ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក គឹម សន្តិភាព​ប្រាប់​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ​ប្រយ័ត្ន​ពាក្យ​សម្តី


ក្រសួង​យុត្តិធម៌នៃ​ប្រទេស​កម្ពុជា​
ក្រសួង​យុត្តិធម៌នៃ​ប្រទេស​កម្ពុជា​

ការព្រមាន​នេះ​កើតមាន​ឡើង​បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​៤ខែ​ឧសភា​ដោយ​​ចោទ​ប្រកាន់​តុលាការ​រាជធានី​ភ្នំពេញ​ថា ​បាន​រំលោភ​លើ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត​។

អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ព្រមាន​ដល់​គណបក្ស​សង្គ្រោះជាតិ​កុំ​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​ឬចេញ​សេចក្តី​ថ្លែងការណ៍​បញ្ចេញ​ជំហរ​អ្វី​ទៀត​ពាក់​ព័ន្ធ​នឹង​ការកោះហៅ​របស់​តុលាការ​រាជធានី​ភ្នំពេញ​ឱ្យ​អ្នក​តំណាងរាស្រ្ត​គណបក្សប្រឆាំង​មក​ឆ្លើយ​បំភ្លឺនៅ​ក្នុង​សំណុំ​រឿង​ដែល​កំពុងតែស្ថិតក្រោម​ការស៊ើបអង្កេត​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​និង​បណ្តឹង​បរិហារកេរ្តិ៍។

លោក ​គឹម​ សន្តិភាព ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធ​ថា​៖

«សូម​រំលឹកថា​ សូម​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុងការ​ផ្សព្វផ្សាយ​ ធ្វើ​អត្ថាធិប្បាយ​ ឬ​សេចក្តី​សេចក្តី​ថ្លែងការណ៍​នានា​ទាក់​ទង​នឹង​ចំណាត់​ការ​របស់​ស្ថាប័ន​តុលាការ​ព្រោះ ​អាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់‍»។

ចំណាត់​ការ​ផ្លូវ​ច្បាប់​ដែល​លោក​និយាយ​យោង​ដល់​នោះគឺ​ការដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ដល់​ប្រាំមួយ​ខែ​និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​ទៅមួយ​លាន​រៀល​ដោយ​សារ​រារាំង​កិច្ចការ​តុលាការ។

ការព្រមាន​នេះ​កើតមាន​ឡើង​បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​៤ខែ​ឧសភា​ដោយចោទ​ប្រកាន់​តុលាការ​រាជធានី​ភ្នំពេញ​ថា ​បាន​រំលោភ​លើ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត​ដោយ​សារ​បាន​ចេញ​ដីកា​កោះហៅ​អ្នកតំណាងរាស្រ្ត​របស់​ខ្លួន​ចំនួន​បីនាក់​ឱ្យ​ឡើង​តុលាការ​នៅ​សប្តាហ៍ក្រោយ។

យោង​តាម​ដីកា​កោះ​ចំនួន​បី​ផ្សេង​គ្នា​ ​ពីតំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​ VOA​ ​បាន​ទទួល​នាថ្ងៃ​អង្គារ​ ​ឲ្យដឹង​ថា​ ​លោក​កឹម សុខា​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ ​ត្រូវ​បាន​ ​ព្រះរាជ​អាជ្ញារង​ កែវ​ សុជាតិ​ ​កោះ​ហៅ​ ​ឲ្យ​ចូល​ខ្លួន​នាថ្ងៃ​ទី១១​ខាងមុខ។ ​ក្នុង​ដីកា​ដដែល​បាន​ឲ្យ​ផង​ដែរ​ថា​ ​លោក កឹម សុខា​ ​និង​ត្រូវ​ចូល​បំភ្លឺ​ទាក់ទិន​នឹង​រឿង​បរិហារកេរ្តិ៍​នាង​ធី​ សុវណ្ណថា​ អតីត​អ្នកគាំទ្រ​គណបក្ស​នេះ​ ​តាម​រយៈ​ខ្សែ​អាត់​សំឡេង​ដែល​ផ្សាយ​តាម​ គេហទំព័រ​ព័ត៌មាន ​Freshnews។​ ​ដោយ​ឡែក​ ​នៅ​ក្នុង​ដីកា​កោះ​ពីរ​ផ្សេង​ទៀត​ដែល​ចេញ​ដោយ​ ​លោក​សៀងសុខ​ឲ្យ​ដឹង​ថា​ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ផ្សេង​ទៀត​គឺ​ ​លោក​ពិន រតនា​ ​តំណាង​រាស្ត្រ​ខេត្ត​កណ្តាល​ និង​លោក​ តុប វ៉ាន់ចាន់ ​តំណាង​រាស្ត្រ​ ​ខេត្ត​បាត់ដំបង​ ​ត្រូវ​បាន​កោះ​ ​ឲ្យ​ចូល​ខ្លួន​នាថ្ងៃ​ទី​១៦​ ​ខែ​ឧសភា​ក្នុង​នាម​ «ជា​ជន​សង្ស័យ»​ក្នុង​សំណុំរឿង​អំពើ​ពេស្សាចារ។​

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ឆ្លើយ​តបថាសមាជិក​សភា​របស់​ខ្លួន​នឹងមិន​ទៅ​តាម​ដីកា​កោះ​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​រំលោភច្បាប់​នោះ​ឡើយ‍។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា៖

«រាល់​ការចេញ​ដីកា​កោះហៅ​តំណាងរាស្រ្ត​ដែល​មាន​អភ័យ​ឯកសិទ្ធិ​សភា ​ពី​សំណាក់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គឺជា​ការ​ប្រើ​អំណាច​ដោយ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាងរាស្ត្រដែល​ធានា​ការពារ​ដោយ​មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា‍»។​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ គឹម សន្តិភាព ​បាន​ រិះគន់​សេចក្តី​ថ្លែង​ការណ៍​នេះ​ ថា​ធ្វើ​ឡើង​ដោយ​«ខ្វះ​មនសិការ​ផ្លូវច្បាប់‍»។

លោកគឹម សន្តិភាព​បាន​សរសេរ​ថា៖​«មិន​នឹក​ស្មាន​ថា​ ក្នុង​នាម​ក្រុម​សមាជិក​សភា​គណបក្ស​មួយ​អាច​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដែល​ខ្វះ​មនសិការ​ផ្លូវច្បាប់​បែប​នេះ‍»។​

លោកទាញ​អំណះអំណាង​ថា​ការកោះហៅ​របស់​ស្ថាប័ន​អយ្យការ​លើ​បុគ្គល​ណាម្នាក់​គឺ​ពុំ​មែន​ជា​ការចោទ​ប្រកាន់​ ការចាប់​ខ្លួន ​ការឃាត់​ខ្លួន​ឬការឃុំ​ខ្លួន​នោះ​ទេ។

យោងតាមមាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ​បាន​ហាមឃាត់​មិន​ឱ្យ​ចាប់​ខ្លួន ​ឃាត់​ខ្លួន​ ឬឃុំ​ខ្លួន​អ្នក​តំណាងរាស្រ្ត​ដោយ​សារ​តែ​សំដែង​យោបល់​ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។

លោកកឹម សុខា​និង​គូកន​ក៏ ​ប្រឈម​មុខ​នឹង​បណ្តឹង​របស់​នាង​ ខុម ចាន់តារ៉ាទី​ ទាមទារ​សំណង​៣០ម៉ឺន​ដុល្លារ​ដោយ​នាង​ចោទ​ថា​លោក​កឹម សុខា​បោកប្រាស់​នាង​ក្នុង​ល្បែង​ស្នេហ៍​លួចលាក់៕

XS
SM
MD
LG