ក្រុមមេធាវីការពារក្ដីរបស់លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ចង់ឃើញតុលាការកោះហៅសហរដ្ឋអាមេរិក មកបំភ្លឺសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលត្រូវបានចោទប្រកាន់ថាប្រទេសមហាអំណាចមួយនេះ នៅពីក្រោយគណបក្សប្រឆាំង ក្នុងគម្រោងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមមេធាវី៤រូបដែលការពារក្ដីឲ្យលោក កឹម សុខា បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា តុលាការមានសិទ្ធិក្នុងការកោះហៅសាក្សីដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ប៉ុន្តែលោកថា មិនទាន់មានសាក្សីបរទេសណាមួយដែលតុលាការបានកោះហៅនោះទេ។ លោកចង់ឲ្យតុលាការកោះហៅជនបរទេស ដែលលោកប្រហែលជាសំដៅលើអាមេរិក ឲ្យចូលមកបំភ្លឺ។
«រហូតដល់ពេលនេះយើងអត់ទាន់ឃើញតុលាការចេញដីកាកោះហៅជនបរទេស ឬក៏ថ្នាក់ដឹកនាំនៃរដ្ឋបរទេសណាមួយនៅឡើយទេ។ ប៉ុន្តែមេធាវីយើងចង់ឃើញឲ្យតុលាការធ្វើការកោះហៅ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់កូនក្ដីខ្ញុំគឺឯកឧត្ដម កឹម សុខា»។
ទោះយ៉ាងណា លោក ចាន់ ចេន បន្តថាលោកមិនទាន់បានពិភាក្សាជាមួយក្រុមមេធាវីរបស់លោក កឹម សុខា ថានឹងត្រូវស្នើឲ្យភាគីអាមេរិកចូលរួមឬយ៉ាងណានោះទេ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អ្នកស្រី Emily Zeeberg បដិសេធផ្ដល់ការអធិប្បាយលើបញ្ហានេះ។ ប៉ុន្តែកន្លងទៅ សហរដ្ឋអាមេរិកបានទាមទារឲ្យមានការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា។ សហរដ្ឋអាមេរិកក៏បានច្រានចោលការចោទប្រកាន់ថាខ្លួននៅពីក្រោយគណបក្សប្រឆាំង នៅក្នុងគម្រោងចោទប្រកាន់ដែលថាចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីកាត់ក្ដី លោក កឹម សុខា បន្ទាប់ពីការស៊ើបអង្កេតដែលបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយនោះ។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធផ្ដល់ការអធិប្បាយអំពីការកោះហៅសាក្សី ហើយលោកប្រាប់ឲ្យទាក់ទងទៅលោក អ៊ី រិន្ទ ដែលជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញដូចគ្នា។ VOA មិនអាចសុំការឆ្លើយតបពីលោក អ៊ី រិន្ទ បាននៅឡើយទេ។
កូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ធ្លាប់បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា បើមានការកាត់ទោសលោក កឹម សុខា សហរដ្ឋអាមេរិក មិនអាចទទួលយកបាននោះទេ ហើយអាចមានការឆ្លើយតបអវិជ្ជមានណាមួយពីសហរដ្ឋអាមេរិក។
យោងតាមដីកាកោះរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដែល VOA ទទួលបាន បុគ្គលពីររូបដែលជាសកម្មជន និងហ៊ានបញ្ចេញមតិ គឺលោក ម៉ា ចិត្រា និងអ្នកស្រី សរ ស៊ន ត្រូវបានកោះហៅមកធ្វើជាសាក្សីក្នុងសំណុំរឿងរបស់លោក កឹម សុខា។
លោក ម៉ា ចិត្រា និងអ្នកស្រី សរ ស៊ន សុទ្ធតែអះអាងថាពួកគេមិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ឡើយ ប៉ុន្តែនឹងចូលបំភ្លឺតាមដីកាកោះហៅនេះ។
លោក ម៉ា ចិត្រា អាយុ២៨ឆ្នាំ ប្រាប់ VOA ថាលោកមានការភ្ញាក់ផ្អើលនៅពេលទទួលបានដីកាកោះហៅរបស់តុលាការ ដោយអះអាងថា លោកមិនបានដឹងរឿងរ៉ាវពាក់ព័ន្ធនឹងលោក កឹម សុខា នោះទេ។
«ខ្ញុំមិនទាន់យល់ថាម៉េច ព្រោះអីមនុស្សយើងមិនដែលពាក់ព័ន្ធគ្នា ហើយដល់ពេលគេកោះហៅអ៊ីចឹងយើងមានតែឡើងតាមគេទៅ បើគេហៅហើយ។ បើសិនជាយើងរត់គេច វាមិនសម ព្រោះអីយើងចង់នៅមើលដំណើរការតុលាការហ្នឹងយ៉ាងម៉េច ថាតើតុលាការហ្នឹងនឹងផ្ដល់ភាពយុត្តិធម៌ដល់យើងដែរឬអត់»។
ចំណែកអ្នកស្រី សរ ស៊ន សកម្មជនដីធ្លីនៅសហគមន៍បុរីកីឡា ត្រូវគេសង្កេតឃើញថា បានចូលរួមជាញឹកញាប់ក្នុងការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅកាលពី៣ឆ្នាំមុន និងត្រូវបានតុលាការកោះហៅជាញឹកញាប់។
អ្នកស្រីយល់ថាការកោះហៅអ្នកស្រីជាសាក្សីនេះ គ្រាន់តែជាការបំភិតបំភ័យមកលើអ្នកស្រីតែប៉ុណ្ណោះ។
«មីងយល់ថាតុលាការគាត់ចេះតែធ្វើដើម្បីគាបសង្កត់កុំឲ្យប្រជាពលរដ្ឋហ៊ានធ្វើសកម្មភាពអីនៅក្នុងសហគមន៍អ៊ីចឹង។ កុំឲ្យហ៊ានណា ហើយអ៊ីចឹងសហគមន៍មីងក៏គេខ្លាចដែរ។ តាំងពីគេឧស្សាហ៍ហៅមីង ឡើងតុលាការអ៊ីចឹង គេខ្លាចអត់សូវហ៊ាននិយាយ អត់ហ៊ានធ្វើសកម្មភាពអីណា»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧។ កាលពីខែវិច្ឆិកា លោក កឹម សុខា ត្រូវបានតុលាការសម្រេចដកបម្រាមពីការឃុំឃាំងក្នុងផ្ទះ។ ប៉ុន្តែលោកត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងមិនត្រូវធ្វើសកម្មភាពនយោបាយ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបឬ European Union (EU) បាននិងកំពុងចាប់ផ្ដើមដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ដែលកម្ពុជាទទួលបាន បើសិនជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្តាស្ថានការណ៍មកដូចដើមវិញទេ។ ការសម្រេចជាចុងក្រោយរបស់ EU ថាត្រូវព្យួរ EBA ឬយ៉ាងណា នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០២០៕