រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនមិនមានគម្រោងចូលរួមសន្និសីទពហុជាតិនៅខែក្រោយនៅក្នុងប្រទេសរុស្ស៊ីស្តីពីអនាគតរបស់អាហ្វហ្គានីស្ថានដែលនៅទីនោះពួកអ្នកតំណាងរបស់ពួកបះបោរតាលីបង់ក៏ត្រូវគេរំពឹងនឹងចូលរួមផងដែរ។
ក្រៅពីរដ្ឋាភិបាលក្រុងកាប៊ុលនិងពួកក្រុមតាលីបង់ រដ្ឋាភិបាលក្រុងមូស្គូបានអញ្ចើញប្រទេសសំខាន់ៗចំនួន១១ក្នុងតំបន់ រួមមានប្រទេសចិន ប៉ាគីស្ថាននិងអ៊ីរ៉ង់ឲ្យចូលរួមនៅក្នុងជំនួបថ្ងៃទី៤ ខែកញ្ញា នៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី។
លោក Sibhatullah Ahmadi អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ប្រាប់ VOA កាលពីថ្ងៃពុធថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានសម្រេចមិនបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅកាន់ការចរចានៅក្នុងប្រទេសរុស្ស៊ី ក៏ប៉ុន្តែ លោកមិនបានប្រាប់ពីមូលហេតុទេ។
មានសេចក្តីរាយការណ៍ថា ពួកមន្ត្រីអាហ្វហ្គានីស្ថាន មានការរកាំចិត្តពីព្រោះតែ រដ្ឋាភិបាលក្រុងមូស្គូមិនបានពិគ្រោះជាមួយពួកគេមុនពេលអញ្ជើញក្រុមតាលីបង់។
លោក Ahmadi អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយទៀតថា រដ្ឋាភិបាលឥស្លាមអាហ្វហ្គានីស្ថាន ត្រូវផ្តោតលើចំណុចសំខាន់នៃព្រឹត្តិការណ៍ដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោកដែលពាក់ព័ន្ធនឹងអាហ្វហ្គានីស្ថាន។
លោកបាននិយាយថា រដ្ឋាភិបាលក្រុងកាប៊ុលមានទំនាក់ទំនងដ៏រាក់ទាក់បំផុតជាមួយរដ្ឋាភិបាលក្រុងមូស្គូហើយប្រទេសទាំង២ជានិច្ចកាលបានពិគ្រោះគ្នាទៅវិញទៅមកអំពីបញ្ហាផ្សេងៗទៀត ជាពិសេសបញ្ហាដែលទាក់ទិននឹងដំណើរការសន្តិភាពនិងការផ្សះផ្សាជាតិដែលដឹកនាំដោយអាហ្វហ្គានីស្ថាន៕