ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រ​លោក កែម ឡី អំពាវ​នាវ​ឲ្យ​តម្កល់​រូប​សំណាក​របស់​លោក​នៅ​ទីលាន​ប្រជាធិបតេយ្យ


រូបសំណាក​លោក​ កែម ឡី​ អ្នកវិភាគ​ដ៏ល្បីល្បាញ​ ត្រូវ​បាន​ដាក់​តម្កល់​ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់​ ១០០​ថ្ងៃ​ របស់​លោក​ ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​ ១៤​ ខែ​តុលា ឆ្នាំ​២០១៦​នេះ។​ (ហ៊ុល រស្មី/VOA)
រូបសំណាក​លោក​ កែម ឡី​ អ្នកវិភាគ​ដ៏ល្បីល្បាញ​ ត្រូវ​បាន​ដាក់​តម្កល់​ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់​ ១០០​ថ្ងៃ​ របស់​លោក​ ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​ ១៤​ ខែ​តុលា ឆ្នាំ​២០១៦​នេះ។​ (ហ៊ុល រស្មី/VOA)

នៅ​ឯ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​ នៃការ​ស្លាប់​របស់​លោក​ អ្នកចូលរួម​ក្នុង​ពិធី​បុណ្យ​ជា​ច្រើន​ បាន​រំឮក​ដល់​សេចក្តី​ក្លាហាន​របស់​លោក​ ក្នុង​ការ​និយាយ​រិៈ​គន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ដែល​លោក​យល់​ថា​ នៅ​ហ៊ុំព័ទ្ធ​ ដោយ​អំពើ​ពុក​រលួយ​និង​ពុំទាន់​មាន​ប្រសិទ្ធិភាព​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើ​ប្រជារាស្ត្រ​ខ្មែរ។

អ្នក​ចូលរួម​ពិធី​បុណ្យ​ខួប​គម្រប់​ ១០០​ថ្ងៃ​ នៃ​ការស្លាប់​របស់​លោក​ កែម​ ឡី​ បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ ពួកគេ​គ្មាន​សង្ឃឹម​ថា យុត្តិធម៌​អាច​កើត​មាន​ដល់​អ្នកវិភាគ​ដ៏ល្បី​ល្បាញ​រូប​នេះ​ទេ។ ក៏ប៉ុន្តែ​ដើម្បី​ ជាការចង​ចាំ​ដល់​ការលះបង់​របស់​លោក​ក្នុង​ការ​និយាយ​រិៈគន់​កែលំអរ​រដ្ឋាភិបាល​ អ្នកចូលរួម​ពិធីបុណ្យ ទាមទារ​ឲ្យ​មាន​ការ​ត​ម្កល់​រូប​សំណាក​លោក​ កែម​ ឡី​ នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដ៏​ចម្រូង​ចម្រាស​ក្នុង​រាជធានី​ភ្នំពេញ។

ព្រះសង្ឃស​ម្តែង​ធម្មទេស​នា​ ក្នុងក្នុង​ពិធី​បុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ សព​លោក កែម ឡី។​ (ហ៊ុល រស្មី/VOA)
ព្រះសង្ឃស​ម្តែង​ធម្មទេស​នា​ ក្នុងក្នុង​ពិធី​បុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ សព​លោក កែម ឡី។​ (ហ៊ុល រស្មី/VOA)

ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​ កែម​ ឡី​ ដែល​ជា​អ្នកព្រមាន​អំពី​ភាព​ផុយ​ស្រួយ​នៃ​នយោ​បាយ​អន្តរជាតិ​ខ្មែរក្នុង​ការ​ពឹង​ផ្អែក​លើ​កម្ចី និង​ជំនួយ​ចិន​ បាន​ចាប់​ផ្តើម​ឡើង​ កាល​ពី​ថ្ងៃ​សុក្រ​ គឺ​ចំ​ថ្ងៃដែល​លោក​ប្រធានា​ធិបតី​ចិន​ Xi Jinping ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ការ​ធ្វើ​ទសន្សកិច្ច​ផ្លូវ​រដ្ឋរបស់​លោករយៈពេល​ពីរថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​។​

លោក​ កែម​ ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏សំខាន់​របស់​កម្ពុជា​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់កាល​ពី​ថ្ងៃ​ ទី​១០​ ខែ​កក្កដា​ នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ Caltex ក្បែរ​ស្តុប​បូកគោ​ ក្នុង​ខ័ណ្ឌ​ចំការមន។

អ្នកចូលរួម​ក្នុង​ពិធី​បុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ សព​លោក កែម ឡី​ ធ្វើ​ឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ ១៦​ខែតុលា​ ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)
អ្នកចូលរួម​ក្នុង​ពិធី​បុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ សព​លោក កែម ឡី​ ធ្វើ​ឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ ១៦​ខែតុលា​ ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)

នៅ​ឯ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​ នៃការ​ស្លាប់​របស់​លោក​ អ្នកចូលរួម​ក្នុង​ពិធី​បុណ្យ​ជា​ច្រើន​ បាន​រំឮក​ដល់​សេចក្តី​ក្លាហាន​របស់​លោក​ ក្នុង​ការ​និយាយ​រិៈ​គន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ដែល​លោក​យល់​ថា​ នៅ​ហ៊ុំព័ទ្ធ​ ដោយ​អំពើ​ពុក​រលួយ​និង​ពុំទាន់​មាន​ប្រសិទ្ធិភាព​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើ​ប្រជារាស្ត្រ​ខ្មែរ។

​ជាការ​ចង​ចាំ​ដល់​វីរៈភាព​ របស់​លោក​កែម ឡី អ្នក​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ខួប​គម្រប់​១០០​ថ្ងៃជូន​សពលោក​ កែម​ ឡី​ បាន​ប្រាប់​ VOA​ ថា​ ពួក​គេ​ចង់​ឲ្យមានការ​តម្កល់​រូប សំណាក​របស់​ អ្នកវិភាគ​រូបនេះ​ នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដែល​រៀប​ចំ​ឡើង​ដើម្បី​ឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ​ប្រមូល​ផ្តុំ​ សំដែង​មតិ។

​ពេល​ដើរ​ចេញពី​ទីន្លែង​ធ្វើ​បុណ្យ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ កញ្ញា​ ក្លឹម បូតា​ វ័យ​ ១៩ ឆ្នាំ​និយាយ​ថា៖

«ខ្ញុំគិត​ថា​ ខ្ញុំក៏ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ ខ្ញុំគិត​ថា​ ស្នាដៃ​របស់​គាត់​គឺ​មាន​ច្រើន​ណាស់​ ហើយ​ខ្ញុំ​គិត​ថា​គាត់​ គាត់​រូបសំណាក​គាត់​ ខ្ញុំ​ចង់​ឲ្យ​ដាក់​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​។​ ហេតុអី​?​ ដោយសារ​គាត់​ត្រូវ​បាន​គេ​ គោរព​ស្រឡាញ់​ច្រើន​។​ ខ្ញុំគិត​ថា​ ប្រសិន​ជាយើង​ដាក់​រូបគាត់​ យើង​ចង់​និយាយថា​ ធ្វើ​ឲ្យ​កូន​ខ្មែរ​ គ្រប់​រូប​បាន​ ឃើញ​គាត់​ នៅ​ខ្មែរ​ជំនាន់ៗ​ ក្រោយ​ទៀត​ និង​បាន​ឃើញ​ពី​គាត់​ហ្នឹង​ ថា​គាត់​ មិន​អាច​បំភ្លេច​គាត់​ ថា​គាត់​គឺ​ជា​វីរៈ​បុរស»។

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថតរូប​ជាមួយ​ព្រះសង្ឃ​ ក្នុង​រោងបុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ សព​ ​លោក កែម ឡី​ រៀបចំ​ឡើង​នៅ​ក្នុង​វត្តពោធិយ៉ារ៉ាម​ ហៅ​វត្ត​ចាស់​។​ (ហ៊ុល រស្មី​/VOA)
ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថតរូប​ជាមួយ​ព្រះសង្ឃ​ ក្នុង​រោងបុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ សព​ ​លោក កែម ឡី​ រៀបចំ​ឡើង​នៅ​ក្នុង​វត្តពោធិយ៉ារ៉ាម​ ហៅ​វត្ត​ចាស់​។​ (ហ៊ុល រស្មី​/VOA)

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិ​កោ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបាន​ចូលរួម​ពិធី​ខួប​គម្រប់​១០០​ថ្ងៃ​នេះ​ ដែរ​ មាន​ព្រះបន្ទូល​ប្រាប់​ VOA​ ថា​ ការ​តម្កល់​រូបសំណាក​លោក​ កែម​ ឡី​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ នឹង​កើត​មាននៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ ឈ្នះ​សម្លេង​ឆ្នោត​គ្រប់​គ្រាន់​សម្រាប់​ដឹកនាំប្រទេស។

«យើង​តស៊ូ​មតិ​ ចេះ​តែបាន​ហើយ​ ក៏ប៉ុន្តែ​គេកាន់​អំណាច​ ក៏ប៉ុន្តែ​ក្រោយ​ពីគណបក្ស​សង្គ្រោះ​ជាតិ​ ឈ្នាះ​ឆ្នោត​ យើង​នឹង​យក​រូបសំណាក​ហ្នឹង​ យក​មក​ដាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​ ពីព្រោះ​គាត់​ជា​និមិត្ត​រូប​ នៃ​សិទ្ធិ​សេរីភាព​ នៃ​ការ​បញ្ចេញ​មតិ​ និង​គោល​ជំហរ​លិទ្ធិ​ប្រជា​ធិបតេយ្យ»។

ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ដែល​បាន​លើកឡើង​ពី​ការ​ខាត​បង់​របស់​កម្ពុជាអំពី​ជំហរ​នយោបាយ​គំាទ្រ​ចិន​តែ​មួយ​របស់រដ្ឋាភិបាល​ បានកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ ពាក់​ព័ន្ធ​នឹង​របាយការណ៍​មួយ​របស់​អង្គការ​ Global Witness ​ដែល​បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ។

លោក​សៅ កុសល្យ​ សមាជិក​គណៈកម្មការ​រៀបចំបុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​ នៃ​សព​លោក​ កែម​ ឡី​ និយាយ​ជាមួយ​ VOA​ អំពី​ពិធីបុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ សព​ ​លោក កែម ឡី និង​ការ​តម្កល់​រូបសំណាក​លោក​ កែម ឡី​ នៅ​ឯខេត្ត​តាកែវ​។​ (ហ៊ុល រស្មី/VOA)
លោក​សៅ កុសល្យ​ សមាជិក​គណៈកម្មការ​រៀបចំបុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​ នៃ​សព​លោក​ កែម​ ឡី​ និយាយ​ជាមួយ​ VOA​ អំពី​ពិធីបុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ សព​ ​លោក កែម ឡី និង​ការ​តម្កល់​រូបសំណាក​លោក​ កែម ឡី​ នៅ​ឯខេត្ត​តាកែវ​។​ (ហ៊ុល រស្មី/VOA)

លោក​ សៅ​ កុសល្យ​ សមាជិក​គណៈកម្មការ​រៀបចំបុណ្យ​ខួប​គម្រប់​ ១០០​ថ្ងៃ​ជូន​សព លោក​ កែម ឡី​ ថ្លែង​ថា​ គណៈ​កម្មការ​មិន​ទាន់អាច​គិត​គូ​ អំពី​ការ​ស្នើ​សុំ​សាលា​រា​ជធានី​ភ្នំពេញ​ តម្កល់រូបសំណាក​លោក​ កែម​ឡី​ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ​ បន្ទាប់​ពី​សាលារាជធានី​បាន​បដិសេធ​មិន​ផ្តល់​ការ​អនុញ្ញាតិឲ្យ​តម្កល់រូប​សំណាក​នេះ​ ទៅ​នឹង​សំណើរ​របស់​អ្នក​តំណាងរាស្ត្រ​ប្រឆាំង​មួយ​រូប​គឺ​លោក​ អ៊ូ ច័ន្ទ​រ័ត្ន។

«ដូច្នេះ​ យើង​មិន​មាន​បំណង​ ក្នុង​ពេល​ខ្លីៗ​នេះ​ មិន​មាន​បំណង​សុំ​បន្ត​ដាក់​ទៀត​ទេ​ ប៉ុន្តែ​នៅ​អនាគត​ យើង​នឹង​ពិចារណា​ សុំដាក់​រូប​សំណាក​នៅ​ទីនោះ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ យើង​នឹង​មាន​ផែនការ​ថា​ រូបសំណាក​នេះ​ មិន​ត្រឹម​តែ​ដាក់​នៅ​ តម្កល់​ខេត្ត​តាកែវ​ទេ​ ប្រសិន​ជា​បង​ប្អូន​ ជនរួម​ជាតិ​ណា​ ដែល​មាន​លទ្ធភាព​ ហើយ​ផ្តល់​រូបសំណាក​ ជូនគណៈកម្មការ​បន្ត​ទៀត​ យើង​នឹង​សុំ​ដាក់​នៅបណ្តា​ខេត្ត​ ផ្សេង​ៗ​ទៀត​ដែល​ ទៅតាម​លទ្ធភាព​របស់​យើង និង​រូបដែល​មាន»។

សាលា​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​អំពីការ​ជំទាស់​របស់​ខ្លួន​មិន​ឲ្យ​មាន​ការ​តម្កល់​រូប​សំណាក​ លោក​កែម ឡី​ កាលពី​ចុង​ខែ​កញ្ញាថា​ កន្លង​មក​មាន​ប្រជាពលរដ្ឋ ជា​ពិសេស​មន្ត្រី​រាជការ​ និង​យុទ្ធ​ជន​ជា​ច្រើន​ បាន​ពលិកម្ម​យ៉ាង​ធំធេង​ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​ មាតុភូមិ​ បូរណភាព​ដែន​ដី​ និង​អធិបតេយ្យ​ភាព​ជាតិ​ ហើយ​រដ្ឋាភិបាល​បាន​លើក​តម្កើង​គុណ​បំណាច់​ និង​ស្នាដៃ​របស់​ពួក​គេ​ដោយ​គ្រាន់​តែ​បាន​កសាង​នូវ​ស្តូប​អនុស្សាវរីយ៍​រំឭក​គុណ​ជា​និមិត្ត​រូប​តែ​ប៉ុណ្ណោះ​ ដោយ​ពុំមាន​ការ​កសាង​រូប​សំណាក​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។

នៅ​ក្នុង​ពិធីបុណ្យខួបគម្រប់​១០០​ថ្ងៃ​ ដែល​ធ្វើឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ ​រូបសំណាក​លោក​ កែម​ ឡី​ ត្រូវ​បានតម្កល់​នៅ​ក្បែរ​កន្លែង​ព្រះសង្ឃ​ធ្វើ​ធម្ម​ទេសនា។ អ្នកចូលរួម​ពិធី​បុណ្យ​ត្រូវ​គេ​ឃើញ​មាន​ពាក់​អាវ​យឺត​ស​ ខ្មៅ​ រំលេច​ជាមួយ​នឹង​សម្តី​លោក​ កែម ឡី ដែល​និយាយ​ថា​ «ជូត​ទឹកភ្នែក​របស់​អ្នក​រួច​បន្ត​ដំណើរ​ទៅមុខ​ទៀត» និង​ សម្តី​របស់​លោកផ្សេង​ទៀត​ ដែល​និយាយថា​ «នៅ​ពេល​វិភាគ​ម្តងៗ​ ខ្ញុំ​មិន​ដែល​គិត​ថា​ ខ្ញុំ​នៅមាន​ជីវិត​ទេ»។ រូបថត​អនុស្សាវរីយ៍​ដែល​បង្ហាញពីការ​ចុះស្រាវ​ជ្រាវ​របស់​លោក​ ក្នុង​សហគមន៍​នានា​ ក៏​ត្រូវ​បាន​គេ​បិទ​នៅ​ក្នុង​រោងបុណ្យ​នោះ​ផង​ដែរ។

អ្នក​រៀបចំចាត់​ចែង​ពិធីបុណ្យ​ដដែល​នោះ​ ក៏បាន​បង្ហោះ​វីឌីអូ​រូបភាព​ នៃ​ពិធី​បុណ្យ​សព​លោក​ កែម ឡី​ និង​បាន​ចាក់​ផ្សាយ​ឡើងវិញ​ នូវការ​សន្ទនា​របស់​លោក​ កែម ឡី​ជា​មួយ​អ្នក​សារព័ត៌មាន​វិទ្យុ​និង​ទូរទស្សន៍។ មន្ត្រី​រដ្ឋា​ភិបាល​ មិន​ត្រូវ​គេ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​ពិធីបុណ្យ​នេះ​ទេ។

នៅមុន​ពេល​ដែល​លោក​ ត្រូវ​ គេ​បាញ់​ស្លាប់​ លោក​កែម​ ឡី​ បាន​ផ្តល់​មតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ថ្លឹង​ថ្លែង​ឲ្យ​បាន​សមស្រប​ចំពោះ​ទំនាក់​ទំនង​ចិន​និង​បស្ចិម​ប្រទេស​ ដើម្បី​ឲ្យ​កម្ពុជា​មាន​តុល្យភាព​នៃ​ទំនាក់​ទំនង​ការ​បរទេស​ ដែល​ជា​កតា្ត​ចាំបាច់​មួយ​ឲ្យ​កម្ពុជា​ឈរ​នឹង​នរ​បាន​ ទោះ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ប្លុក​សេរី​និង​កុម្មុយ​នីស្ត។​

នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ ពិធី​បុណ្យ​ខួប​គម្រប់​ ១០០​ថ្ងៃ​ នា​ថ្ងៃ​អាទិត្យ​នេះ​ រូប​សំណាក​ លោក​ កែម​ ឡី​ នឹង​ត្រូវ​ដង្ហែ​យក​ទៅ​តម្កល់​ក្នុង​ខេត្ត​ តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​លោក៕

XS
SM
MD
LG