ចៅអធិការវត្តពោធិយារាម ហៅវត្តចាស់ និងគណៈកម្មការវត្តបានច្រានចោលមិនឲ្យមានការធ្វើពិធីបុណ្យខួបគម្រប់១០០ថ្ងៃសពលោក កែម ឡី ដោយបានឯកភាពទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យមានការធ្វើពិធីបុណ្យនេះឡើយ។ នេះបើយោងទៅតាមលិខិតរបស់ព្រះតេជគុណ មាស សាខន ចៅអធិការវត្តចាស់ ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទនេះ។
លិខិតរបស់ព្រះតេជគុណ មាស សាខន ធ្វើឡើង នៅខណៈដែលសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការរៀបចំបុណ្យគម្រប់ខួប១០០ថ្ងៃ នៃការស្លាប់លោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញនេះ នឹងមកដល់។
ព្រះតេជគុណ មាស សាខន មានសង្ឃដីកានៅក្នុងលិខិតបញ្ជាក់ពីការសម្រេចរបស់វត្តចាស់មិនឲ្យមានការធ្វើពិធីបុណ្យនោះថា៖
«ប្រសិនជាគណៈកម្មការរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ សពលោក កែម ឡី ឬមានបុគ្គល និងក្រុមណាមួយនៅតែរៀបចំពិធីខាងលើ អាត្មាភាពចៅអធិការ គណៈកម្មការវត្ត សូមមិនទទួលខុសត្រូវ និងសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ចែងវិធានការរដ្ឋបាល។
VOAព្យាយាមសុំការអធិប្បាយពីសមាជិកគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ សពលោកកែម ឡី ជាច្រើននាក់នាយប់ថ្ងៃច័ន្ទនេះ តែមិនទាន់អាចទាក់ទងបានទេ។
ប៉ុន្តែទោះជាយ៉ាងណា កាលពីពេលកន្លងមក ក្រុមសមាជិកគណៈកម្មការរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃការស្លាប់លោក កែម ឡី បានឲ្យដឹងថា ពិធីបុណ្យនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែតុលា។ ការដង្ហែរូបសំណាកលោក កែម ឡី ទៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកនឹងត្រូវធ្វើឡើងនៅថ្ងៃចុងក្រោយនៃពិធីបុណ្យនេះ។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ VOA នាយប់ថ្ងៃច័ន្ទថា សាលារាជធានីនឹងមិនអនុញ្ញាតឲ្យមានការធ្វើពិធីបុណ្យខួបគម្រប់១០០ថ្ងៃនេះ នៅវត្តចាស់នោះឡើយ ហើយថា ក្រុមគ្រួសារសពលោក កែម ឡី អាចចាត់ចែងធ្វើពិធីបុណ្យនេះនៅទីតាំងផ្សេង។
លោកមិនអាចបញ្ជាក់ថា តើសាលារាជធានីនឹងមានវិធានការបែបណា ប្រសិនបើគណៈកម្មការរៀបចំបុណ្យចចេស ធ្វើពិធីបុណ្យនៅវត្តចាស់ដដែលនោះ។
ការបាញ់សម្លាប់លោក កែម ឡី ទាំងកណ្តាលថ្ងៃក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ៕