អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានទទួលស្គាល់ថាក្រុមទាហានរាប់សិបនាក់បានបាញ់គ្រាប់កាំភ្លើងពិត នៅពេលប្រឈមនឹងការតវ៉ារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងស្រុកអង្គស្នួល កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកអះអាងថានេះជាការ«បាញ់ផ្លាត»តែប៉ុណ្ណោះ។
មន្ត្រីសង្គមស៊ីវិលចាត់ទុកថានេះជាការឆ្លើយមិនទទួលខុសត្រូវរបស់អាជ្ញាធរ ហើយថាកម្លាំងទាហានមិនគួរបាញ់គ្រាប់ពិតក្នុងរឿងជម្លោះដីធ្លីនេះទេ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពលរដ្ឋក្នុងជម្លោះដីធ្លីម្នាក់ គឺលោក មុំ ចាន់ថា អាយុ៥៦ឆ្នាំ រស់នៅក្នុងឃុំទួលពេជ្រ ស្រុកអង្គស្នួល បានរងរបួសដោយការបាញ់ប្រហារពីកម្លាំងទាហានរាប់សិបនាក់ ហើយលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់ VOAនៅថ្ងៃសុក្រនេះថាពិតជាមានការបាញ់ប្រហារពីសំណាក់ក្រុមទាហាន ប៉ុន្តែលោកថានេះជាការ«បាញ់ផ្លាត» មិនមែនសំដៅបាញ់ឲ្យចំក្រុមប្រជាពលរដ្ឋតវ៉ាដែលមានគ្នាប្រមាណពីរបីរយនាក់នោះទេ។
លោកថ្លែងថា៖ «បងប្អូនកងកម្លាំងយោធាហ្នឹងគាត់ក៏មានប្រដាប់អាវុធបាញ់ឡើង អញ្ចឹងទៅខ្ញុំមើលតាមនៅក្នុងសកម្មភាពផ្សព្វផ្សាយដូចគ្នាដែរទេពីព្រោះខេត្តអត់បានចូលរួមក្នុងករណីហ្នឹងទេហើយក៏មានការប៉ះទង្គិចអញ្ចឹងមែនផ្លាតទៅត្រូវអញ្ចឹងមែន»។
អភិបាលខេត្តកណ្តាលបន្ថែមថាករណីនេះកងកម្លាំងសមត្ថកិច្ចមានរបៀបក្នុងការធ្វើការ ដើម្បីការពារដីរដ្ឋ។ ប៉ុន្តែលោកថាទុកឲ្យស្ថាប័នតុលាការជាអ្នកដោះស្រាយបញ្ហានេះចុះ។
លោកបញ្ជាក់ថា៖«ករណីនេះទុកឲ្យស្ថាប័នតុលាការគេធ្វើការចុះ ប៉ុន្តែវាកម្រិតនេះ ជាអង្គភាពរដ្ឋទេ។ អង្គភាពរដ្ឋបាលរបស់សមត្ថកិច្ចដែលលោកការពារនូវចំណុចគោលដៅនោះមិនមែនជាលក្ខណៈបុគ្គលនោះទេបុគ្គលការពារផលប្រយោជន៍ខ្លួនឯង ប៉ះពាល់អ្វីទេ វាជាសមត្ថកិច្ច។ អញ្ចឹងជាសមត្ថកិច្ចគេមានរបៀបធ្វើការមួយដែរអញ្ចឹងហើយបានយើងទាមទារ កុំអាលមានកំហឹងហិង្សាផ្សេងៗ ឬក៏បង្កើតនូវសកម្មភាពរាលដាលអាណិតប្រជាជន»។
លោក គង់ សោភ័ណ្ឌ ក៏បានចោទប្រកាន់ប្រជាពលរដ្ឋដែលតវ៉ានោះថាពួកគេបានចូលទៅរំលោភ និងទន្ទ្រានកាន់កាប់ធ្វើស្រែលើដីរដ្ឋដែលទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ក្នុងវីដេអូមួយមានរយៈពេលជាង៤នាទីដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋបានស្រែកថាកម្លាំងទាហានបានបាញ់គ្រាប់ពិត ខណៈប្រឈមនឹងប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លី។ វីដេអូនេះបង្ហាញថាអ្នកតវ៉ាម្នាក់បានរងរបួសនឹងគ្រាប់កាំភ្លើងនៅខ្នងលើស្មាខាងឆ្វេង ដោយមានឈាមហូរលើអាវយឺតសរបស់ជនរងគ្រោះ។
បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារកើតឡើង រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃព្រហស្បតិ៍ដោយលើកឡើងថាដីដែលប្រជាពលរដ្ឋតវ៉ានោះជាដីរដ្ឋហើយថាពលរដ្ឋបានបិទផ្លូវជាតិលេខ៥១នៅចំណុចដែលគេហៅថា«ដីចម្ការបារាំង»។រដ្ឋបាលខេត្តបញ្ជាក់ថាដីនៅតំបន់នោះ រដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែកសម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិនិងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថានដែលជាទីតាំងដាក់សំរាមនិងសំណង់រឹង។
រដ្ឋបាលខេត្តកណ្តាលឲ្យដឹងទៀតថាក្រុមការងារគណៈកម្មការអន្តរក្រសួងកំពុងខិតខំសិក្សាស្រាវជ្រាវដើម្បីឈានដល់ការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ ក្នុងរង្វង់ដីប្រមាណ២៨០ហិកតា។
ទោះជាយ៉ាងណា រដ្ឋបាលខេត្តកណ្តាលមិនបានបញ្ជាក់អំពីការបាញ់ប្រហារពីសំណាក់ក្រុមទាហានទៅលើប្រជាពលរដ្ឋនៅក្នុងសេចក្តីថ្លែងការណ៍នោះទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូជំរុញឲ្យស៊ើបអង្កេតរឿងនេះឲ្យបានត្រឹមត្រូវថាតើមូលហេតុអ្វីបានជាកម្លាំងទាហានរាប់សិបនាក់ប្រើកាំភ្លើងបាញ់គ្រាប់ពិត រហូតដល់បណ្តាលឲ្យពលរដ្ឋម្នាក់រងរបួស។ លោកក៏ជំរុញឲ្យបញ្ចប់ការប្រើប្រាស់ហិង្សា ដូចជាបាញ់គ្រាប់ពិតទៅលើប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី។
លោកថ្លែងថា៖ «បញ្ហានេះវាដដែលៗ ដែលតែងតែឃើញបង្ក្រាបលើបញ្ហាដីធ្លីទៅលើប្រជាពលរដ្ឋពីកងកម្លាំងនៅពេលដែលបាញ់បង្កឲ្យពលរដ្ឋរងរបួស ឬក៏ស្លាប់ មិនដែលឃើញអ្នកដែលប្រព្រឹត្តហ្នឹង ត្រូវបានយកទៅអនុវត្តតាមផ្លូវច្បាប់ទេ បែបនេះ គឺនិទណ្ឌភាពមួយដែលអាក្រក់ហើយចេះតែបន្តជាបន្តបន្ទាប់ ដោយសារតែវប្បធម៌អាក្រក់នេះ។ អញ្ចឹងអាហ្នឹងត្រូវតែមានការស៊ើបអង្កេតឲ្យបានតម្លាភាពហើយនិងយុត្តិធម៌ហើយស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារគ្រាប់កាំភ្លើងហ្នឹង។ យើងមិនអាចឆ្លើយថាវាជាឧប្បត្តិហេតុ គ្មានចេតនា ហើយគេចពីការទទួលខុសត្រូវមុខច្បាប់អាហ្នឹងហើយដែលខ្ញុំនិយាយថាវាជាវប្បធម៌និទណ្ឌភាព»។
អ្នកស្រី យ៉ាន សុខខេម អាយុ៤៩ឆ្នាំ ជាពលរដ្ឋម្នាក់ដែលបានអាស្រ័យផលធ្វើស្រែលើដីដែលមានជម្លោះនោះ បានឲ្យដឹងថាអ្នកស្រីបានធ្វើស្រែលើដីនេះយូរមកហើយ តាំងពីឆ្នាំ១៩៧៩។
អ្នកស្រីបន្ថែមថាអាជ្ញាធរមិនដែលបានផ្តល់ដំណឹងណាមួយដល់ប្រជាពលរដ្ឋថារដ្ឋនឹងដកហូតដីធ្វើជាតំបន់អ្វីនោះទេ។ អ្នកស្រីបញ្ជាក់ថារយៈពេលមួយឆ្នាំមកនេះ ឃើញមានកងកម្លាំងយោធាមកយាមប្រចាំការនៅតំបន់នេះ ប៉ុន្តែនៅពេលប្រជាពលរដ្ឋសាកសួរ គឺគេប្រាប់ថាមកការពារដីព្រៃតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «សួរមុនដំបូងហ្នឹងថាមកការពារព្រៃដីព្រៃទួលលើតិចៗហ្នឹងណាថាគេចែកឲ្យទាហានហើយចែកឲ្យទាហានអីស្ទូងហើយឆ្នាំទៅមិញហ្នឹង សូម្បីដើរចូលមើលស្រែក៏វាមិនឲ្យចូលដែរ។ បានជាប្រជាជនចេះតែផ្អើលទៅៗហ្នឹង ដល់ពេលផ្អើលរឿងយកអាអិចមកកាយព្រំដីយកទាំងអស់បានប្រជាជនផ្ទុះឡើងហ្នឹង»។
ករណីទាហានបាញ់ប្រហារលើអ្នកតវ៉ារឿងដីធ្លីក៏កើតមាននៅតាមបណ្តាខេត្តផ្សេងៗ ដូចជាកាលពីខែមករា ឆ្នាំ២០១៩ មានករណីបាញ់គ្រាប់ពិតលើប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យម្នាក់រងរបួស។ ចំណែកកាលពីខែមីនា ឆ្នាំ២០១៨ កងកម្លាំងចម្រុះរួមមាននគរបាល ទាហាននិងកងរាជអាវុធហត្ថក៏បានចុះបង្ក្រាបការតវ៉ារឿងដីធ្លីមួយក្នុងខេត្តក្រចេះ ដោយបានបាញ់គ្រាប់ពិតបណ្តាលឲ្យពលរដ្ឋយ៉ាងតិច៣នាក់រងរបួស។
ទាក់ទងនឹងការបង្ក្រាបពីសំណាក់កម្លាំងទាហាននេះ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានមន្ត្រីក្រោមបង្គាប់របស់ខ្លួននៅតាមបណ្តាខេត្តនានាឲ្យឈប់ប្រើប្រាស់កងកម្លាំងទាហាន ដើម្បីបង្ក្រាបសកម្មភាពបាតុកម្មរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន៕
រាយការណ៍បន្ថែមដោយលោក ស៊ុន ណារិន