ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​សើរើ​ការសម្រេច​ឲ្យ​មាន​ការប្រារព្ធ​បុណ្យ​ខួប​១០០​ថ្ងៃ​របស់​លោក កែម ឡី នៅ​វត្ត​ចាស់

  • ហ៊ាន សុជាតា

រូបឯកសារ៖ ប្រជាពលរដ្ឋ​អុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​​នៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។​ (ឡេង ឡែន/VOA)

​ក៏ប៉ុន្តែ​ ​ការ​សម្រេច​អនុញ្ញាតិ​ចុង​ក្រោយ​​នេះ​គឺ​ធ្វើ​ឡើង​ភ្លាមៗ​ ​ក្រោយ​ពី​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ ​លោក​ ប៉ា​ សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ និង​គណៈកម្មការ ​រៀបចំ​បុណ្យខួប​ ១០០​ថ្ងៃ របស់​លោក​ កែម ឡី។​

សាលា​រាជធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​អនុញ្ញាតិឲ្យ​ប្រារព្ធបុណ្យ​ខួប​ ​១០០​ថ្ងៃ​ លោក កែម ឡី ​នៅ​វត្ត​ពោធិយ៉ារ៉ាម​ ​ហៅវត្តចាស់​ រយៈ​ពេល​បីថ្ងៃ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ។​

​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ សាលា​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​មិន​អនុញ្ញាតិ​ ​ឲ្យ​ពិធី​បុណ្យ​សព​១០០​ថ្ងៃ​របស់​ ​លោក​កែម ​ឡី​ អតីត​អ្នកវិភាគ​ដែល​រិះគន់​រដ្ឋាភិបាល​និង​គណ​បក្ស​ជំទាស់​ផង​នោះ។​

​ក៏ប៉ុន្តែ​ ​ការ​សម្រេច​អនុញ្ញាតិ​ចុង​ក្រោយនេះ​គឺ​ធ្វើ​ឡើង​ភ្លាមៗ​ ​ក្រោយ​ពី​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ ​លោក​ ប៉ា​ សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ និង​គណៈកម្មការ ​រៀបចំ​បុណ្យខួប​ ១០០​ថ្ងៃ របស់​លោក​ កែម ឡី។​

​លោក​ មាន​ ចាន់យ៉ាដា​ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA ថា​ ​កន្លង​មក​សាលា​ក្រុងមិន​បាន​បដិសេធ​ដាច់​អហង្កា​ចំពោះ​ការ​រៀប​ចំ​ពិធី​បុណ្យ​របស់​លោក​កែម ឡី​ នោះ​ទេ​ ​គ្រាន់​តែ សាលា​ក្រុងទាម​ទារ​ឲ្យ​មាន​ការ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់ អំពី​ការ​រៀប​ចំ​ពិធី​បុណ្យ​នោះ​ប៉ុណ្ណោះ។

«ជំហរ​របស់​យើង​កន្លង​មក​ ក៏​យើង​មិន​បាន​ហាម​ឃាត់​មិន​ឲ្យ​គាត់​ធ្វើ​បុណ្យ​ដែរ​។ ក៏​ប៉ុន្តែ​ដូច​ខ្ញុំ​ធ្លាប់​ជម្រាប​ជូន​កន្លង​មក​ គណៈកម្មការ​ដែល​ដាក់​មក​សាលា​រាជធានីភ្នំពេញ​អត់​ទាន់​មាន​ភាព​ច្បាស់​លាស់ ហើយ​មិន​ទាន់មាន​ការ​សហការ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​កែម​ ឡី​។​ ក្រោយ​ពី​ព្រឹកមិញ​ យើង​បាន​ពិភាក្សា​គ្នា​ ឃើញ​គាត់​បង្ហាញ​ជំហរ​ច្បាស់លាស់​ ហើយ​គ្មាន​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​។​ យើង​បាន​អនុញ្ញាតិ​ឲ្យ​គាត់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់​»។​

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​លើក​ទី​១​ ​រយៈពេល​ប្រមាណ​២​ម៉ោង​នាព្រឹក​នេះ​ ​សាលា​រាជធានី​ភ្នំពេញ​បានកំណត់​ថា ការ​ដង្ហែ​រូប​សំណាក់​លោក​ កែម​ ឡី ​ទៅ​ខេត្ត​តាកែវ ​ត្រូវ​ហែល​ចេញ​ពី​ចំនុច​វត្ត​ចាស់ ​បន្ត​ទៅ​កាន់​រង្វង់មូល​ចោម​ចៅ​ ​រួច​ទើបឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ​។​ ​ការ​កំណត់របស់​សាលា​រាជធានី​ភ្នំពេញ​បែប​នេះ​នេះ​ ​គឺ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ភ្នំពេញ​ ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្វាគមន៍​ទស្សកិច្ច​ផ្លូវ​ការ​របស់​លោកប្រធានាធិបតី​ចិន​ លោក​ Xi Jinping ​(ស៊ី ជិនពីង)​ និង​មាន​ការ​រៀប​ចំកម្មវិធីបុណ្យព្រះបរម​រតនកោដ្ឋ​នរោត្តម​សីហនុ ​គម្រប់​ខួប៤​ឆ្នាំ​នា​ពេល​ខាង​មុននេះ។​

​តំណាង​គណៈកម្មការ​រៀបចំ​បុណ្យខួប​ ១០០ថ្ងៃ ​លោក​ កែម​ ឡី គឺ​ លោក​ ប៉ាង ងួនទៀង​ ​បាន​ប្រាប់​VOA​ ​ឲ្យ​ដឹង​ថា​ ​សាលា​ក្រុង​ភ្នំពេញ​ ​បាន​យល់ព្រម​ឲ្យ​មាន​ការប្រារព្ធបុណ្យ​ខួប​១០០​ថ្ងៃ​ លោក កែម ឡី ​ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​យល់​ច្បាស់ពី​បំណងរបស់​គណៈ​កម្មការ​បុណ្យ​ ​និង​ដឹង​ពី​ការ​រៀបចំ​កម្មវិធីបុណ្យ​នោះ។​

«ក្រោយ​ពីគណៈកម្មការ​បង្ហាញ​ជំហរ​ច្បាស់​លាស់​ទៅ​ ហើយសាលា​ក្រុង​ក៏​បាន​ពិចារណា​ឡើង​វិញ​។ ហើយ​ក្រោយ​ពី​មាន​ការ​ជួប​ជជែក​គ្នា​ ​មាន​ការ​យល់​ពី​គោល​បំណង​របស់​គណៈ​កម្មការ។ ​គណៈ​កម្មការ​ ក៏​បាន​ពន្យល់​ទៅ​សាលា​ក្រុង​ដែរ​ថា​ អ្វី​ដែល​យើង​ធ្វើនេះ គឺ​ធ្វើបុណ្យសុទ្ធសាធ​ អត់​មាន​គោល​បំណង​ធ្វើ​បាតុកម្ម ​ឬ​ទាម​ទារ​អ្វី​ទាំង​អស់​»។ ​

កម្មវិធី​បុណ្យ​ខួប​១០០​ថ្ងៃ​ របស់​លោក​ កែម ​ឡី ​មាន​រយៈពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា​ នៅ​វត្ត​ចាស់​ ​ជា​ទីតាំង​ដាក់តម្កល់សព​លោក​ កែម ឡី មុន​ពេល​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោកក្នុង​ខេត្តតាកែវ។​ ​កម្មវិធី​បុណ្យ​នេះ​ ​នឹង​ធ្វើ​ឡើង​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា ​ដោយ​មាន​ការ​តាំង​ពិព័រណ៍​រូបថត​ និង​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​វិភាគ​បញ្ហា​សង្គម​ផ្សេងៗ​ ​ដែល​លោក​បណ្ឌិត​ កែម ឡី​ ធ្លាប់​បាន​ធ្វើ​នៅ​ពេល​ដែល​លោក​នៅ​មាន​ជីវិត​រស់នៅ។ ហើយ​ការ​ដង្ហែ​រូប​សំណាក់​លោក​ កែម​ ឡី ​ទៅ​កាន់​ខេត្ត​តាកែវ​ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ។ នេះបើតាម​ការ​ឲ្យ​ដឹង​របស់​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប។​

លោក​ កែម ឡី​ អតីត​អ្នកវិភាគ​ដី​ល្បីល្បាញ ត្រូវបាន​ខ្មាន់កាំភ្លើង​ បាញ់ស្លាប់​នៅ​នឹង​កន្លែង​កាល​ពី​ថ្ងៃទី​១០​ ​ខែ​កក្កដា​ ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។​ ​គ្រួសារ​របស់​លោក​កែមឡី​ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដោយ​សារ​ការភ័យ​ខ្លាច។​ ​មកដល់​ពេល​បច្ចុប្បន្ន​មាន​តែ​ជន​សង្ស័យ​ម្នាក់គត់ដែល​ត្រូវ​បាន​គេ​ឃាត់​ខ្លួន៕

XS
SM
MD
LG