សំណើសុំបង្កើតគណបក្សនយោបាយថ្មីមួយទៀត ត្រូវបានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាគំនិតផ្ដួចផ្ដើមរបស់បណ្ដាអតីតសមាជិកជាន់ខ្ពស់ និងសមាជិកថ្នាក់មធ្យមនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ។
គណបក្សនេះមានឈ្មោះថា «គណបក្សខ្មែរស្រឡាញ់ជាតិ»ដែលមានឈ្មោះកាត់ជាអក្សរឡាតាំង (CNLP) ស្រដៀងនឹងគណបក្សសង្គ្រោះជាតិ (CNRP) តំណាងគណបក្សថ្មីនេះបានអះអាងអំពីឯករាជ្យភាពខាងនយោបាយរបស់ពួកគេថាមិនមានអ្នកណានៅពីខាងក្រោយនោះទេ តែមិនបានបញ្ជាក់លម្អិតអំពីប្រភពហិរញ្ញវត្ថុនោះឡើយ។
ក្រុមសហស្ថាបនិក និងសមាជិកសរុបចំនួន២១នាក់ ដែលសុទ្ធសឹងជាបុរស បានកោះប្រជុំសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារសាន់វ៉េយ៍ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយបានអះអាងថាពួកគេមានបំណងរក្សាសំឡេងគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកតស៊ូនយោបាយ«ប្រឆាំងនឹងអំពើផ្ដាច់ការ និងអយុត្តិធម៌»។
ក្នុងចំណោមអ្នកទាំង២១នាក់នោះ ក៏មានផងដែរ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ គឺលោក ជីវ កត្តា និងលោក កង គឹមហាក់ បូករួមទាំងសមាជិកគណៈកម្មការនាយកនៃគណបក្សសង្រ្គោះជាតិ រួមមានលោក ខឺយ ស៊ីនឿន ដើម។ លោក ជីវ កត្តា បានថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីការបង្កើតបក្សថ្មីនេះថា៖
«បញ្ហាបង្កើតហ្នឹង គឺដោយសារតែយើងហ្នឹងអស់សង្ឃឹម...ដោយសារសំឡេងនិន្នាការនយោបាយប្រឆាំងជាមួយនឹងគណបក្សកាន់អំណាច និងការបែកបាក់យ៉ាងខ្លាំងរវាងអ្នកប្រជាធិបតេយ្យ ជាហេតុនាំឱ្យមានការព្រួយបារម្ភជាខ្លាំងសម្រាប់យើងទាំងអស់គ្នា»។
នៅពេលត្រូវបានចោទសួរថា «គណបក្សខ្មែរស្រឡាញ់ជាតិ» មានសង្ឃឹមប៉ុណ្ណាក្នុងនាមជាបក្សថ្មីថ្មោងក្នុងការប្រមូលយកការគាំទ្រ លោក ជីវ កត្តា បានលើកឡើងថា«ធ្វើអ្វីក៏ដោយ ត្រូវតែមានសង្ឃឹម»។
លោក ជីវ កត្តា និងលោក កង គឹមហាក់ ស្ថិតនៅក្នុងចំណោមមនុស្ស៩នាក់ដែលទទួលបានសិទ្ធិ ដើម្បីធ្វើសកម្មភាពនយោបាយឡើងវិញ ក្នុងចំណោមមន្រ្តីគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយ ភ្លាមៗបន្ទាប់ពីការរំលាយគណបក្ស កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
បើបូករួមទាំងគណបក្សខ្មែរស្រឡាញ់ជាតិ នេះផង មានគណបក្សនយោបាយយ៉ាងហោចចំនួនបីហើយ ដែលត្រូវបានបង្កើតដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ រួមមានគណបក្សឆន្ទៈខ្មែរ ដែលបានបង្កើតដោយលោក គង់ ម៉ូនីកា កូនប្រុសរបស់លោក គង់ គាំ ដែលបានបើកបក្សនេះចូលរួមការបោះឆ្នោតឆ្នាំ២០១៨ និងបច្ចុប្បន្នជាបក្សសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។
លោក រៀល ខេមរិន្រ្ទ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ បានបង្កើតគណបក្សខ្មែរអភិរក្សនិយម កាលពីខែកញ្ញា ឆ្នាំ២០១៩។
ទាំងបីគណបក្សដែលបានបង្កើតថ្មីនេះ សុទ្ធតែបានអះអាងថា ពួកគេធ្វើដូច្នេះ ដើម្បីបង្រួបបង្រួម និងរក្សាមូលដ្ឋាននៃការគាំទ្រគណបក្សសង្គ្រោះជាតិដែលធ្លាប់ជាបក្សគូប្រជែងដ៏ស្រួចស្រាល់ជាមួយគណបក្សប្រជាជនកម្ពុជា។
យ៉ាងណាក្ដី លោក ម៉ន ផល្លា សមាជិកគណៈកម្មការនាយករបស់បក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថា លោកមិនគាំទ្រការចេញទៅបង្កើតបក្សនយោបាយថ្មីនេះទេ។
ប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញរូបនេះ បានប្រាប់ VOA តាមទូរស័ព្ទពីកន្លែងលោករស់នៅជ្រកកោននៅក្រៅប្រទេសថា៖
«មែនទែនទៅ គឺគ្រាន់តែកំដរបរិយាកាស បំពេញលក្ខខណ្ឌឱ្យគណបក្សប្រជាជន[កម្ពុជា] ជាពិសេសបំពេញមហិច្ឆតារបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ»។
ការបង្កើតគណបក្សថ្មីនេះ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមមុខនឹងប្រទេសជាដៃគូនៅលោកខាងលិច ដែលបានបញ្ចេញប្រតិកម្មនឹងការការរំលាយគណបក្សសង្គ្រោះជាតិ ការធ្វើទុក្ខសង្គមស៊ីវិល និងបណ្ដាញផ្សព្វផ្សាយដែលមិនចំណុះនឹងរដ្ឋអំណាច ការចាប់ចង និងចោទប្រកាន់លោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិពីបទ«ក្បត់ជាតិ» និងការបោះឆ្នោតដែលគណបក្សប្រជាជនឈ្នះអាសនៈរដ្ឋសភាទាំង១២៥។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា វាជាប្រការ «មិនពិត» និងមានចរិត«លាបពណ៌»ចំពោះការដែលថាបក្សកាន់អំណាចស្ថិតនៅពីក្រោយការបង្កើតបក្សនយោបាយថ្មីទាំងនេះ។
លោក សុខ ឥសាន បានបន្ថែមថាគណបក្សប្រជាជនកម្ពុជា ស្វាគមន៍សកម្មភាពបង្កើតគណបក្សនយោបាយថ្មីនេះរបស់អតីតសមាជិកបក្សសង្គ្រោះជាតិ៖ «ជាសិទ្ធិសម្រេចរបស់ពួកគាត់ម្នាក់ៗជាពលរដ្ឋហ្នឹង គាត់ចង់ធ្វើសមាគមអីក៏បានដែរអាហ្នឹង»។
បើគិតត្រឹមថ្ងៃទី២ ខែមករានេះ មានគណបក្សនយោបាយសរុបចំនួន៤៤។ នេះបើយោងតាមលោក ឈឹម កាន ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃ។ លោកបន្តថាចំនួននេះមិនទាន់រាប់បញ្ចូល«គណបក្សខ្មែរស្រឡាញ់ជាតិ»ខាងលើនៅឡើយ តែថាក្រសួងមហាផ្ទៃបានទទួលរួចហើយពាក្យស្នើសុំបង្កើតគណបក្សនេះ។
«បាទ! យើងមើលលើនីតិវិធី ពាក្យបែបបទដែលគាត់ដាក់សំណើសុំមក យើងនឹងរៀបចំ។ បើសិនជាគាត់បំពេញគ្រប់លក្ខខណ្ឌច្បាប់កំណត់ហើយ យើងរៀបចំជូនគាត់ហើយ មិនអីទេ»៕