ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា៖ ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២០​ធ្លាក់​ត្រឹម​៦,៥%​ បើ​​បាត់​ EBA


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជជែក​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​ក្នុង​អំឡុង​ពេល​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។ វិស័យ​កាត់ដេរ​កន្លង​មក​ជា​វិស័យ​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​លើក​ឡើង​ថា ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០​នឹង​សម្រេច​បាន​ក្នុង​អត្រា​៦,៥​ភាគ​រយ ​ដែល​ថម​ថយ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩ ​ប្រសិន​បើ​រង​ឥទ្ធិពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»ឬ​ហៅ​ថា​ EBA។

ក្រសួង​បាន​បញ្ជាក់​ថា ​កំណើន​សេដ្ឋកិច្ច​នេះ ​ថមថយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩ ​ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​អាច​សម្រេច​បាន​៧,១​ភាគរយ។ ក្រសួង​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា៖ «កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ការ​ថម​ថយ​មក​ក្នុង​រង្វង់​អត្រា​៨,៩%​ក្នុង​ឆ្នាំ​២០២០​ធៀប​នឹង​១០,៧​% ក្នុង​ឆ្នាំ​២០១៩ ដោយសារ​ការ​រំពឹង​ទុក​នូវ​កំណើន​យឺត​នៃ​អនុ​វិស័យ​កាត់ដេរ និង​កំណើន​យឺត​បន្តិច​នៃ​អនុវិស័យ​សំណង់»។

ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បន្ថែម​ថា៖ «អនុ​វិស័យ​កាត់​ដេរ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន​ទាប ​ដោយសារ​ការ​ថមថយ​កំណើន​នៃ​សេដ្ឋកិច្ច​ពិភព​លោក​និង​ការ​រំពឹង​ទុក​នូវ​ផល​ប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​ដៃ​គូ​មួយ​ចំនួន»។ ​

បើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ដដែល ​«វិស័យ​សំណង់​ក៏​អាចប្រឈម​នឹង​ការ​កែ​តម្រូវ​ផ្នែក​ទីផ្សារ​ ដែល​នឹង​អាច​ធ្វើ​ឲ្យ​កំណើន​នៃ​វិស័យ​នេះ ​មាន​ការ​ថមថយ​ខ្លះ»។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ​វិស័យ​ឧស្សាហកម្ម​មិន​មែន​កាត់​ដេរ ​ដូច​ជា​ម្ហូបអាហារ ​និង​ភេសជ្ជៈ ​ឧស្សាហកម្ម​ដំឡើង​យានយន្ត ​គ្រឿង​បង្គុំ​អេឡិកត្រូនិក ​គ្រឿង​បន្លាស់ ​គ្រឿង​សង្ហារិម​ និង​ស៊ីម៉ង់ត៍​ជា​ដើម ​ទាំង​សម្រាប់​ប្រើ​ឲ្យ​ការ​នាំ​ចេញ ​និង​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក ​នឹង​មាន​សន្ទុះ​កំណើន​ខ្ពស់​ទាំង​ក្នុង​ទិដ្ឋភាព​នៃ​ការ​ពង្រីក​ការ​វិនិយោគ​ដែល​មាន​ស្រាប់ ​និង​ទាំង​ក្នុង​ទិដ្ឋភាព​នៃ​ការ​វិនិយោគ​ថ្មី។ ចំណែក​វិស័យ​សេវាកម្ម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន​យឺត ​ក្នុង​រង្វង់​៦,៤​ភាគ​រយ ធៀប​នឹង​៦,៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩។

អតិផរណា​ជា​មធ្យម​ប្រចាំ​ឆ្នាំ ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ស្ថិត​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ​ក្នុង​អត្រា​២,៩​ភាគរយ​ក្នុង​ឆ្នាំ​២០២០។

កាល​ពី​ពេល​ថ្មីៗ​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)បាន​ព្រមាន​ថា កម្ពុជា​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​ បើ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAដែល​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប​តាំង​ពី​ឆ្នាំ​២០០១។

មូលនិធិ ​IMFបាន​សរសេរ​ក្នុង​របាយការណ៍របស់​ខ្លួន​ថា​៖

«ការ​ព្យួរ[ឋានៈ​អនុគ្រោះ​ពន្ធ​ EBA]​នឹង​នាំ​ទៅ​រក​ការ​ធ្លាក់​ចុះ​ជា​អចិន្ត្រៃយ៍​នៃ​ផលិត​ផល​ ​និង​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​សម្រាប់​រយៈពេល​វែង​»។

មូលនិធិ​IMF​ក៏​បាន​ព្យាករណ៍​ថា​ ការ​នាំ​ទំនិញ​ចូល​ទៅ​សហភាព​អឺរ៉ុប​នឹង​ធ្លាក់​ចុះ​ប្រមាណ​១៣​ភាគរយ​ ជា​ចំនួន​ស្មើ​នឹង​ការ​ថយ​ចុះ​៥​ភាគរយ​នៃ​ការ​នាំចេញ​សរុប។ ហើយ​ផល​ប៉ះពាល់​នេះ​ នឹង​ធ្វើ​ឲ្យ​កំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ឬ GDPថយ​ចុះ​កម្រិត៣​ភាគរយ​ នៅ​ឆ្នាំ​ដំបូង​ដែល​កម្ពុជា​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ឲ្យ​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ ​បើ​សិន​ជា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​ស្តារ​ស្ថានការណ៍​ឱ្យ​មក​ដូច​ដើម​វិញ​ទេ។ ការ​សម្រេច​ជា​ចុង​ក្រោយ​ថា​ត្រូវ​ព្យួរ​ EBA ឬ​យ៉ាងណា នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ​«ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ក្នុង​នោះ​មាន​ការ​ចាប់​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឃុំឃាំង ​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​និង​ការ​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​១១៨​នាក់​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ថា ​ការ​សម្រេច​ដក​ឬ​មិន​ដក ​EBA​ នេះ ​ជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប ​ហើយ​ប្រទេស​កម្ពុជា​មិន​អាចធ្វើ​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «មិន​ដឹង​សម្រប​សម្រួល​យ៉ាង​ម៉េច បើ​គេ​អ្នក​ដាក់ យើង​មិន​ចង់​ឲ្យ​គេ​ដាក់​ណា។ ក៏​ប៉ុន្តែ​សហគមន៍​អឺរ៉ុប​ជា​អ្នកដាក់​តើ អាហ្នឹង​គេ​ប្រើ​អំណាច​របស់​គេ អាហ្នឹង​ជា​សិទ្ធិ​របស់​គេ»។

អ្នក​នាំពាក្យ​រូប​នោះ​បន្ត​ការ​ពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង​និង​បញ្ហា​សិទ្ធិមនុស្ស ​ដែល​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ។ លោក​បញ្ជាក់​ថា ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង លោក កឹម សុខា «គឺ​ជា​ការ​រំលោភ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ដែល​ជា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»។

លោក សុខ ឥសាន មាន​ប្រសាសន៍​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា​ដូច​វៀតណាម ដូច​ជា​ថៃ​អី គេ​មាន​EBA ណា​ គេ​ក៏​រស់​កើត​រហូត​មក​ដល់​បច្ចុប្បន្ន។ ហើយ​កម្ពុជា​អី​ក៏​អភ័ព្វ​ម្ល៉េះ ក៏​អត់​ EBA ​វា​ត្រូវ​ងាប់​ភ្លាម​នោះ វា​អត់​ត្រូវ​រឿង​ទេ»។ ទោះ​ជា​យ៉ាងណា លោក​ថា​លោក​កំពុង​រង់​ចាំ​មើល​ថា​តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​នឹង​ត្រូវ​ព្យួរ​ឬ​យ៉ាងណា​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

លោក​បណ្ឌិត​ មាស នី​ អ្នកវិភាគ​នយោបាយ​ យល់​ថា ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ហាក់​ដូច​ជា ​មិន​អាច​កើត​ឡើង​នោះ​ទេ ដោយសារ​គណបក្ស​សង្រ្គោះ​ជាតិ​បានកើន​ឡើង​ការ​គាំទ្រ​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​មើល​ឃើញ​ថា​ការ​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើង​វិញ គឺ​«ស្មើ​នឹង​ការ​លេប​ថ្នាំ​សម្លាប់​ខ្លួន​ឯង»​សម្រាប់​គណបក្ស​កាន់​អំណាច។

លោក​បាន​ថ្លែង​ថា៖ «វា​ជា​ការ​ពិបាក​ណាស់​ដែល​ឲ្យ​គណបក្ស​កាន់​អំណាច​(ធ្វើ​ឲ្យ​ស្ថានភាព​)វិល​ទៅ​រក​ភាព​ប្រក្រតីវិញ គឺ​ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​លើ​ស្ថិរភាព​អំណាច​របស់​ខ្លួន»។ លោក​បន្ត​ថា ប្រទេស​ចិន​ក៏​មិន​អាច​ជួយ​កម្ពុជា​នូវ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ក្នុង​រយៈ​ពេល​វែង​នោះ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG