នៅដើមខែមេសានេះសហគមន៍អឺរ៉ុបបានប្រកាសទទួលស្គាល់ជាផ្លូវការថា ស្ករត្នោតកំពង់ស្ពឺរបស់ប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីការពារជាទំនិញសម្គាល់ភូមិសាស្ត្រ ឬ Protected Geographical Indications (PGI) ដែលការណ៍នេះបានធ្វើឲ្យប្រទេសកម្ពុជាមានផលិតផលសម្គាល់ភូមិសាស្ត្រទីពីរ បន្ទាប់ពីម្រេចកំពត។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនកែច្នៃស្ករត្នោតកំពង់ស្ពឺ Confirel និងលិខិតរបស់ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប។
ក្រុមហ៊ុនកែច្នៃស្ករត្នោតកំពង់ស្ពឺ Confirel បានឲ្យដឹង ក្នុងសេចក្តីប្រកាសខ្លួនមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖
«ស្ករត្នោតកំពង់ស្ពឺនៃប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីការពារ និងទទួលស្គាល់ជាផ្លូវការដោយសហភាពអឺរ៉ុបកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ នេះជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខ្មែរទីពីរហើយបន្ទាប់ពីម្រេចកំពតរបស់កម្ពុជាត្រូវបានចុះបញ្ជីការពារដោយសហភាពអឺរ៉ុបកាលពីខែកុម្ភៈឆ្នាំ២០១៦»។
លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា ការចុះបញ្ជីស្ករត្នោតកំពង់ស្ពឺ ជាទំនិញសម្គាល់ភូមិសាស្ត្រនេះ នឹងជំរុញឲ្យមានការបង្កើនការផលិត និងលក់ស្ករត្នោតកំពង់ស្ពឺនេះទៅឲ្យសហគមន៍អឺរ៉ុប និងប្រទេសផ្សេងទៀត នៅក្រៅតំបន់អឺរ៉ុប បន្ថែមលើកំណើននៃការលក់ស្ករត្នោតកំពង់ស្ពឺក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
«បីឆ្នាំចុងក្រោយហើយ ២០១៦ ២០១៧ ២០១៨ ហ្នឹង គឺកើន យើងកើន កើន កើនមួយកន្លះ មួយជិតមួយជាពីរ មួយជាពីររហូត ប៉ុន្តែដល់ពេលឆ្នាំ២០១៩ហ្នឹង យើងក៏គិតរួចហើយថា បើចុះបញ្ជីនៅសហគមន៍អឺរ៉ុបបានហើយគឺយើង បង្កើនការលក់ហ្នឹងតែម្តង ព្រោះគេជួយផ្សព្វផ្សាយពាណិជ្ជកម្មឲ្យយើង។ ហើយយើងតស៊ូខ្លាំងណាស់ទម្រាំបានសហគមន៍អឺរ៉ុបទទួលស្គាល់ បាន បាន បានទទួលស្គាល់ជាផ្លូវការ ដូចថ្ងៃនេះហ្នឹង»។
ការចុះបញ្ជីស្ករត្នោតកំពង់ស្ពឺនេះ បានប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារមានការជំទាស់ពីប្រទេសនាំចេញស្ករសមួយចំនួនដែលនៅក្រៅសហភាពអឺរ៉ុប និងជាសមាជិករបស់សហភាពដែលមានប្រទេសជាសមាជិកចំនួន២៨ប្រទេសនេះ។ នេះបើយោងតាមលិខិតរបស់លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប។
លិខិតរបស់លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា ប្រទេសដែលជំទាស់នឹងការចុះបញ្ជីរបស់ស្ករត្នោតកំពង់ស្ពឺជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារនោះ មានប្រទេសស្វ៊ីស (Switzerland) និងប្រទេសប៊ែលហ្ស៊ិក (Belgium)។ ក្រុមហ៊ុន Sucre Suisse SA របស់ប្រទេសស្វ៊ីសបានលើកឡើងថា ការពណ៌នាពីផលិតផលស្ករត្នោតកំពង់ស្ពឺ គឺមិនច្បាស់លាស់ ហើយមិនស្របតាមនិយមន័យរបស់ស្ករសដែលកំណត់នៅក្នុងសារាចរក្រុមប្រឹក្សាមួយនៃគណៈកម្មការអឺរ៉ុប។
ចំណែកប្រទេសប៊ែលហ្ស៊ិក បានជូនដំណឹងពីការជំទាស់របស់ខ្លួន តែក្រោយមកក៏បានដកការជំទាស់របស់ខ្លួនវិញ។ លិខិតរបស់ប្រធានគណៈកម្មការអឺរ៉ុបមិនបានបញ្ជាក់ពីហេតុផលនៃការជំទាស់របស់ប្រទេស ប៊ែលហ្ស៊ិកដែលជាសមាជិកសហគមន៍អឺរ៉ុបនោះទេ។
យ៉ាងណាក្តីមានតែក្រុមហ៊ុន Sucre Suisse SA របស់ប្រទេសស្វ៊ីស ដែលបង្ហាញការតវ៉ាជាបន្តបន្ទាប់ តែក្រោយការពិគ្រោះយោបល់គ្នាមកនោះ ប្រទេសស្វ៊ីស ក៏បានទម្លាក់ចោលការជំទាស់របស់ខ្លួន ហើយក៏បានបើកផ្លូវឲ្យស្ករត្នោតកំពង់ស្ពឺរបស់កម្ពុជា បានចុះបញ្ជីជាផ្លូវការ ជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារ។
លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel ថ្លែងឲ្យដឹងបន្ថែមថា មានការពន្យល់ដល់ភាគីជំទាស់នឹងការចុះបញ្ជីរបស់ស្ករត្នោតកំពង់ស្ពឺ ហើយក្រុមហ៊ុនលោកបានរួមចំណែកច្រើនជាមួយក្រសួងពាណិជ្ជកម្ម សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺក្នុងការផ្តល់ហេតុផលបញ្ជាក់ពីលក្ខណៈសម្បតិ្តរបស់ស្ករត្នោតកំពង់ស្ពឺ ដែលអាចទទួលបានការការពារថា ជាផលិតផលសម្គាល់ភូមិសាស្ត្រនោះ។
លោកបញ្ជាក់ប្រាប់ VOA ថា៖
«ខាងខ្ញុំជាក្រុមហ៊ុនហ្នឹង ក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពន្យល់ ក្នុងការស្រាវជ្រាវ រកអត្ថបទ ស្រាវជ្រាវហើយនិងឯកសារ មកអំណះអំណាង ជាពិសេសយកស្ករត្នោតហ្នឹងទៅវិភាគគុណភាព ហើយបានយកគុណភាពអស់ហ្នឹងយកមកអះអាងប្រាប់គេថា ពាក្យថា ស្ករត្នោតហ្នឹង វាមានសារធាតុផ្អែមហ្នឹងប៉ុណ្ណេះ ហើយសារធាតុរ៉ែ សារធាតុអីផ្សេងៗ ហើយនិងមានវត្តមានហៅថា សារធាតុចិញ្ចឹមផ្សេងៗហ្នឹង វាមានប៉ុណ្ណេះ ប៉ុណ្ណេះ យកទៅពន្យល់ប្រាប់គេឡើងច្បាស់រហូត បានគេយល់ហើយ បានគេព្រម»។
អគ្គនាយករងក្រុមហ៊ុន Confirel នេះ អះអាងថា វាជាមោទនភាពមួយរបស់កម្ពុជា ដែលអាចជំរុញឲ្យសហភាពអឺរ៉ុបទទួលស្គាល់ស្ករត្នោតកំពង់ស្ពឺជាទំនិញសម្គាល់ភូមិសាស្ត្រ។ លោក ហ៊ឹម ពិសិដ្ឋ បានពន្យល់ពីគុណសម្បត្តិរបស់ស្ករត្នោតកំពង់ស្ពឺដែលអាចត្រូវបានចុះបញ្ជីការពារ និងទទួលស្គាល់ជាផ្លូវការដោយសហភាពអឺរ៉ុប កាលពីថ្ងៃទី២ ខែមេសា កន្លងទៅនោះ។
«ទំនិញសម្គាល់ភូមិសាស្ត្រហ្នឹងវា វាផ្តោតទៅលើចេះ ទីមួយទីតាំង ទីតាំងដែលយើងដាំដើមត្នោត ទីតាំងប្រមូលផលត្នោតហ្នឹង វានៅក្នុងខេត្តកំពង់ស្ពឺ ហើយទីតាំងហ្នឹងវាមានសណ្ឋានដីខុសប្លែកពីកន្លែងផ្សេងៗ អ៊ីចឹងធ្វើឲ្យ ស្ករត្នោតហ្នឹងវាមានគុណភាពខុសពីកន្លែងផ្សេងអាហ្នឹងទីមួយ។ ទីពីរកត្តាពូជ ត្នោតហ្នឹងវាមែនទែន បើត្នោតនៅកំពង់ស្ពឺ វាមាន គេហៅថា អាពូជវា វារបៀបខុសប្លែកពី ពី ពីកន្លែងផ្សេងៗ។ ហើយទីបី គឺកត្តាបរិយាកាស បរិយាកាសក៏ធ្វើឲ្យដំណាំហ្នឹង វា វាមាន រសជាតិខុសប្លែកពីផ្សេងៗដែរ។ ឧទាហរណ៍ ថាបើសិនជាយើងយកពូជហ្នឹងដដែលហ្នឹង យកទៅដាំនៅកន្លែងផ្សេង ក៏អត់បានដែរ អត់បានរសជាតិអ៊ីចឹងដែរ»។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ក្រុមប្រជាកសិករដែលជាអ្នកផលិតស្ករត្នោតមានចិត្តត្រេកអរនឹងការសម្រេចរបស់សហភាពអឺរ៉ុប ដែលបានទទួលស្ករត្នោតកំពង់ស្ពឺជាទំនិញសម្គាល់ភូមិសាស្ត្រ ឬហៅកាត់ថា GI។ លោកថា ការចុះបញ្ជី ផ្តល់ផលចំណេញសំខាន់ៗបីដល់ប្រទេសកម្ពុជា ដោយលោកបញ្ជាក់ថា៖
«ទីមួយគឺកសិករ គាត់ទទួលបានកម្រៃខ្ពស់ ផលិតផលស្ករហ្នឹងគឺ វាបានតម្លៃខ្ពស់ ជីវភាពគាត់ធូរធាឡើង បានន័យថា អ្នកប្រកបមុខរបរឡើងត្នោត គាត់មានកម្រិតធូរធា។ ទីពីរគឺមានភាពល្បីនៃប្រទេសកម្ពុជាយើង ព្រោះយើងដឹងថា អត្តសញ្ញាណជាតិ ដើមត្នោតយើងគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរ។ ហេតុដូច្នេះ យើងបានចុះការពារស្ករត្នោត ដូចជាការពារអត្តសញ្ញាណជាតិខ្មែរដែរ។ អ៊ីចឹង បានថា កម្ពុជាយើងមានការល្បីរន្ទឺទៅលើអន្តរជាតិ ក្នុងការផលិតផលដែលមានស្តង់ដារកម្រិតស្តង់ដារ។ ហើយទីបីទៀតនោះគឺ គឺសប្បាយចិត្តបំផុតត្រង់ប្រជាជនទូទាំងពិភពលោកដែលញ៉ាំស្ករត្នោតកំពង់ស្ពឺគឺធានាបានសុខភាពល្អ មិនប៉ះពាល់សារធាតុគីមី មិនព្រួយបារម្ភ ហើយមិនកើតទឹកនោមផ្អែម»។
ប្រធានសមាគមរូបនេះ បានបញ្ជាក់ទៀតថា ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាទំនិញសម្គាល់ភូមិសាស្ត្រដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១០។ បន្ទាប់មក ស្ករត្នោតដែលមានលក្ខណៈពិសេសនេះ ក៏ត្រូវបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រនៅ ប្រទេសថៃ និងវៀតណាម នៅមុនពេលដែលសហភាពអឺរ៉ុបចុះបញ្ជីស្ករត្នោតកំពង់ស្ពឺជាទំនិញភូមិសាស្ត្រ និងដែលត្រូវបានការពារផងនោះ។
ចាប់តាំងពីការចងក្រងសមាគមក្នុងឆ្នាំ២០០៨មកនោះ សមាគមនេះ មានសមាជិកជាអ្នកផលិត និងទិញស្ករត្នោតចំនួន១៨៧នាក់។ សមាគមនេះ អាចផលិតស្ករត្នោតបានប្រមាណ ២០០តោនកាលពីឆ្នាំ២០១៨ តែស្ករដែលអាចលក់ក្នុងឋានៈជាទំនិញសម្គាល់ភូមិសាស្ត្របាន គឺមានតែ៨០តោនប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនខ្លះមិនចង់ប្រើស្លាកសញ្ញាទំនិញសម្គាល់ភូមិសាស្ត្រ។
លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុនកែច្នៃស្ករត្នោតកំពង់ស្ពឺ Confirel បានឲ្យដឹងថា ក្រុមហ៊ុនរបស់ លោកនឹងបង្កើនការនាំចេញស្ករត្នោតកំពង់ស្ពឺឲ្យកើនពីជាង១០០តោន ទៅជាង២០០តោននៅឆ្នាំ២០១៩ និង២០២០ខាងមុខ ក្រោយការនាំចេញប្រមាណជាង១០០តោនកាលពីឆ្នាំមុនៗ ពោលគឺនៅមុនការចុះបញ្ជីរបស់ស្ករត្នោតកំពង់ស្ពឺជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារ។ លោកថា ក្រៅពីការនាំចេញទៅទីផ្សារនៅតំបន់អឺរ៉ុបនោះ ស្ករត្នោតកំពង់ស្ពឺក៏ត្រូវបាននាំចេញទៅកាន់ប្រទេសកូរ៉េ កោះតៃវ៉ាន់ និងជប៉ុន។
ក្រោយការចុះបញ្ជីស្ករត្នោតកំពង់ស្ពឺជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារនេះ លោក ហ៊ឹម ពិសិដ្ឋស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងការពារផលិតផលស្ករត្នោតកំពង់ស្ពឺផងដែរ។
«នេះគឺជាជោគជ័យរបស់យើងមួយហើយ អ៊ីចឹងសុំឲ្យរាជរដ្ឋាភិបាល លោកបន្តការគាំទ្រ ដំណើរការរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺហ្នឹងឲ្យកាន់តែជោគជ័យតទៅទៀត»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ឡៅ រាសី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្មបានទេនៅថ្ងៃសុក្រនេះ។
យ៉ាងណាក្តី លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការសម្រេចរបស់សហភាពអឺរ៉ុបដែលទទួលយកស្ករត្នោតកំពង់ស្ពឺជាទំនិញសម្គាល់ភូមិសាស្ត្រ កើតមានឡើងក្រោយការស្នើរបស់ក្រសួងពាណិជ្ជកម្ម។ លោកថា ការទទួលស្គាល់នេះ នឹងអាចជួយសម្រួលដល់ការទប់ស្កាត់ការក្លែងបន្លំស្ករត្នោតកំពង់ស្ពឺផងដែរ។
«ពេលដែលយើងបាន GI កាលណាយើងក៏ដោយ យើងលក់ទៅវាមានការបិទស្លាកសញ្ញាសម្គាល់ GI នៅលើផលិតផលហ្នឹង ដូច្នេះអាផលិតផល ដែលគាត់ធ្វើមិនត្រឹមត្រូវ គាត់ក្លែងក្លាយ គឺគាត់អត់មានស្លាកហ្នឹងបិទទេ ដូច្នេះថ្ងៃក្រោយទៅ យូរនិងឆាប់ អ្នកទិញគឺថា គាត់សំដៅទៅលើផលិតផលដែលមានម៉ាកត្រឹមត្រូវ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ឲ្យដឹងទៀតថា ក្រសួងកំពុងពិចារណាលើការចុះបញ្ជីផលិតផលកសិកម្មក្នុងស្រុកផ្សេងទៀតជាទំនិញសម្គាល់ភូមិសាស្ត្រ បន្ថែមលើម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ។ ផលិតផលមួយចំនួនដែលអាចចុះបានជាទំនិញសម្គាល់ភូមិសាស្ត្រក្នុងស្រុករួមមាន ក្រូចពោធិ៍សាត់ខេត្តបាត់ដំបង ក្រូចថ្លុងខេត្តក្រចេះ ផ្លែមៀនខេត្តប៉ៃលិន និង ពងទាកូនឃុំស្រែរនោង ខេត្តតាកែវ។
ស្ករត្នោតកំពង់ស្ពឺ ដែលបានក្លាយជាទំនិញសម្គាល់ភូមិសាស្ត្រ ចុះបញ្ជីការពារនៅសហគមន៍អឺរ៉ុបកាលពីពេលថ្មីៗនេះ មានប្រភពដើមមកពីស្រុកចំនួនបី គឺស្រុកឧត្តុង្គ ស្រុកសំរោងទងរបស់ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលរបស់ខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់របស់លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ៕