ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Kathy Hochul​ ក្លាយ​ជា​អភិបាល​ស្រី​ដំបូង​របស់​រដ្ឋ New York


រូបឯកសារ៖ អ្នកស្រី Kathy Hochul ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សាលា Louis Armstrong ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

អ្នកស្រី Kathy Hochul​ បាន​ក្លាយ​ជា​អភិបាល​ស្រី​ដំបូង​នៃ​រដ្ឋ​ញូវយ៉ក​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ចូល​ថ្ងៃអង្គារ​ដោយចូល​គ្រប់គ្រង​រដ្ឋ​មួយដែល​អន្ទះសា​ចង់​ដំណើរការ​ឡើង​វិញ​ បន្ទាប់​ពី​ការ​រំខាន​ជា​ច្រើន​ខែ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​លោក ​Andrew Cuomo ​អតីត​អភិបាល​រដ្ឋ​ពី​បទ​បៀតបៀន​ផ្លូវភេទ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​AP។​

ជាសមាជិក​គណបក្សប្រជា​ធិបតេយ្យ​ពី​ភាគខាង​លិចនៃ​រដ្ឋ​ New York ​អ្នក​ស្រីបាន​ស្បថ​ចូល​កាន់​តំណែង​ជា​អភិបាល​នៅ​ក្នុង​ពិធី​ឯកជន​មួយ​នៅ​វិមានសភា​រដ្ឋ New York ក្នុង​ទី​ក្រុង​ Albany ដែល​ជា​ទី​រួម​រដ្ឋ New York ​ក្រោម​អធិបតីភាព​ប្រធាន​ចៅក្រម​រដ្ឋ​គឺ​អ្នកស្រី​ Janet DiFiore។ ​បន្ទាប់​មក​អ្នកស្រី​បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយថា អ្នកស្រី​មាន​អារម្មណ៍​ថា៖ ​«ទទួល​ទម្ងន់​នៃ​ការ​ទទួល​ខុសត្រូវ»​ នៅ​លើ​ស្មា​របស់​អ្នកស្រី។​

ការ​ឡើង​កាន់​តំណែង​របស់​អ្នកស្រី Hochul គឺ​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​រដ្ឋ​នេះ​ដែល​ស្ត្រី​ទើបតែ​ចាប់​ផ្តើម​ទទួល​តំណែង​ធំៗ​ដែលកន្លង​មក​ធ្លាប់​តែ​កាន់កាប់លើសលប់​ដោយ​បុរស។ ​

អតីត​អភិបាល​រដ្ឋ New York លោក ​Cuomo ​បាន​ចាកចេញ​ពី​តំណែង​នៅ​ម៉ោង​១២​យប់​ គឺ​ពីរ​សប្តាហ៍​បន្ទាប់​ពីលោកបាន​ប្រកាស​ថា​ លោក​នឹង​លាលែង​ពី​តំណែង​ជាជាង​ប្រឈមមុខ​នឹង​ការ​ការ​ចោទ​ប្រកាន់៕

XS
SM
MD
LG