ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា​បញ្ជាក់​ជា​ថ្មី​ថា​លោក​នឹង​ទៅ​ចូលរួម​​សវនាការ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា


លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ដៃ​ជាមួយ​លោកស្រី Asa Erikkson ​សមាជិក​សភា​នៃ​ប្រទេស​ស៊ុយអែត​ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ អង្គារ​ទី​៧ ខែ​មករា ឆ្នាំ​២០២០។ (រូប​ផ្តល់​ឲ្យ​ដោយ មុត ចន្ថា)

មេដឹកនាំ​ក្រុម​ជំទាស់​គឺ ​លោក​ កឹម សុខា​ បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​ទៅ​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា​ខាង​មុខ​តាម​ ការ​កោះ​ហៅ​របស់​ចៅក្រម​ អំពី​សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​មុត ចន្ថា ​អ្នក​នាំពាក្យ​របស់​ លោក ​កឹម សុខា ​ក្រោយ​ជំនួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​សភា​មក​ពី​ប្រទេស​ ស៊ុយអែត និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ។

លោក​ កឹម សុខា ​បាន​ទទួល​ជួប​លោក​ស្រី ​Asa Erikkson ​សមាជិក​សភា​នៃ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​កាន់​អំណាច​ធំ​ជាង​គេ​នៅ​រាជាណាចក្រ​ស៊ុយអែត​ និង​លោក​ Jan Axel Nordlander​ ប្រធាន​សមាគម​ Cambodia​ Initiative មាន​មូលដ្ឋាន​នៅ​ស៊ុយអែត​ និង​ជា​អតីត​ឯក​អគ្គរាជទូត​ប្រចាំ​រាជាណាចក្រ​ថៃ ​និង​ឯក​អគ្គរាជទូត​ទទួល​បន្ទុក​សិទ្ធិមនុស្ស។​ នេះ​គឺ​ជា​ការ​ជួប​សម្តែង​ការ​គួរ​សម​ សួរ​សុខទុក្ខ និង​សំណេះសំណាល។​ លោក​ មុត ចន្ថា ​បាន​បន្ថែម​ថា​ លោក​ស្រី​ Asa Erikkson​ បាន​បញ្ជាក់​ថា ​ស្ថានឯកអគ្គរាជទូត​ស៊ុយអែត​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​តាមដាន​សវនាការ​របស់​លោក​ប្រធាន ​កឹម សុខា ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​២០២០ ​ខាងមុខ។

លោក ​មុត ចន្ថា ​បាន​បញ្ជាក់​ថា ​លោក ​កឹម សុខា ​ជា​អ្នក​ប្រតិបត្តិ​ច្បាប់​ ដូច្នេះ​លោក​នឹង​ទៅ​ចូលរួម​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ត្រូវ​ជាប់​ឃុំឃាំង​អស់​រយៈពេល​២​ឆ្នាំ​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​តែ​លោក កឹម សុខា បដិសេធ​ពី​ការ​ពាក់ព័ន្ធ។ ​តុលាការ​បាន​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។​ តែ​លោក​នៅ​មិន​ទាន់​សិទ្ធិ​ធ្វើ​នយោបាយ ​និង​ដើរ​ចេញ​ក្រៅ​ប្រទេស​នៅ​ឡើយ​ទេ។ លោក​ កឹម សុខា ​មាន​សិទ្ធិ​ត្រឹម​ដើរហើរ​ក្នុង​ប្រទេស​និង​ជួប​ជាមួយ​អ្នក​ការទូត​កន្លង​មក។ ​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​មុត ចន្ថា ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​លោក ​កឹម សុខា ​ធ្លាប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស៊ុយអែត​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ុយអែត ​កាល​ពី​ឆ្នាំ​១៩៩៤​ ក្នុង​នាម​លោក​ជា​សមាជិក​សភា​និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋសភា ​ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ការ​អនុវត្ត​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​គណៈប្រតិភូ​បាន​ទទួល​ស្គាល់​វិភាគទាន​ដែល​លោក ​កឹម សុខា​ បាន​ធ្វើ​លើ​វិស័យ​សិទ្ធិ​មនុស្ស​និងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា​ លោក ​កឹម សុខា​ នឹង ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​នានា​ ដើម្បី​បម្រើ​ ការពារ ​កសាង ​នូវ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG