ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​ហោចណាស់​១៦៤នាក់ បាន​ស្លាប់​នៅ​ក្នុង​ការតវ៉ា​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន


ធនាគារ​មួយ​កន្លែង ត្រូវបាន​បំផ្លាញ​នៅ​កណ្តាល​ទីក្រុង Almaty នៃ​ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បន្ទាប់ពី​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការតវ៉ា​អំពី​ការឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ។
ធនាគារ​មួយ​កន្លែង ត្រូវបាន​បំផ្លាញ​នៅ​កណ្តាល​ទីក្រុង Almaty នៃ​ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បន្ទាប់ពី​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការតវ៉ា​អំពី​ការឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ។

ក្រុម​មន្ត្រី​កាហ្សាក់ស្ថាន​និយាយ​ថា ក្មេង​ស្រី​អាយុ៤ឆ្នាំ​ម្នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស ១៦៤នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការតវ៉ា​ប្រឆាំង​កាលពី​សប្តាហ៍​មុន។ អាជ្ញាធរ និយាយ​ថា មនុស្ស​៥ពាន់៨រយ​នាក់ បាន​ត្រូវ​ឃុំ​ខ្លួន។

នៅ​ក្នុង​ការប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការតវ៉ា​ប្រឆាំង ប្រធានាធិបតី Kassym-Jomart Tokayev បាន​ចេញ​បទបញ្ជា​ឲ្យ​បាញ់​សម្លាប់​ដែល​អនុញ្ញាត​ឲ្យ​កងកម្លាំង​សន្តិសុខ​បាញ់​ពួក​បាតុករ​ដោយ​គ្មាន​ការព្រមាន​ជាមុន។

មេដឹកនាំ​របស់​អតីត​សាធារណរដ្ឋ​សូវៀត​នេះ ក៏​បាន​សុំ​ឲ្យ​ប្រទេស​រុស្ស៊ី​និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួយ​នៅ​ក្នុង​ការកម្ទេច​បាតុកម្ម​ផងដែរ។ រុស្ស៊ី​និង​សមាជិក​មួយចំនួន​របស់​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម​ដែល​ជា​សម្ព័ន្ធភាព​យោធា​អន្តរដ្ឋាភិបាលអឺរ៉ុប​អាស៊ី បាន​ឆ្លើយ​តប​ដោយ​ការបញ្ជូន​កងទ័ព។

ការតវ៉ាប្រឆាំង បាន​បណ្តាល​មកពី​ការឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​យ៉ាង​ខ្លាំង ក៏ប៉ុន្តែ មាន​ការកើន ឡើង​ដោយសារ​ការមិន​ពេញចិត្ត​ចំពោះ​ដឹកនាំ​ប្រទេស​បែប​ផ្តាច់ការ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​កម្មវិធី This Week នៃ​បណ្តាញ​ទូរទស្សន៍ ABC-TV ថា កាហ្សាក់ស្ថាន «មាន​សមត្ថភាព​ដើម្បី​ថែរក្សា​សណ្តាប់​ធ្នាប់ និង​ការពារ​ស្ថាប័ន​របស់​រដ្ឋ ក៏ប៉ុន្តែ ត្រូវ​ធ្វើ​ក្នុង​របៀប​មួយ​ដែល​គោរព​សិទ្ធិ​របស់​បាតុករ​ដោយ​សន្តិវិធី​ហើយ​ក៏ដោះស្រាយ​ការព្រួយ​កង្វល់​ដែល​ពួកគេ​បាន​លើកឡើង​អំពី​សេដ្ឋកិច្ច​និង​ការព្រួយ​កង្វល់​អំពី​នយោបាយ​ខ្លះ​ដែរ»។

បាតុកម្ម​បាន​បណ្តាល​ឲ្យ​ប្រធានាធិបតី Tokayev បណ្តេញ​គណៈរដ្ឋមន្ត្រី​និង​ទីប្រឹក្សា​របស់​លោក​គឺ​អតីត​ប្រធានាធិបតី Nursultan Nazarbayev ចេញពី​តំណែង​របស់​លោក​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​នោះ។ លោក Nazarbayev បាន​ដឹកនាំ​ប្រទេស​ចាប់តាំង​ពី​បាន​ទទួល​ឯករាជ្យ​ពី​សហភាព​សូវៀត​នៅ​ក្នុង​ឆ្នាំ១៩៩០​រហូត​ដល់​ឆ្នាំ២០១៩។

អាជ្ញាធរ ក៏​បាន​ប្រកាស​ពី​ការចាប់ខ្លួន​លោក Karim Massimov អតីត​ប្រធាន​គណៈកម្មា ធិការ​សន្តិសុខ​ជាតិ​លើ​បទសង្ស័យពី​ការក្បត់​ជាតិ។ លោក Massimov អាយុ៥៦ឆ្នាំ​បាន​ដឹកនាំ​គណៈកម្មាធិការ​នោះ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការស៊ើការណ៍​សម្ងាត់ រហូត​ដល់ពេល​ប្រធានាធិបតី Tokayev ដក​លោក​ចេញ​ពី​តំណែង​កាលពី​សប្តាហ៍​មុន។

លោក​ស្រី Erica Marat ជា​សាស្ត្រាចារ្យ​នៅឯ​សាកលវិទ្យាល័យ​ការពារ​ជាតិ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់​កាសែត The New York Times ថា ប្រធានាធិបតី Tokayev «បាន​លក់​អធិបតេយ្យភាព​របស់​ប្រទេស​ទៅឲ្យ​រុស្ស៊ី​ដើម្បី​អំណាច​ផ្ទាល់​ខ្លួន និង​ផលប្រយោជន៍​របស់​ក្រុម​វរៈជន​ពុករលួយ៕

ព័ត៌មានមួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន The Associated Press។

XS
SM
MD
LG