ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​លោក កឹម សុខា ដូច​ការ​ស្នើ​សុំ​របស់​អយ្យការ​ទេ


លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវ​រំលាយ​ ចាក​ចេញ​ពី​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​ មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល​ រស្មី/វីអូអេ)​
លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវ​រំលាយ​ ចាក​ចេញ​ពី​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​ មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល​ រស្មី/វីអូអេ)​

ចៅ​ក្រមនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បានសម្រេច​មិន​ឃុំ​ខ្លួន​លោក​ កឹម សុខា ទៅ​តាម​ការ​ស្នើ​សុំ​របស់​ភាគី​តំណាង​អយ្យការ​ទេ​ ក្នុង​អំឡុង​ពេល​តុលាការ​បើក​សវនាការ​លើក​ទី​៤៦​របស់​មេដឹកនាំ​នយោបាយ​គណបក្ស​ជំទាស់​រូប​នេះ។

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស​ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ។ លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ និង​រង​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ។

នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ តុលាការ​មិន​បាន​សួរ​ដេញ​ដោល​ជុំវិញការ​ចោទ​ប្រកាន់​នេះ​ទេ ប៉ុន្តែ​បាន​ចោទ​សួរ​លោក ​កឹម សុខា​ អំពី​ការ​ចុះ​ជួប​សំណេះ​សំណាល​ក្រុម​អ្នក​គាំទ្រ​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ គឺ​ខេត្ត​កំពង់​ចាម សៀម​រាប និង​ខេត្ត​កំពត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ផែង ហេង​ សហ​មេធាវី​ការពារ​ក្តី​មួយ​រូប​របស់​លោក ​កឹម សុខា។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​ផែង ហេង ​និយាយ​ថាតុលាការ​បាន​សម្រេច​មិន​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក តែ​ថា​តុលាការ​បាន​ព្រមាន​កូន​ក្តី​លោក​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយដែល​លោក​ថា​មិន​មាន​ចែង​ច្បាស់​នៅ​ក្នុង​ច្បាប់។

លោក​លើក​ឡើង​ថា៖ «ជាមួយ​នេះ​ តុលាការ​បាន​ចេញ​សេចក្តី​សម្រេច​ក្នុង​នោះ​ដែរ​គឺ​ត្រឹម​កម្រិត​ព្រមាន​ដោយ​ឱ្យ​ក្រឡា​បញ្ជី​ចុះ​នៅ​ក្នុង​សៀភៅ​កំណត់ហេតុ​នៃ​សវនាការ​មិន​ឱ្យ​ឯកឧត្តម​ កឹម សុខា ធ្វើ​សកម្មភាព​ដទៃទៀត​ ដែល​នាំ​ឱ្យ​បំពាន​ទៅ​លើ​ដីការ​សម្រេច​របស់​តុលាការ។ ហើយ​តុលាការ​យល់​ថា​សកម្ម​ភាព​មួយ​ចំនួន​របស់​ឯកឧត្តម​ កឹម សុខា ហ្នឹង​អាច​ជា​រូប​ភាព​នៃ​សកម្មភាព​នយោបាយ។ ដូច្នេះ​ហើយ​ បាន​ក្រុម​ប្រឹក្សា​ក្រោយ​ពី​ជំនុំ​គ្នា​អស់​២០​នាទី​មក ក៏​ចេញ​មក​សម្រេច​៣​ចំណុច​ដូច​ខ្ញុំ​ជម្រាប​ខាង​លើ​ហ្នឹង។»​

សហមេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ​ផែង ហេង​ ធ្វើ​សន្និសីទ​ព័ត៌មាន​ ក្រោយ​សវនាការ​លើក​ទី​៤៦ របស់​លោក​ កឹម សុខា​ ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី​/វីអូអេ)
សហមេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ​ផែង ហេង​ ធ្វើ​សន្និសីទ​ព័ត៌មាន​ ក្រោយ​សវនាការ​លើក​ទី​៤៦ របស់​លោក​ កឹម សុខា​ ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី​/វីអូអេ)

បើ​តាម​លោក ​ផែង​ ហែង​ កូន​ក្តី​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​សៀម​រាប​ កំពង់​ចាម និង​កំពត តាម​ដាន​នៅ​ពេល​លោកជួប​ជុំ​ជាមួយ​ពលរដ្ឋ​ទទួល​ទាន​នំ​បញ្ចុក និង​ក្នុង​ពេល​លោក​មាន​វត្ត​មាន​នៅ​ទី​អារាម​ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ​ឬ​នៅ​ពេល​លោក​កំពុង​ស្ថិត​ក្នុង​ចម្ការ​របស់​លោក​ ឬ​ក្នុង​ពេល​លោក​ចូល​រួម​ពិធី​មង្គល​ការ។ ហើយ​សារ​របស់​លោក កឹម សុខា ដែល​ថ្លែង​នៅ​ខេត្ត​សៀម​រាប​អំពី​ការ​ផ្តាច់​ចំណង​ទាក់​ទង​គ្នា​ជាមួយ​នឹង​លោក ​សម រង្ស៊ី នោះ​ ក៏​ត្រូវ​បាន​តុលាការ​យក​មក​បង្ហាញក្នុង​សវនាការ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក​ លោក ​យី សុខសាន្ត ​ដែល​ចូល​រួម​ឃ្លាំ​មើល​សវនាការ​ លោក កឹម សុខា​ ថ្លែង​ថា​តុលាការ​គួរ​កំណត់​ឱ្យ​ច្បាស់​អំពី​ទម្រង់​នៃ​ការ​ជួបជុំ​ណា​មួយ​ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​សកម្មភាព​នយោបាយ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះឱ្យ​ដឹង​ទៀត​ថា​តុលាការ​មិន​គួរ​បន្ត​យក​រឿង​នយោបាយ​មក​កាត់​ក្តី​ ដែល​អាច​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ។ ​

លោក​ថ្លែង​ថា៖«ប្រសិន​បើ​យក​តុលាការ​សព្វថ្ងៃ​នេះ​យក​មក​កាត់​ទោស​រឿង​នយោបាយ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ»។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​កន្លង​មក​ទាំង​លោក កឹម សុខា​ និង​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូងចម្រាស​នេះ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការ​ផ្តល់​ឡើង​វិញ​នូវ​សេរីភាព​ និង​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ចូល​រួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ នេះ​បើ​តាម​ការ​អត្ថាធិប្បាយ​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក​ W. Patrick Murphy ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter ​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

នៅ​ពេល​តុលាការ​បន្ត​សវការ​លោក​ កឹម សុខា​ នៅ​ថ្ងៃ​ពុធ​នេះ​ ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ លោក​ Christian Berger ​លើកឡើង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter ថា​ស្ថាន​ទូត​បាន​ដឹង​ថា​អយ្យការ​ស្នើ​សុំ​ឱ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​កឹម សុខា។​

លោក​បន្ថែម​ថា៖ «​ខ្ញុំ​សង្ឃឹមថា​តុលាការ​នឹង​ពិចារណា​លើអ្វី​ទៅ​ដែល​ជា​ប្រយោជន៍​ជាតិ​ នៅ​ពេល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​សំណើ​នេះ»។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល​ មិន​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​នៅ​ថ្ងៃ​ពុធ​នេះ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ លោក ​អំ សំអាត​ ពន្យល់​ថា​បើ​តាម​នីតិវិធី​ រឿង​ក្តី​លោក ​កឹម សុខា​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ជំនុំជម្រះ ដូច្នេះ​ការ​ឃាត់​ខ្លួន​នឹង​មិន​ត្រូវ​បាន​ពិចារណា​ដោយ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទេ។​ លោក​ថា​ការ​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ដំណាក់​កាល​ស៊ើបសួរ​ បើ​តុលាការ​មាន​ការ​បារម្ភ​ថា​ជន​ជាប់​ចោទ​នឹងបង្ក​បទ​ល្មើស​ផ្សេង​ទៀត​ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម​នោះ៕

XS
SM
MD
LG