបមួយកន្លែងក្នុងទីក្រុងណៃរ៉ូប៊ី ដែលទាក់ទាញជាពិសេសអ្នកទេសចរអាមេរិកាំង អឺរ៉ុប និងឥណ្ឌា ទោះបីជាគេមិនដឹងច្បាស់ថា ការវាយប្រហារមានបំណងសំដៅលើនរណាក៏ដោយ៕