ក្រុមហ៊ុនហ្វេសប៊ុកបានសារភាពថា ខ្លួនបានដើរតួនាទីនៅក្នុងការប្រល័យពូជសាសន៍ទៅលើជនជាតិភាគតិចរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កាលពីខែសីហា ឆ្នាំមុន អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់បណ្តាញសង្គមមួយនេះថាចាត់វិធានការយឺតនិងគ្មានប្រសិទ្ធភាព ក្នុងការដោះស្រាយវិបត្តិ ដែលបណ្តាញសង្គមមួយនេះត្រូវបានប្រើប្រាស់ដើម្បីចែកចាយការស្អប់ខ្ពើមក្នុងចំណោមប្រជាជន ដែលកាន់សាសនាព្រះពុទ្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពោះជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ អ្នកស៊ើបអង្កេតទាំងនោះនិយាយថា ការធ្វើដូច្នេះគឺរួមចំណែកដល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
របាយការណ៍ដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារបានសន្និដ្ឋានថា ក្រុមហ៊ុន ហ្វេសប៊ុក មិនបានធ្វើការគ្រប់គ្រាន់ដើម្បីជួយទប់ស្កាត់មិនឲ្យគេប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងការបង្កភាពចលាចល និងបង្កឲ្យមានអំពើហិង្សានៅខាងក្រៅនោះទេ។ នេះបើយោងតាមលោក Alex Warofka ប្រធានគ្រប់គ្រងគោលនយោបាយផ្នែកផលិតផល ដែលបានសរសេរលើប្លុករបស់ក្រុមហ៊ុននេះ។
របាយការណ៍នោះបានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន ហ្វេសប៊ុក ឲ្យបង្កើតគោលនយោបាយសិទ្ធិមនុស្សដ៏តឹងរ៉ឹងមួយ ខណៈដែលរឹតត្បិតទៅលើសុន្ទរកថាស្អប់ខ្ពើម ក៏ដូចជាធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណេះដឹងលើប្រព័ន្ធអ៊ីនធឺណិត និងភាពត្រឹមត្រូវនៃព័ត៌មានរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕