លោក Onyango Otieno អាយុ៣១ ឆ្នាំ ធំដឹងក្ដីនៅក្នុងគ្រួសារមួយ ដែលគាត់បានពិពណ៌នាថាមាន"អំពើហិង្សាធ្ងន់ធ្ងរ"។
លោកបាននិយាយថា ឪពុករបស់លោកក៏បានធំដឹងក្ដីនៅក្នុងគ្រួសារដែលមានអំពើហិង្សាផងដែរ ហើយឪពុករបស់លោកបានរងគ្រោះពីជំងឺបាក់ស្បាត ដែលហៅថា PTSD បន្តពីជីតារបស់លោក។
លោក Otieno ថាលោកក៏កើតជំងឺនេះផងដែរ ដែលបន្តពីជីតារបស់លោក។ ជីតារបស់លោកត្រូវគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាកើតជំងឺនេះក្នុងរយៈពេលជាច្រើនឆ្នាំក្រោយមក បន្ទាប់ពីត្រឡប់មកពីធ្វើសង្គ្រាមក្នុងសម័យសង្គ្រាមលោកលើកទី ២។
លោកបានបញ្ជាក់ដូច្នេះថា៖ «កាលហ្នឹងជីតាខ្ញុំ មានកូន៣០នាក់។ អ្នកអាចស្រមៃឃើញពីស្ថានភាពរស់នៅនៅក្នុងភូមិយ៉ាងណាបានហើយ នៅពេលដែលមនុស្សម្នាក់កំពុងមានជំងឺបែបនេះហើយគ្មាននរណាស្គាល់ជំងឺនេះនៅឡើយកាលពីទសវត្សទី៨០នោះ។ អីចឹងហើយ ជំងឺហ្នឹងបន្តកើតដល់គ្រួសារឪពុករបស់ខ្ញុំ ដោយក្នុងគ្រួសារមានតែអំពើហិង្សាជាប់រហូត។ ខ្ញុំគិតថា នៅពេលដែលខ្ញុំមានអាយុ១៥ឆ្នាំ នៅពេលនោះហើយជាពេលដែលខ្ញុំចាប់ផ្ដើមមានជំងឺធ្លាក់ទឹកចិត្ត ហើយខ្ញុំរស់នៅក្នុងស្ថានភាពជំងឺបែបហ្នឹងអស់រយៈពេលជាច្រើនឆ្នាំ»។
ឥឡូវនេះ លោក Otieno គឺជាអ្នកអប់រំផ្សព្វផ្សាយអំពីបញ្ហាសុខភាពផ្លូវចិត្ត។ លោកបានបង្កើតក្រុមមួយដែលមានសមាជិកប្រហែល២០០នាក់ ដើម្បីអប់រំផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្តដោយប្រើវិធីនិយាយរៀបរាប់អំពីសាច់រឿងពាក់ព័ន្ធដើម្បីជម្នះឲ្យផុតពីជំងឺផ្លូវចិត្ត។ លោកបាននិយាយថា កាលពី ៣-៤ឆ្នាំមុន មិនមានទិដ្ឋភាពបែបនេះឡើយ។
កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅនេះ រដ្ឋាភិបាលប្រទេសកេនយ៉ាបានរៀបចំសន្និសីទសុខភាពផ្លូវចិត្តថ្នាក់ជាតិលើកដំបូងបង្អស់ ក្នុងគោលបំណងធ្វើឱ្យសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើង និងចាត់ទុកជាអាទិភាពក្នុងវិស័យសាធារណៈ និងជាផ្នែកមួយនៃរបៀបវារៈសង្គមសេដ្ឋកិច្ច។
សន្និសីទសុខភាពផ្លូវចិត្តនេះ គឺជាសន្និសីទលើកដំបូងបង្អស់របស់ប្រទេសកេនយ៉ា ដែលដឹកនាំដោយក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត Rudi Eggers ដែលជាអ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកេនយ៉ា បានថ្លែងក្នុងថ្ងៃបើកសន្និសីទរយៈពេលពីរថ្ងៃនេះថា៖ «បញ្ហាសុខភាពផ្លូវចិត្តនៅតែត្រូវគេអើពើមិនចាត់ចូលក្នុងការប្រឹងប្រែងជាសាកលដើម្បីលើកកម្ពស់សុខភាពនៅឡើយ។ ប្រជាជនដែលមានបញ្ហាសុខភាពផ្លូវចិត្ត ទទួលរងការរំលោភបំពានសិទ្ធិ ការរើសអើង និងមានអារម្មណ៍ខ្លាចគេមាក់ងាយ។ ប្រជាជនជាង៨០ភាគរយ ធ្លាប់មានបញ្ហាសុខភាពផ្លូវចិត្ត ដែលក្នុងនោះទាំងអ្នកដែលធ្លាប់ឆ្លងកាត់ការរំលោភបំពានផ្លូវអារម្មណ៍ និងផ្លូវកាយផងដែរ ដែលជាស្ថានភាពដែលកើតឡើងដោយសារគ្មានទម្រង់នៃការគាំទ្រការគាំពារសុខភាពផ្លូវចិត្តដែលមានតម្លៃសមរម្យ និងមានគុណភាព»។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta បានបញ្ជាឱ្យក្រសួងសុខាភិបាលបង្កើតក្រុមការងារបច្ចេកទេសដើម្បីសិក្សាអំពីស្ថានភាពបញ្ហាសុខភាពផ្លូវចិត្តក្នុងប្រទេសកេនយ៉ា និងផ្ដល់លទ្ធផលមកវិញនូវអ្វីដែលលោកបាននិយាយថានឹងអាចជួយរដ្ឋាភិបាលក្នុងការរៀបចំផ្ដល់ថវិកា និងធនធានសម្រាប់បញ្ហានេះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលអ្នកស្រី Susan Mochache បាននិយាយថា រដ្ឋាភិបាលបានផ្ដោតលើការចាត់ទុកបញ្ហាសុខភាពផ្លូវចិត្តថាជាបញ្ហាអាទិភាពរបស់ជាតិ។
អ្នកស្រីបានបញ្ជាក់ថា៖ «នៅប្រទេសកេនយ៉ា ជំងឺផ្លូវចិត្តគឺជាបុព្វហេតុចម្បងដែលបណ្ដាលឱ្យមានជំងឺខូចសតិ ហើយមានអ្នកជំងឺប្រហែល២៥ភាគរយក្នុងចំណោមអ្នកជំងឺដែលមិនសម្រាកនៅមន្ទីរពេទ្យ និងអ្នកជំងឺរហូតដល់ទៅ៤០ភាគរយក្នុងចំណោមអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ រងគ្រោះស្ថានភាពជំងឺផ្លូវចិត្តទាំងនេះ»។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចំនួនអ្នកធ្វើអត្តឃាតក្នុងប្រទេសកេនយ៉ាបានកើន៥៨ ភាគរយពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ គឺស្មើនឹង៤២១នាក់។ ក្នុងចំណោមករណីអត្តឃាតទាំង៤២១ ករណីនេះ អ្នកដែលធ្វើអត្តឃាតប្រហែល៧៥ភាគរយ គឺជាបុរស៕
ប្រែសម្រួលដោយ កោះ សុគន្ធី