ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កម្ពុជា​និយម​លើក​ឡើង​ពី​ករណី​រើសអើង​ជុំវិញ​បញ្ហា​លើក​ស្លាក​សញ្ញា​គណបក្ស


រូបឯកសារ៖ អគារ​របស់​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​កម្ពុជា​និយម នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អគារ​របស់​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​កម្ពុជា​និយម នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

គណបក្ស​កម្ពុជា​និយម​ថា​ជា«រឿង​រើសអើង​នយោបាយ»​ បន្ទាប់​ពីមន្រ្តី​មូលដ្ឋាន​នៅ​សង្កាត់​មួយ​ ក្នុង​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ដាក់​ស្លាក​សញ្ញា​គណបក្ស​កាល​ពី​ពេល​ថ្មីៗ​នេះ។​

គណបក្ស​កម្ពុជា​និយម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ លោក​ យ៉ែម បុញ្ញឫទ្ធិ ​ដែល​ជា​អតីត​តំណាង​រាស្រ្ត​ម្នាក់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប​ដែល​ស្និទ្ធ​នឹង​លោក​ កឹម សុខា​ ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​នៅ​តុលាការ​ពីបទ​ក្បត់​ជាតិ។​

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រចាំ​គណបក្ស​កម្ពុជា​និយម​ លោក ​សុខ ប៉េងឡុង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​មេសា​ គណបក្ស​កម្ពុជា​និយម​បាន​ដាក់​លិខិត​ស្នើ​សុំ​លើក​ស្លាក​សញ្ញា​គណបក្ស​នៅ​ទីតាំង​ចំនួន​ ១១​ ក្នុង​សង្កាត់រលួស​ ក្នុង​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។​

លោក​បាន​បន្ត​ថា បើ​ទោះ​បី​ជា​មាន​លិខិត​ស្នើ​សុំ​ និង​ការ​បង្ហាញ​សេចក្តី​ណែនាំ​ពី​ក្រសួង​មហាផ្ទៃ​ក៏​ដោយ ​ ក៏​ចៅ​សង្កាត់​រលួស​លោក កឹប ផន​ បាន​បដិសេធ​មិន​ឱ្យ​មាន​ការ​លើក​ស្លាក​នោះ​ទេ​ ដោយ​លើក​ហេតុផល​ថា​ថ្នាក់​លើ​មិន​អនុញ្ញាត​ និង​បាន​ស្នើ​ឱ្យ​មន្រ្តី​គណបក្ស​កម្ពុជា​និយម​ទៅ​ជួប​«មេ» ​ឬ​អភិបាល​ខណ្ឌដង្កោ​ផ្ទាល់។​

លោក​ថ្លែង​ថា៖ ​«ខាង​តំណាង​គណបក្ស​នៅ​តែ​ទទូច​ជាមួយ​គាត់។​ហេតុផល​វា​អត់​សមស្រប​ ដូច្នេះ​សុំ​ឱ្យ​គាត់​បង្ហាញ​ហេតុផល​ ដូចជា​ គណបក្ស​បាន​បង្ហាញ​ពី​ស.ជ.ណ.​ចេញ​ពី​ក្រសួង​មហាផ្ទៃ ​បញ្ជាក់​ពី​រឿង​ហ្នឹង​ថែម​ទៀត។ ​ គាត់​នៅ​តែ​ទទូច​ដដែល​ឱ្យ​ទៅ​ជួប​មេ ​ហើយ​យើង​ដឹង​ថា ​មេ​របស់​គាត់​គឺ​ខាង​ខណ្ឌ​ដង្កោ»។ ​

យ៉ាងណាក្តី ​លោក ​សុខ ប៉េងឡុង​បាន​ឱ្យ​ដឹង​ថា ​ គណបក្ស​កម្ពុជា​និយម​មិន​បាន​ទាក់ទង​ទៅ​ខាង​អភិបាល​ខណ្ឌ​ដង្កោ​នោះ​ទេ ​ដោយ​យោង​លើ​ហេតុផល​ថា​មន្រ្តី​ប្រចាំការ​នៅ​ឃុំ-សង្កាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច ​ដូច​មាន​ចែង​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​សិទ្ធិ។​

បន្ទាប់​មក​ ដោយ​មិន​ទទួល​បាន​ការ​សម្រប​សម្រួល​ឬ​ដំណោះ​ស្រាយ​ណា​មួយ​គណបក្ស​កម្ពុជា​និយម​បាន​ដាក់​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា។​ប៉ុន្តែ​រហូត​ដល់​មក​ទល់​ពេល​នេះ​ ​គណបក្ស​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​នោះ​ទេ។​

ដំណាល​គ្នា​នេះ​ផង​ដែរ​ លោក​ សុខ ប៉េងឡុង​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​កម្ពុជា​និយម​បាន​លើក​ឡើង​ថា កន្លង​មក​ គណបក្ស​កម្ពុជា​និយម​បាន​ប្រឈម​នឹង​ការ​រឹតត្បិត​ ឬ​ «រើសអើង»​ មិន​ឱ្យ​លើក​ស្លាក​គណបក្ស​ចំនួន​ ៤​ករណី​រួច​មក​ហើយ​គិត​មក​ត្រឹម​ពេល​នេះ។ ​

ចៅសង្កាត់​រលួស​ លោក ​កឹប ផន​ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​មន្រ្តី​គណបក្ស​កម្ពុជា​និយម។​

លោក​បាន​និយាយ​ថា ​ លោក​មិន​បាន​ហាម​ឃាត់​ការ​ដាក់​ស្លាក​សញ្ញា​គណបក្ស​នោះ​ទេ​ចំពោះ​ការ​ដាក់​ស្លាក​នៅ​មុខ​ទីស្នាក់ការ​គណបក្ស ​ឬ​ផ្ទះ​របស់​សកម្មជន​គណបក្ស ​ដូច​តាម​ការ​ណែនាំ​ពី​មន្រ្តី​ថ្នាក់លើ។​

«ខ្ញុំ​ប្រាប់​ថា ​ បើ​សិន​ប្អូន​ឯង​អត់​ជឿ​ខ្ញុំឱ្យ​ទៅ​សួរ​សាលាខណ្ឌ​ទៅ ​ ព្រោះ​សាលាខណ្ឌ​តាម​ច្បាប់​គេ​ ប្រាប់​ខ្ញុំ​អ៊ីចឹង​ណា៎។ ​ ខ្ញុំ​មិនមែន​ប្រកែក​ដាច់​អហង្ការ​ថា​ខ្ញុំ ​មិន​ឱ្យ​ទេ។ ​ ខ្ញុំ​ថា ​តាម​ការ​ណែនាំឱ្យ​ប្អូន​ឯង​ដាក់​ស្លាក​តាម​គណបក្ស​របស់​ប្អូន​ឯង​ទៅ! ​ ទី​មួយ។​ ​ ទីពីរ​ បើ​មិន​អ៊ីចឹង​ទេ ​ ប្អូន​ឯង​ដាក់​ស្លាក​តាម​ផ្ទះ​សកម្មជន​របស់​ប្អូន​ឯង​ទៅ!​ ​ខ្ញុំ​អត់​ហាម​ឃាត់​នោះ​ទេ។​ប្រាប់​អ៊ីចឹង​ហើយ​អ៊ីតើ!»​

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត​ លោក ​កន​ សាវាង្ស ​បាន​និយាយ​ថា ​រាល់​ករណី​មាន​ការ​ហាមឃាត់​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​ គឺ​ត្រូវ​មាន​មូលហេតុ​ច្បាស់លាស់។​

លោក​បាន​បន្ត​ថា​អាជ្ញាធរ​និង​មន្រ្តី​មូលដ្ឋាន​មាន​តួនាទី​សម្រប​សម្រួល​ និង​មិន​គួរ​ដាក់​បន្ទុក​ទៅ​វិញ​ទៅ​មក​នោះ​ទេ​ជុំវិញ​សេចក្តី​សម្រេច​ឱ្យ​មាន​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​ណា​មួយ។​

លោក​បាន​ថ្លែង​ថា៖ ​«ករណី​នេះ​គឺ​ [អាជ្ញាធរ]​ឃុំ​ខ្លួន​ឯង​ហ្នឹង​ទេ​ ដែល​មាន​តួនាទី​ត្រូវ​ជជែក​ជា​មួយ​ថ្នាក់​លើ​ត​ទៅ​ បើ​សិន​ចង់​ជជែក។ ​ តែ​រឿង​សំខាន់​គឺ​[អាជ្ញាធរ]​ ឃុំ​ហ្នឹង​ហើយ​ជា​អ្នក​ដំណោះ​ស្រាយ​រឿង​ដាក់​នៅ​មូលដ្ឋាន​ហ្នឹង!​ មិន​អាច​រុញ​ការ​ទទួល​ខុស​ត្រូវ​ឱ្យ​ទៅ​ស្នើ​សុំ​អ្នក​នេះ​ ស្នើ​សុំ​អ្នក​នោះ។ អាហ្នឹង​គឺ​វា ​មិន​អាច​អ៊ីចឹង​បាន​ទេ​ព្រោះ​ក្នុង​សេចក្តី​ណែនាំ​មិន​មាន​ចំណុច​ណា​បង្ហាញ​ថា ​ត្រូវ​សុំ​ពី​លើ​ដល់​ក្រោម​អ៊ីចឹង​ទេ»។​

លោក​បាន​បន្ត​ថា៖ ​«អ៊ីចឹង​ចំណុច​នេះ​ ខ្ញុំ​យល់​ថា ​ អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ពិចារណា​ ហើយ​ដោះស្រាយ​កុំ​ឱ្យ​មាន​ការ​គេច​វេះ​ ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ។​កាលណា​ខ្លួន​ត្រូវ​តែ​ចេះ​រុញ​ទៅនេះ​ រុញ​ទៅ​នោះ ​មាន​ន័យ​ថា ខ្លួន​ហ្នឹង​អត់​ទទួល​ខុស​ត្រូវ។​ហើយ​បើ​គាត់​ចង់​បាន​យោបល់​ពី​ថ្នាក់​លើ​របស់​ខ្លួន​អាហ្នឹង​គាត់​ខ្លួន​ឯង​ត្រូវ​សុំ​ទៅ​ តេ​[ទូរស័ព្ទ]​ទៅ​ សុំ​ជា​យោបល់​ទៅ​ហើយ​ឆ្លើយ​តាម​ហ្នឹង​ទៅ។ ​កុំ​រុញ​គេ​ទៅ ​ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ខ្លួន​ឯង​ហ្នឹង​មាន​សិទ្ធិ​សម្រេច​ចិត្ត​ហើយ»។​

ក្រៅ​ពី​គណបក្ស​កម្ពុជា​និយម​ តំណាង​គណបក្ស​ជំទាស់​មួយ​ចំនួន​ទៀត​រួម​មាន​ គណបក្ស​ភ្លើង​ទៀន​ផង​ដែរ ​បាន​អះអាង​ថា​មាន​ការ​រើស​អើង​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៅ​លើ​ការ​ដាក់​ស្លាក​សញ្ញា​គណបក្ស​របស់​ពួកគេ។​

គួរ​រំឭក​ផង​ដែរ​ថា​នៅ​ខែ​មេសា​នេះ ​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង​ ធ្លាប់​បាន​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​មាន​ការ​ព្រួយ​បារម្ភ ​ឬ​ភ័យ​ខ្លាច​ជុំវិញ​ការ​ដាក់​ទង់ជាតិ​ ឬ​ស្លាក​សញ្ញា​គណបក្ស​ផ្សេងៗ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។ ​ ប៉ុន្តែ​លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា ​ រាល់​ការ​ដាក់​ទង់ជាតិ​ ឬ​ស្លាក​សញ្ញា​នៅ​ទីកន្លែង​ឯកជន​ណា​មួយ​ ត្រូវ​តែ​មាន​ការ​យល់ស្រប​ពី​ពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ។​

ទោះ​ប្រឈម​មុខ​នឹង​ការ​រារាំង​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​លើក​ស្លាក​គណបក្ស​យ៉ាង​ណា​ក្តី ​ គណបក្ស​កម្ពុជា​និយម​បាន​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា ​ឆ្នាំ​២០២២​ខាង​មុខ។​

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​កាល​ពី​ពេល​កន្លង​មកប្រធាន​គណបក្ស​កម្ពុជា​និយម​ លោក​យ៉ែម បុញ្ញឫទ្ធិ ​ថ្លែង​ថា ​ គណបក្ស​លោក​ចង់​ឱ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ ​និង​ចង់​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​និង​ក្រុម​ប្រឹក្សា​សរុប​ប្រមាណ​ ៥​ពាន់​នាក់ត្រឡប់​មក​វិញ​ ប៉ុន្តែ​ការ​តស៊ូ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​មិន​ទាន់​ទទួល​បាន​ជោគ​ជ័យ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG