ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ច្រាន​ចោល​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា ហើយ​រំពឹង​ថា​នឹង​មាន​ដំណោះស្រាយ​នយោបាយ​​​​​​​​


រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

នៅ​ក្នុង​សវនាការ​លើក​ទី​៤៥​នេះ​ មេ​ដឹកនាំ​នយោបាយ​ជំទាស់ លោក​ កឹម សុខា ប្រាប់​តុលាការ​ថា​លោក​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បាតុកម្ម​ហិង្សាណា​ដែល​ធ្វើ​ឡើង​ក្រៅ​រង្វង់​នៃការ​ទទួល​ខុស​ត្រូវ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ពេល​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ធ្វើ​មហា​បាតុ​កម្ម​តវ៉ា​ប្រឆាំង​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៣។

សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ក៏​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ការ​បក​ស្រាយ​ផ្សេងៗ​គ្នា​ រវាង​តំណាង​អយ្យការ​ និង​សហ​មេធាវី​ការ​ពារ​ជន​ជាប់​ចោទ​អំពី​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដែល​ចែង​អំពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ដែល​ត្រូវ​បាន​ចោទ​លើ​លោក កឹម សុខា។

ក្នុង​ពេល​ចាប់​ផ្តើម​សវនាការ​ តំណាង​អយ្យការ​មួយ​រូប​ គឺ​លោក ​ឆាយ ហុង​ បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ ចាក់​បញ្ចាំង​ឃ្លីប​វីដេអូ​ខ្លីៗ​ចំនួន​២​ បង្ហាញ​ពី​ក្រុម​មនុស្ស​ចាប់​ផ្តួល​រថយន្ត​របស់​កង​រាជ​អាវុធ​ហត្ថមួយ​គ្រឿង​ដែល​ក្រោយ​មក​ឆាប់​ឆេះ និង​មួយ​គ្រឿង​ទៀតត្រូវគេ​មើល​ឃើញ​រង​ការ​វាយ​កម្ទេច។

ការ​ស្នើ​ឱ្យ​ចាក់​ឃ្លីប​វីដេអូ​ទាំង​២​នោះ​ កើត​ឡើង​ ក្រោយ​លោក ​ឆាយ ហុង ​បាន​ចោទ​សួរ​លោក ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវ​រំលាយ​ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ។ លោក កឹម សុខា​ បាន​ប្រកែក​ច្រើន​ដង​ថា ​លោក​មិន​បាន​ដឹង​ពី​ព្រឹត្តិការណ៍​វាយ​កម្ទេច​រថយន្ត​របស់​កង​រាជ​អាវុធហត្ថ នៅ​មុខ​មណ្ឌល​បោះ​ឆ្នោត​ដែល​រៀប​ចំ​នៅ​វិទ្យាល័យ​មួយ ជាប់​ស្ពាន​អាកាសស្ទឹង​មានជ័យ។

បន្ត​បន្ទាប់​មក​ទៀត​ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ចាក់​បញ្ចាំង​ភ័ស្តុតាង​ឃ្លីប​វីដេអូ​២​ផ្សេង​ទៀត​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ​ ដែល​បង្ហាញ​អំពី​ជំហរ​ធ្វើ​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ​ និង​វត្តមាន​លោក ​កឹម សុខា នៅ​ខេត្ត​កំពង់​ស្ពឺ​ជាមួយ​លោក​ សម រង្ស៊ី និង​មួយ​ផ្សេង​ទៀត​របស់​ភាគី​តំណាង​អយ្យការ​ ដែល​បង្ហាញ​ពី​ការ​ថ្លែង​របស់​លោក កឹម សុខា ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ទី​តាំង​ និង​ពេល​វេលា​មិន​ច្បាស់លាស់​មួយ។

បើ​តាម​ឃ្លីប​វីដេអូ​ទី​បី​របស់​តំណាង​អយ្យការ​ដែល​ចាក់​បញ្ចាំង​ក្នុង​សវនាការ​នា​ថ្ងៃ​ពុធ​នេះ​ គេ​ឃើញ​លោក ​កឹម សុខា អំពាវនាវ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រោយ​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០​១៣ដែល​គណបក្ស​ប្រឆាំង​អះអាង​ថា​ មាន​ភាព​មិន​ប្រក្រតី។ វីដេអូ​ដដែល​បង្ហាញ​ការ​ថ្លែង​របស់​លោក​ កឹម​ សុខា​ ជុំវិញ​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ប្រទេស​ តែ​ចំណង​ជើង​វីដេអូ​នោះ​ដាក់​ថា​លោក កឹម សុខា ប្រមូល​កម្លាំង​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក កឹម សុខា​ បាន​ច្រាន​ចោល​ភ័ស្តុតាង​ឃ្លីប​វីដេអូ​នោះ​ ដោយ​ថា​ជា​ឃ្លីប​វីដេអូ​ក្លែង​ក្លាយ​ ព្រោះ​អយ្យការ​និយាយ​ថា​ឃ្លីប​នោះ​ថត​បាន​ពី​ខេត្ត​កំពង់ស្ពឺ​ តែមិន​បាន​បញ្ជាក់​ទី​តាំង​ណា​ឱ្យ​ប្រាកដ​នៅ​ខេត្ត​កំពង់​ស្ពឺ និង​ពេល​វេលា​ជាក់​លាក់​ដែល​វីដេអូ​នោះ ត្រូវ​គេ​ថត​បាន។ មេដឹកនាំ​បក្ស​ជំទាស់​រូប​នេះថា​អាវ​ដែល​លោក​ពាក់​នៅ​ខេត្ត​កំពង់​ស្ពឺ​ក៏​ខុស​គ្នា​ ដោយ​សារ​ភ័ស្តុតាង​របស់​មេធាវី​លោក​ បាន​បង្ហាញ​លោក​ពាក់​អាវ​ដៃ​ខ្លី​ តែ​ឃ្លីប​របស់​តំណាង​អយ្យការ​បង្ហាញ​ថា​លោក​ពាក់​អាវ​ដៃ​វែង។

ក្នុង​សវនាការ​ដេញ​ដោល​នា​ថ្ងៃ​ពុធ​នេះ​ អង្គ​ហេតុ​គឺ​ផ្តោត​លើ​អំពើប្រទូសរ៉ាយ​ ដែល​ជា​ផ្នែក​មួយ​នៃ​បទ​ចោទ​លើ​លោក​ កឹម ​សុខា តាម​មាត្រា​៤៤៣។ ​ហើយ​ការ​ចោទ​សួរ​ ពី​សំណាក់​ភាគី​អយ្យការ​អំពី​បាតុកម្ម​នានា​ គឺ​ភាគី​អយ្យការ​យល់​ថា​បាតុកម្ម​ទាំង​អស់​នោះ​ អាច​ឈាន​ដល់​អំពើ​ប្រទូសរ៉ាយ។

ក៏​ប៉ុន្តែ​លោក ​កឹម សុខា​ បាន​ទាត់​ចោល​បាតុកម្ម​ដែល​មាន​ចរិត​ហិង្សា​ និង​បដិសេធ​រាល់​សំណួរ​ពាក់ព័ន្ធ​បាតុកម្ម​ដែល​ស្ថិត​នៅ​ក្រៅ​ការ​ទទួល​ខុស​ត្រូវ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹកនាំ​មហា​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​ពី​អំឡុង​ខែ​កញ្ញា​ ឆ្នាំ​២០១៣។

លោក​ កឹម សុខា​ ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ការ​សួរ​នាំ​អំពី​បាតុកម្ម​ច្រំ​ដែល​នេះ​ បាន​ធ្វើ​ឱ្យ​ខាត​ពេល​វេលា​ ដែល​ដូច​អ្វី​ដែល​មេធាវី​របស់​លោក​លើក​ឡើង និង​ថា​ការ​លើក​ឡើង​ពី​បាតុកម្ម​នេះ​ គឺ​មិន​ត្រូវ​គ្នា​នឹង​បទ​ចោទ​មក​លើ​រូប​លោក។

លោក​ថ្លែង​ថា៖ «ថា​ត្រូវ​រ៉ូវ​បរទេស​ ក៏​អត់​ឃើញ​បរទេស​ណា...ជា​សម្ងាត់​ក៏​មិន​ដឹង​ជា​មួយ​បរទេស​ណា។ ប្រទូសរ៉ាយដោយ​ការ​ឃុប​ឃិត​ជាមួយ​បរទេស​កម្រិត​អី​ របៀប​ម៉េច។ អ្វី​ដែល​លើក​ឡើង​ហ្នឹង​ មិន​ពាក់​ព័ន្ធ​ខ្ញុំ​ទេ។ យក​មក​ហ្នឹង​ មិន​មែន​កន្ទុយ​ដំរី​ទេ គឺ​ក្បាល​ជ្រូក»។

ការ​អត្ថាធិប្បាយ​របស់​លោក កឹម សុខា​ យ៉ាង​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ពន្យល់​របស់​តំណាង​អយ្យការ លោក ឆាយ ហុង ថា​ ដើម្បី​រក​ឃើញ​សត្វ​ដំរី​មួយ គេ​ត្រូវ​រាវ​រក​ប្រមោយ​ និង​ជើង ដើម្បី​ផ្គុំ​បាន​ជា​ដំរី។

លោក កឹម សុខា ក៏​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​ និង​ថា​រឿង​ក្តីរបស់​លោក​ល្មម​បញ្ចប់​ហើយ​ ព្រោះ​ថា្នក់​ដឹកនាំ​កំពូល​របស់​ប្រទេស​ ក៏​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​បាន​ចោទ​បរទេស​ណា​មួយ​ទេ​ក្នុង​សំណុំ​រឿង​របស់​លោក។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ចង់​បាន​ដំណោះ​ស្រាយ ហើយ​តាម​ផ្លូវ​តុលាការ​ ខ្ញុំ​មិន​បោះ​បង់​ទេ»។ លោក​បន្ថែម​ថា៖​ «ល្មម​នាំ​គ្នា​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់​ កុំ​ឱ្យ​ខ្ញុំ​រង​គ្រោះ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​បាន​ធ្វើ។ ខ្ញុំ​មិន​បាន​ដឹកនាំ​ធ្វើ​បដិវត្តន៍​ឯណា​ ក្រោយ​កិច្ច​ព្រមព្រៀង​ [នយោបាយ]​»។

មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ចែង​ថា​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ គឺ​ជា​អំពើ​ត្រូរ​រ៉ូវគ្នា​ ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ ឬ​ភ្នាក់​ងារ​បរទេស​ ដើម្បី​បង្កើត​ឱ្យ​មានអំពើ​ប្រទូសរ៉ាយ​ ឬ​ឱ្យ​មាន​អំពើ​ឈ្លាន​ពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។

បើ​តាម​ខ្លឹមសារ​នៃ​មាត្រា​នេះ​ សហ​មេធាវី ​លោក ​កឹម សុខា មួយ​រូប​ គឺ​លោក​ ចាន់​ ចេន ថា​កូន​ក្តី​លោក​មិន​បាន​ប្រព្រឹត្តបទ​ល្មើស​នេះ​ទេ។​ មេធាវី​រូប​នេះ​ថា​ការ​សួរ​នាំ​អំពី​បាតុកម្ម​ មិន​ស្រប​គ្នា​នឹង​បទ​ចោទ​ទេ។

លោក​និយាយ​ថា៖ «លុះ​ត្រា​កូន​ក្តី​ នាំ​បរទេស រថ​ក្រោះ​ ចូល​ស្រុក​ ដូច​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ ប្រឆាំង​ជាតិ​ ព្រះមហាក្សត្រ បាន​ត្រូវ​មាត្រា​៤៤៣​ តែ​បាន​លើក​ឡើង​បាតុកម្ម​កន្លែង​ផ្សេងៗ​ ដូច​ឃើញ​នៅ​ស្ទឹង​មាន​ជ័យ​ ផ្លូវ​វេង​ស្រេង​ ដែល​ជា​បាតុកម្ម​របស់​កម្មករ​ទាម​ទារ​ប្រាក់​ខែ​ និង​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ»។

យ៉ាង​ណា​ក៏ដោយ​ លោក​មេធាវី លី ច័ន្ទ​តុលា​ តំណាង​ឱ្យ​ដើម​បណ្តឹង​ដែល​ជា​ភាគី​រដ្ឋាភិបាល​ លើក​ឡើង​ក្នុង​សវនាការ​ថា​ការ​ថ្លែង​សារ​នយោបាយរបស់​លោក កឹម សុខា​ នៅ​ប្រទេស​អូស្រ្តាលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ អំពី​ការ​ទទួល​បាន​យុទ្ធសាស្ត្រ​នយោបាយ​ពី​សំណាក់​សាស្ត្រាចារ្យ​នៅ​ប្រទេស​លោក​សេរី គឺ​ជា​ភ័ស្តុតាង​គ្រប់​គ្រាន់​ ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម សុខា។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក ​យី សុខសាន្ត​ និយាយ​ជាមួយ​អ្នកកាសែត​ នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២២ ខែមិថុនា​ ឆ្នាំ​ ២០២២។​ (ហ៊ុល រស្មី/វីអូអេ)​
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក ​យី សុខសាន្ត​ និយាយ​ជាមួយ​អ្នកកាសែត​ នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២២ ខែមិថុនា​ ឆ្នាំ​ ២០២២។​ (ហ៊ុល រស្មី/វីអូអេ)​

នៅ​ក្រោយ​ការ​បញ្ចប់​សវនាការ​នា​ថ្ងៃ​ពុធ​នេះ​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក​ លោក យី សុខសាន្ត ប្រាប់​អ្នក​កាសែត​ថា​បទ​ចោទ​លើ​ លោក​ កឹម សុខា​ មាន​ភាព​ស្រពេច​ស្រពិល​ដែល​នាំ​ឱ្យ​រឿង​ក្តី​នេះ​ត្រូវ​អូស​បន្លាយ​ពេល​មក​ជា​ច្រើន​ឆ្នាំ។

លោក​និយាយ​ថា៖ «ខាង​ព្រះរាជ​អាជ្ញា​ គាត់​នៅ​តែ​ចោទ​ថា ​កឹម សុខា​ បាន​ធ្វើ គេ​ហៅ​សហការ​ជាមួយ​ ឃុប​ឃិត​ជាមួយ​បរទេស​ចឹង​ទៅ។ ប៉ុន្តែ​ខាង ​កឹម សុខា​ វិញ​ គាត់​ថា​គាត់​អត់​បាន​ធ្វើ​ទេ។ អា​ចំណុច​ហ្នឹង​ដែល​យើង​មិន​ទាន់​រក​ឯកសារ​...ប៉ុន្តែ​នៅ​ក្នុង​នោះ​ ក៏​យើង​ឃើញ​មាន​ការ​សម្រប​សម្រួល​ពី​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដែរ។ ពេល​ខ្លះ ​ទៅ​ជា​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ហ្នឹង​ មក​ពន្យល់​ដល់​មេធាវី​ និង​ព្រះរាជ​អាជ្ញា​វិញ​ ដែល​យើង​មើល​ឃើញ​ហាក់​ដូច​ជា​ការ​ចោទ​ប្រកាន់​នេះ​ ហាក់​ដូច​ជា​នៅ​ស្រពេច​ស្រពិល​មិន​ច្បាស់​លាស់​សោះ។ ហើយ​បើ​ច្បាស់​ គួរ​តែ​មិន​មែន​ជា​អូស​បន្លាយ​រហូត​ដល់​៤៥​សវនាការ​នេះ​ទេ​បាទ»។ ​

ដោយ​ឡែក លោក ​កូយ សៅ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ បាន​ប្រាប់​អ្នក​ចូលរួម​ក្នុង​សវនាការ​ថា ការ​បែក​ធ្លាយ​សំឡេង​របស់​លោក ​កឹម សុខា​ ដែល​និយាយ​ពី​ការ​ផ្តាច់​ចំណង​ទាក់​ទង​ជាមួយ​លោក​សម រង្ស៊ី នោះ​ មិន​ខុស​នឹង​ច្បាប់​ណា​មួយ​ទេ​ តែ​លោក​ព្រមាន​មិន​ឱ្យ​បុគ្គល​ ឬ​អង្គភាព​ព័ត៌មាន​នោះ​ ​ចូល​ស្តាប់​សវនាការ​ផ្សេងៗ​នៅ​លើក​ក្រោយ​ទៀត​ បើ​សិន​ជា​បុគ្គល​ ឬ​អង្គភាព​ព័ត៌មាន​ដដែល​នោះ​ ​ធ្វើ​ទង្វើ​នេះ​ម្តង​ទៀត។

បើ​តាម​លោក កូយ សៅ សវនាការ​លោក កឹម សុខា​ លើក​ក្រោយ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ ទី​២៩​ ខែ​មិថុនា សប្តាហ៍​ខាង​មុខ៕

XS
SM
MD
LG