ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករិះគន់​រដ្ឋាភិបាល​ខ្មែរ ត្រូវ​បាន​បាញ់​ស្លាប់ ដោយ​ប៉ូលិស​និយាយ​ថា ដោយសារ​រឿង​លុយកាក់


ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក កែម ឡី អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​សម្លាប់​នៅ​ហាង​លក់​ទំនិញ​តូច​មួយ​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ហើយ​អ្នក​បាញ់​រូប​លោក ក៏​ត្រូវ​​បាន​ចាប់​ខ្លួន ក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​នេះ​ដែរ។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ ​គៀត ច័ន្ទ​ថា​រិទ្ធ។

អ្នក​វិភាគ​នយោបាយ​ខ្មែរ​ ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ដ៏​ល្បីល្បាញ​ម្នាក់ ​ ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​ប៉ូលិស​និយាយ​ថា ដោយសារ​ទំនាស់​ផ្ទាល់ខ្លួន​រឿង​លុយ​កាក់។

លោក កែម ឡី អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​សម្លាប់​នៅ​ហាង​លក់​ទំនិញ​តូច​មួយ​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ហើយ​អ្នក​បាញ់​រូប​លោក ក៏​ត្រូវបាន​ចាប់​ខ្លួន ក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​នេះ​ដែរ។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ ​គៀត ច័ន្ទ​ថា​រិទ្ធ។

លោក គៀត ច័ន្ទ​ថា​រិទ្ធ​ ថ្លែង​ថា ជនសង្ស័យ​ បាន​អះអាង​ថា ខ្លួន​បាន​បាញ់​លោក កែម ឡី ដោយសារ​ លោក​ កែម ឡី មិន​បាន​សង​ប្រាក់​ដែល​លោក​បាន​ខ្ចី​ពី​ជន​សង្ស័យ​រូប​នេះ។

មនុស្ស​ម្នា​រាប់​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ នៅ​កន្លែង​កើតហេតុ រួម​ទាំង​ភរិយា​និង​កូន​យ៉ាង​តិច​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​បួន​នាក់​របស់​លោក កែម ឡី​ ផង​ដែរ។

ពួកគេ បាន​រៀបចំ​ពិធី​គោរពវិញ្ញាណក្ខន្ធ​បណ្ដោះអាសន្ន​ដោយ​ដាក់​ផ្កា​នៅ​លើ​រថយន្ត​មួយ ហើយ​បាន​ប្រកែក មិន​ឲ្យ​ឡានពេទ្យ ដឹក​សាកសព​លោក កែម ឡី​ចេញ​ទៅ​ទេ។ ផ្ទុយ​ទៅវិញ ហ្វូង​មនុស្ស​ម្នា​ទាំង​នេះ បាន​ដឹក​និង​ដង្ហែ​សាកសព​របស់​លោក​ទៅកាន់​វត្ត​ព្រះពុទ្ធ​សាសនា​មួយ។

ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

អ្នក​ឈរ​មើល​ខ្លះ​ និយាយ​ថា ពួកគេ​បារម្ភ ខ្លាច​ក្រែង​អាជ្ញាធរ ព្យាយាម​បូជា​សាកសព​លោក កែម ឡី ដោយ​មិន​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ក៏ ពុំ​មាន​ពិធី​បូជា​សព​ណាមួយ។

ការ​បាញ់​សម្លាប់​នេះ កើតឡើង​ក្នុង​គ្រា​មួយ ដែល​មាន​ភាព​តានតឹង​ខាង​នយោបាយ ដែល​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​មុន ដោយ​មាន​ការ​ដាក់​សម្ពាធ​ផ្លូវច្បាប់​និង​ការ​គាប​សង្កត់​ផ្សេងៗ​ទៀត ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក កែម ឡី បានបញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ជារឿយៗ ហើយ​មនុស្សម្នា បាន​ស្គាល់​រូប​លោក ដោយសារ​លោក បាន​និយាយ​ជា​ញឹកញាប់ តាម​វិទ្យុ​អាស៊ី​សេរី និង​VOA ជា​ភាសាខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព។

វិទ្យុ​ទាំង​ពីរ​នេះ ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អាមេរិកាំង គឺ​ស្ថិត​ក្នុង​ចំណោម​ប្រភព​ផ្ដល់​ព័ត៌មាន​ឯករាជ្យ​តែ​ពីរបី​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា។

លោក កែម ឡី ក៏​ត្រូវ​បាន​ដកស្រង់​សម្តី​ជា​ញឹកញាប់តាម​កាសែត​ឯករាជ្យ​ដែល​មាន​ចំនួន​តិចតួច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

បទ​អត្ថាធិប្បាយ​ចុងក្រោយ​បំផុត​របស់​លោក កែម ឡី គឺ​និយាយ​អំពី​របាយការណ៍​មួយ ដែល​បាន​ចេញផ្សាយដោយ​ក្រុម​ស្រាវជ្រាវ​និង​តស៊ូ​មតិ​មួយ​ឈ្មោះ​ Global Witness មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

របាយការណ៍​របស់​Global Witness បាន​ចោទ​ថា​ លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​គាត់ បង្កើន​ទ្រព្យសម្បត្តិ​តែ​ខ្លួន​និង​ក្រុម​គ្រួសារ​ខ្លួន​ឯង ហើយ​រក្សា​អំណាច តាម​រយៈ​អំពើ​ពុករលួយ។

សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រសួង​មហាផ្ទៃ បាន​ថ្កោលទោស​ ការ​បាញ់​សម្លាប់​លោក កែម ឡី ហើយ​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​បាញ់​រូប​លោក ថា​ឈ្មោះ ជួប សម្លាប់ អាយុ​ ៣៨​ឆ្នាំ ជា​កម្មករ​ខ្មែរ​ ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ក្រសួងមហាផ្ទៃ បាន​សន្យា​ថា នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​កំណត់​ថា​តើ​ការ​បាញ់សម្លាប់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សមគំនិត​ណាមួយ​ឬ​យ៉ាង​ណា ហើយ​ក្រសួង ក៏​បាន​ស្នើ​ឲ្យ​សាធារណជន កុំ​ទាន់​អាល​សន្និដ្ឋាន​ជាមុន​អំពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ។

ក្នុង​ការ​បង្ហោះ​តាម​ទំព័រ ​Facebook លោក ហ៊ុន សែន ក៏​បាន​ថ្កោលទោស​ការ​បាញ់​សម្លាប់​នេះ​ ហើយ​បាន​ថ្លែង​ថា លោក បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់​មួយ។

​វីដេអូ របស់​ប៉ូលិស​ដែល​សួរ​សំណួរ​ទៅ​ជន​សង្ស័យ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ ​Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​នោះ​ បង្ហាញ​បុរស​ជា​ជន​សង្ស័យ​នោះ​ អះអាង​ថា លោក កែម ឡី បាន​ខ្ចី​លុយ​៣ពាន់​ដុល្លារ ពី​គាត់ ដើម្បី​ជួយ​អ្នក​ក្រ ប៉ុន្តែ បុរស​នោះ អះអាង​ថា លោក កែម ឡី មិន​បាន​យក​ទៅ​ជួយ​អ្នក​ក្រ​ទេ។

គេ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ ថា​តើ​ការ​អះអាង​របស់​បុរស​នោះ មាន​ទាក់ទង​នឹង​ការ​ជាប់ពាក់ព័ន្ធ​របស់​លោក កែម ឡី នៅ​ក្នុង​ការ​រៀបចំ​បណ្ដាញ​នយោបាយ​ថ្នាក់​មូលដ្ឋាន នៅ​តាម​ទី​ជនបទ​ដែរ​ឬ​យ៉ាង​ណា​នោះ។

ជន​សង្ស័យ​រូប​នេះ ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បាន​ទិញ​កាំភ្លើង​ខ្លី ដែល​ខ្លួន​បាន​ប្រើ​ ដើម្បី​សម្លាប់​លោក កែម ឡី នៅ​ប្រទេស​ថៃ។

អំពើ​ហិង្សា បាន​ក្លាយ​ជា​ផ្នែក​ដ៏​លេចធ្លោ​មួយ​នៅ​ក្នុង​នយោបាយ​ខ្មែរ​ ទោះ​បី​ជា​ ​វា​កើតឡើង​ជារឿយៗ​នៅ​តាម​ជន​បទ​ ដែល​មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក៏​ដោយ ។

សកម្មជន​និង​សមាជិក​គណបក្ស​ប្រឆាំង ជា​ញឹកញាប់​ គឺ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ ហើយ​អ្នក​វាយប្រហារ​ កម្រ​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ណាស់។

លោក កែម ឡី គឺ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល ដ៏​លេចធ្លោ​ជាងគេបង្អស់​ ដែល​ត្រូវ​បាន​សម្លាប់ ចាប់តាំង​ពី​ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា កាលពី​ឆ្នាំ​២០០៤​មក។​

លោក កែម ឡី អ្នក​វិភាគ​សង្គម ចូលរួម​ពិភាក្សា​អំពី​អត្ថន័យ​នៃ​បដិវត្ត​ពណ៌ និង​សេរីភាព​តវ៉ា​នៅ​កម្ពុជា នៅក្នុង​កម្មវិធី​ Hello VOA នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
លោក កែម ឡី អ្នក​វិភាគ​សង្គម ចូលរួម​ពិភាក្សា​អំពី​អត្ថន័យ​នៃ​បដិវត្ត​ពណ៌ និង​សេរីភាព​តវ៉ា​នៅ​កម្ពុជា នៅក្នុង​កម្មវិធី​ Hello VOA នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

កាល​ពី​ឆ្នាំ​ ២០១២ សកម្មជន​ការពារ​បរិស្ថាន​ លោក ឈុត វុទ្ធី​ ក៏​ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​ទាហាន​ដែរ។

នៅ​ឆ្នាំ​១៩៩៧​ ការ​បោក​គ្រាប់បែក​ទៅលើ​ហ្វូង​បាតុករ ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៦​នាក់ និង​ធ្វើ​ឲ្យ​របួស​ជាង​១០០​នាក់​ទៀត ដោយ​គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​នាំ​ខ្លួន​ យក​មក​កាត់​ទោស​នោះ​ទេ។

ឆ្នាំ​មុន អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ពីរ​នាក់ ត្រូវ​បាន​ទាញ​ចេញ​ពី​រថយន្ត​របស់​ពួកគេ ហើយ​ត្រូវ​បាន​វាយ​ដុំ​យ៉ាង​ដំណំ​ដោយ​សមាជិក​នៃ​ហ្វូង​មនុស្ស​ដែល​គាំទ្រ​រដ្ឋាភិបាល។​

នៅ​ក្នុង​ករណី​ទាំង​ពីរ​នេះ អ្នក​រិះគន់ បាន​ចោទប្រកាន់​ថា សមាជិក​នៃ​កង​អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន មានជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នេះ។

លោក សម រង្ស៊ី បច្ចុប្បន្ន​ កំពុង​រស់នៅ​និរទេស​ខ្លួន​ ដើម្បី​គេច​ចេញ​ពី​អ្វី​មួយ ដែល​លោក​អះអាង​ថា ជា​ការកាត់​ទោស​ ដែល​មាន​លក្ខណៈ​នយោបាយ ហើយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា បាន​រស់នៅ​ក្នុង​ទីស្នាក់ការ​បក្ស​ អស់​ជាច្រើន​សប្ដាហ៍​មក​ហើយ ដោយ​ព្យាយាម​គេចពី​អ្វី​មួយ​ដែល​លោកនិយាយ​ថា ជា​ករណី​ក្លែង​បន្លំ ប្រឆាំង​នឹង​រូប​លោក​ដែរ។

គណបក្ស​របស់​លោក សម រង្ស៊ី ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សម្ដែង​មរណទុក្ខ ចំពោះ​ការ​ស្លាប់​លោក កែម ឡី ដោយ​ស្ងើចសរសើរ​រូប​លោក ថា​ជា​មនុស្ស​ម្នាក់ ដែល​ធ្វើ​ការងារ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​សេដ្ឋកិច្ច​របស់​កម្ពុជា៕

XS
SM
MD
LG