ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រាប់​ទូត​អឺរ៉ុប​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ព័ត៌មាន​ខុស​ពី​ការ​ពិត


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន លើកដៃនៅមុខក្រុមអ្នកសារព័ត៌មាន ពេលលោកបានទៅដល់វិមានរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន លើកដៃនៅមុខក្រុមអ្នកសារព័ត៌មាន ពេលលោកបានទៅដល់វិមានរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ណែនាំ​ទៅ​ឯក​អគ្គរដ្ឋ​ទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះការ​ទទួល​ព័ត៌មាន​ពី​ក្រុម​ផ្សេង ដែល​លោក​ថា​ខុស​ពី​ការពិត​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​និង​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាលាភូមិន្ទ​រដ្ឋបាល ដែល​អ្នកស្រី Car​men Moreno ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ផង​ដែរ។

លោក ហ៊ុន​ សែន ប្រាប់​ឯក​អគ្គ​រដ្ឋ​ទូត​អឺរ៉ុប​ដែល​អង្គុយ​នៅ​ពី​ក្រោយ​លោក​ពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា​ថា​កម្ពុជា​ពិត​ខុស​ពី​កម្ពុជា​នៅ​លើ​សារ​ព័ត៌មាន។ លោក​បន្ថែម​ថា​ការ​បង្ហោះ​ហ្វេស​ប៊ុក​របស់​ក្រុម​ណា​មួយ ឬ​បុគ្គល​ណា​មួយ​ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ «និយាយ​អាក្រក់​ណាស់» ដែល​រួម​មាន​ការ​ជេរ​ប្រមាថ និង​ប្រើប្រាស់​«ភាសា​ញុះញង់» ដែល​លោក​មិន​អាច​ទទួល​យក​បាន។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ទេ ខ្ញុំ​មិន​មែន​ធ្វើ​បឋកថា​សម្រាប់​អប់រំ​អគ្គរដ្ឋទូត​សហ​ភាព​អឺរ៉ុប​នៅ​ទី​នេះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ជូន​ជា​យោបល់ ព្រោះ​លោក​ជំទាវ​ធ្លាប់​ឲ្យ​អនុសាសន៍​មក​ខ្ញុំ​ដែរ។ ខ្ញុំ​ក៏​គួរ​ឲ្យ​អនុ​សាសន៍​ទៅ​លោក​ជំទាវតើ​គួរ​ធ្វើ​ម៉េច ដើម្បី​ដឹង​ពិត។ មាន​សិទ្ធិ​និយាយ»។

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ការ​ថ្លែង​របស់​លោក​ក្នុង​បរិបទ​អ្វី​ឡើយ។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​អំពី​បំណង«​បំផ្លាញ​»ផែន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដឹក​នាំ​ដោយ​លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​នេះ ដោយ​ជជែក​គ្នា​អំពីបញ្ហា​ប្រឈម​នៃ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ពេល​អនាគត។

គួរ​បញ្ជាក់​ថា​កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ សមា​ជិក​សភា​អឺរ៉ុប​ភាគ​ច្រើន​លើស​លប់ បាន​បោះ​ឆ្នោត​សម្រេច​លើ​ញត្តិ​មួយ ដោយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្រ្កាប​នយោបាយ​នៅ​កម្ពុជា។ សភា​អឺរ៉ុប​ឲ្យ​ដឹង​ថា​សមាជិក​សភា​អឺរ៉ុប​បាន​បង្ហាញ​«ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​ទៅ​លើ​ការ​ដើរ​ថយ​ក្រោយ​នៃ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣។

ពួកគេ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ជា​បន្ទាន់​លើ​លោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និង​មន្រ្តី​បក្ស​ប្រឆាំង​ផ្សេង​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG