ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រូប​សំណាក​របស់​អ្នកស្រី Ginsburg នឹង​ត្រូវ​សាងសង់​នៅ​ទីក្រុង​ញូវយ៉ក


រូបឯកសារ៖ អ្នកស្រី Ruth Bader Ginsburg ចៅក្រម​តុលាការ​កំពូល ថតរូប​ថ្មី​សម្រាប់​តុលាការ​កំពូល​ជាមួយនឹង​ចៅក្រម​ដទៃទៀត ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៧។

រូប​សំណាក​របស់​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋអាមេរិក​អ្នកស្រី Ruth Bader Ginsburg នឹង​ត្រូវ​សាងសង់​នៅ​សង្កាត់ Brooklyn ទីក្រុង​ញូវយ៉ក ដែល​ជា​កន្លែង​កំណើត​របស់​អ្នកស្រី។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អភិបាល​រដ្ឋ​ញូវយ៉ក​លោក Andrew Cuomo កាល​ពី​ថ្ងៃ​សៅរ៍។

អ្នកស្រី Ginsburg បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សុក្រ ដោយសារ​ជំងឺ​មហារីក​លំពែង ក្នុង​អាយុ ៨៧ ឆ្នាំ។ ក្នុង​នាម​ជា​និមិត្តរូប​ច្បាប់ និង​សិទ្ធិ​ស្ត្រី​មួយ​រូប អ្នកស្រី Ginsburg បាន​ក្លាយ​ជា​ចៅក្រម​តុលាការ​កំពូល​ជា​ស្ត្រី​ទី​ពីរនៅ​ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ ១៩៩៣។

លោក Cuomo អភិបាល​រដ្ឋ​ញូវយ៉ក ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែង​ថា លោក​នឹង​ចាត់​តាំង​គណៈកម្មការ​មួយ​ឲ្យ​ជ្រើសរើស​អ្នក​ស្មូនរូប​ម្នាក់ និង​ចាត់ចែង​លើ​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​រូបសំណាក​នេះ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ លោក Cuomo បាន​និយាយ​ថា រូបសំណាក​នេះ​នឹង​ក្លាយ​ជា​ការ​ក្រើន​រំឭក​ដល់ «ការ​ចូលរួម​ចំណែក​ជាច្រើន​របស់​អ្នកស្រី Ginsburg ចំពោះ​សហរដ្ឋអាមេរិក ដូច​ដែល​យើង​បាន​ដឹង និង​ដើម្បី​ជា​ការ​បំផុស​ទឹកចិត្ត​ដល់​អ្នក​ដែល​នឹង​បន្ដ​ធ្វើ​ការងារ​របស់​អ្នកស្រី»។

អ្នកស្រី Ginsburg កើត​នៅ​សង្កាត់ Brooklyn ឆ្នាំ ១៩៣៣ និង​បាន​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​តំបន់ Flatbush នៃ​សង្កាត់​នេះ។ អ្នកស្រី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ក្រោយ​ពី​បង្កើត​គម្រោង​ទាមទារ​សិទ្ធិ​ស្ត្រី​នៃ​សហជីព​សេរីភាព​ពលរដ្ឋ​អាមេរិកាំង (American Civil Liberties Union)។

លោក Cuomo បាន​ថ្លែង​ថា អ្នកស្រី Ginsburg «បាន​ស្វែងរក​ការពិត និង​ភាព​យុត្តិធម៌​ដោយ​មិន​គិត​ពី​ខ្លួន​ឯង នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ការ​បែកបាក់ ផ្ដល់​សំឡេង​ឲ្យ​ដល់​អ្នក​ដែល​ទន់ខ្សោយ និង​ជួយ​លើកតម្កើង​អ្នក​ដែល​រង​ការ​ស្អប់ខ្ពើម​និង​ភាព​ខុសគ្នា»។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Bill Clinton បាន​ថ្លែង​នៅ​ពេល​ដែល​លោក​តែងតាំង​អ្នកស្រី​ជា​ចៅក្រម​តុលាការ​កំពូល​យ៉ាង​ដូច្នេះ​ថា៖ «អ្នកស្រី Ruth Bader Ginsburg មិន​ត្រូវ​ការ​អាសនៈ​នៅ​តុលាការ​កំពូល​ដើម្បី​បាន​ចំណារ​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​នោះ​ទេ។ អ្នកស្រី​បាន​ធ្វើ​វា​រួច​ទៅ​ហើយ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG