ប្រធានាធិបតីប្រទេសកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសរបស់លោក បានកម្ទេច«ការប៉ុនប៉ងធ្វើរដ្ឋប្រហារ»មួយក្នុងអំឡុងពេលនៃអំពើហិង្សាជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះ កាលពីសប្តាហ៍មុន និងបានបញ្ជាក់ថា កងទ័ពដែលដឹកនាំដោយប្រទេសរុស្ស៊ី ដែលត្រូវបានស្នើឲ្យជួយបង្រ្កាបភាពចលាចលនេះ នឹងត្រូវត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ «ក្នុងពេលឆាប់ៗខាងមុខនេះ»។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំតាមអនឡាញរបស់មេដឹកនាំនៃបណ្ដាប្រទេសមួយចំនួនដែលធ្លាប់ស្ថិតក្រោមចំណុះសហភាពសូវៀត ដែលមានសម្ព័ន្ធភាពយោធាជាមួយគ្នា ហើយដែលត្រូវបានស្នើឲ្យជួយធ្វើអន្តរាគមន៍នៅក្នុងប្រទេសកាហ្សាក់ស្ថាននេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ថា កងទ័ពទាំងនោះ នឹងចាកចេញពីប្រទេសកាហ្សាក់ស្ថានវិញ នៅពេលណាដែលបេសកកម្មរបស់ពួកគេបានបញ្ចប់។
ប្រទេសកាហ្សាក់ស្ថានដែលស្ថិតនៅក្នុងតំបន់អាស៊ីកណ្តាលមួយនេះ បានពើបប្រទះនូវអំពើហិង្សាដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ខ្លួន ប៉ុន្តែស្ថានភាពរបស់ទីក្រុង Almaty ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ ទំនងហាក់ដូចជាបានវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញហើយ កាលពីថ្ងៃចន្ទម្សិលមិញ ស្របពេលដែលប្រទេសនេះ កំពុងកាន់ទុក្ខមនុស្សរាប់សិបនាក់ដែលបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានោះ។
លោក Tokayev បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា៖ «ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ» បានប្រើប្រាស់ការតវ៉ានេះដើម្បីព្យាយាមដណ្តើមអំណាច។
លោក Tokayev បានបន្តថា៖ «គោលបំណងរបស់ពួកគេ គឺបង្ហាញយ៉ាងច្បាស់ថា ពួកគេចង់ធ្វើឲ្យអន្តរាយដល់របៀបរៀបរយដែលផ្អែកលើរដ្ឋធម្មនុញ្ញ បំផ្លាញស្ថាប័នរដ្ឋាភិបាល និងដណ្តើមគ្រប់គ្រងអំណាច។ នេះ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ»។
ប្រធានាធិបតីកាហ្សាក់ស្ថានរូបនេះ បានបន្ថែមទៀតថា អង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ដែលដឹកនាំដោយរដ្ឋាភិបាលរុស្ស៊ី បានបញ្ជូនកងទ័ពជាង ២.០០០ នាក់ និងគ្រឿងសព្វាវុធធុនធ្ងន់ ២៥០ គ្រឿងចូលប្រទេសកាហ្សាក់ស្ថានដើម្បីជួយបង្ក្រាបភាពចលាចល ហើយលោកបានសន្យាថា ពួកគេ នឹងចាកចេញទៅវិញក្នុងពេលឆាប់ៗខាងមុខនេះ៕