ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កោះ​ហៅ​លោក​ កឹម សុខា​ និង​អ្នក​តំណាងរាស្រ្ត​ពីររូប

  • នៅ វណ្ណារិន

រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)

អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រាប់​ VOA ​ឲ្យដឹង​ថា​តំណាង​អយ្យការ​ពីរ​រូប​នៃ​សាលា​ដំបូង​ បាន​ចេញ​ដីកាកោះ​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទាក់ទិន​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​នាង​ ធី សុវណ្ណថា​ និង​តំណាង​រាស្ត្រ​ពីរ​រូប​នៃ​គណបក្ស​ជំទាស់ ពាក់​ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​នាង​ ខុម ចាន់តារ៉ាទី​ នា​ពេល​ថ្មីៗ​នេះ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​បន្ត​ចេញ​ដីកាកោះ​បន្ថែម​ទៀត រួមទាំង​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​របស់​គណបក្ស​នេះ​ ទាក់ទិន​នឹង​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា ​ដែល​គេ​ចែកចាយ​តាម​បណ្តាញ​ហ្វេសប៊ុក​ ចាប់​តាំង​ពី​ដើម​ខែ​មីនា​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ​នាថ្ងៃ​អង្គារ​នេះ។

លោក​ លី សុផាន់ណា​ អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រាប់​ VOA ​ឲ្យដឹង​ថា​តំណាង​អយ្យការ​ពីរ​រូប​នៃ​សាលា​ដំបូង​ បាន​ចេញ​ដីកាកោះ​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទាក់ទិន​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​នាង​ ធី សុវណ្ណថា​ និង​តំណាង​រាស្ត្រ​ពីរ​រូប​នៃ​គណបក្ស​ជំទាស់ ពាក់​ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​នាង​ ខុម ចាន់តារ៉ាទី​ នា​ពេល​ថ្មីៗ​នេះ។

មុន​ពេល​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​លម្អិត​ទាក់ទិន​នឹង​រឿង​ក្តី​ទាំង​ពីរ​នោះ លោក​ លី សុផាន់ណា​ បញ្ជាក់​ប្រាប់​VOA​ថា៖ «ខាង​តំណាង​អយ្យការ​បានកោះ​ហៅ​អញ្ជើញ​លោក​ កឹម សុខា​ និង​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​ នៅ​លើ​សំណុំ​រឿងពីរ​ផ្សេងពី​គ្នា ដើម្បី​ចូល​មក​ឆ្លើយ​បំភ្លឺ។ រឿង​ពាក់​ព័ន្ធ​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា​ ដែល​គាត់​ប្តឹង​ ហើយ​ដល់​ពេល​សំណុំ​រឿង​នៅ​លើ​លោក​ សៀង សុខ​ គឺ​ពាក់​ព័ន្ធ​នឹង​កញ្ញា​ ស្រីមុំ»។​

យោង​តាម​ដីកា​កោះ​ចំនួន​បី​ផ្សេង​គ្នា​ពី​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ VOA បាន​ទទួល​នាថ្ងៃ​អង្គារ ឲ្យ​ដឹង​ថា លោក​ កឹម សុខា​ ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ព្រះរាជ​អាជ្ញារង​ កែវ​ សុជាតិ កោះ​ហៅ ឲ្យ​ចូល​ខ្លួន​នាថ្ងៃ​ទី១១​ខាងមុខ។ ​ក្នុង​ដីកា​ដដែល​បាន​ឲ្យ​ផង​ដែរ​ថា លោក កឹម សុខា នឹង​ត្រូវ​ចូល​បំភ្លឺ​ទាក់ទិន​នឹង​រឿង​បរិហារកេរ្តិ៍​នាង​ ធី​ សុវណ្ណថា តាមរយៈ​ខ្សែ​អាត់​សំឡេង​ដែល​ផ្សាយ​តាម​គេហទំព័រ​ព័ត៌មាន​ Freshnews។

ដោយ​ឡែក នៅ​ក្នុង​ដីកា​កោះ​ពីរ​ផ្សេង​ទៀត​ដែល​ចេញ​ដោយ​លោក​ សៀង សុខ ​ឲ្យ​ដឹង​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ផ្សេង​ទៀត​គឺ លោក​ ពិន រតនា តំណាង​រាស្ត្រ​ខេត្ត​កណ្តាល​ និង​លោក​ តុប វ៉ាន់ចាន់ ​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង ត្រូវ​បាន​កោះ​ឲ្យ​ចូល​ខ្លួន​នាថ្ងៃ​ទី១៦ ខែឧសភា​ក្នុង​នាម​«ជា​ជន​សង្ស័យ»។​

នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ស្រីមុំ ពាក់​អាវ​យឺត​ពណ៌ខ្មៅ​ ដើរ​ចូល​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃអង្គារ​ ទី១៩​ ខែ​មេសា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ស្រីមុំ ពាក់​អាវ​យឺត​ពណ៌ខ្មៅ​ ដើរ​ចូល​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃអង្គារ​ ទី១៩​ ខែ​មេសា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

កាល​ពី​ខែមីនា​កន្លង​ទៅ ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា​ដែល​គេ​ចោទ​ថា​ជា​សំឡេង​របស់​លោក​ កឹម សុខា​ និង​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​«អាមុំ​» ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ គណនី​ហ្វេសប៊ុក​នានា និង​ត្រូវ​បាន​គេ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។ ​ដោយ​មាន​ការ​ប្តឹង​ផ្តល់​ពី​នាង ធី សុវណ្ណថា តុលាការ​ក្រុង​ភ្នំពេញ​ បាន​បញ្ជូន​ឲ្យ​នាយក​ដ្ឋាន​ប្រឆំាង​ភេរវកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ការ​ស៊ើប​អង្កេត។ កាលពី​ថ្ងៃទី​១១ ខែ​មីនា​កន្លង​ទៅ នាង​ ខុម ចាន់តារ៉ាទី​ បាន​ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆំាង​ភេរវកម្ម​ ដោយ​បដិសេធ​ថា​ នាង​មិន​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​នឹង​លោក ​កឹម ​សុខា នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ការ​សាកសួរ​ជា​ច្រើន​លើក​ រួមទំាង​ការ​ផ្តល់​ចម្លើយ​ដល់​តុលាការ​ក្រុង​ភ្នំពេញ​ នាង​បានសារ​ភាព​ថា​សំឡេង​នោះ​ ជា​សំឡេង​ពិត​របស់​នាង។ ​ប៉ុន្មាន​ថ្ងៃបន្ទាប់ គឺ​នា​ថ្ងៃ​ទី២២​ ខែ​មេសា ឆ្នាំ​២០១៦ នាង​ស្រីមុំ បាន​ចេញ​លិខិត​ចំហ​មួយ ​ចោទ​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់​នេះ​ថា បាន​រួម​គំនិត​លួងលោម​ឱ្យ​នាង​និយាយ​បដិសេធ​ ចំពោះ​មុខ​សមត្ថកិច្ច​នូវ​ចំណង​ទាក់ទង​ស្នេហា​ជាមួយ​នឹង​លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​លិខិត​ដដែល​នោះ នាង​ស្រីមុំ ​បាន​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ទាមទារ​ការ​សង​ជំងឺ​ចិត្ត​៣០ម៉ឺន​ដុល្លារ ​ពី​លោក​ កឹម សុខា​ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត។​

VOA​ មិន​អាច​ទាក់​ទង​លោក កឹម សុខា ​ដើម្បី​សុំ​ក្តី​អធិប្បាយ​បាន​ទេ ​នា​ថ្ងៃ​អង្គារ​នេះ។ កាល​ពី​ខែ​កន្លង​ទៅ លោក​ កឹម សុខា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​ជំហរ​«មិនឈ្លោះ មិនឆ្លើយ​ និង​មិនឆ្លង»។

លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​ និង​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​ជំទាស់​ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ ដោយ​លើក​ឡើង​យ៉ាង​ដូច្នេះ៖ «ខ្ញុំធ្វើការ​នៅ​ក្នុង​គណ​បក្ស​សង្គ្រោះជាតិ​ ​គឺ​មក​ជួយ​ជាតិ គឺ​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ ​ដល់​មក​ពាក់​ព័ន្ធ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​អញ្ចឹង​ខ្ញុំ​សុំមិន​ធ្វើ​ការ​អធិប្បាយ​ទេ»។​

ដោយ​ឡែក លោក កែម ឡី​ ​អ្នក​ស្រាវ​ជ្រាវ​សង្គម ​និង​អ្នក​វិភាគ​នយោ​បាយ​ ថ្លែង​ថា​ស្ថានភាព​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​ គឺវា​ស្រដៀង​នឹង​ឆ្នាំ១៩៩៧ គឺ​មុន​ការ​បោះឆ្នោត​លើកទីពីរ​ក្នុង​ប្រ​ទេស​កម្ពុជា ជា​ពេល​ដែល​គណបក្ស​កាន់​អំណាច​ព្យាយាម​បំបែក​គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ។ ​យ៉ាង​ណា​ក៏​ដោយ​ អ្នកវិភាគរូប​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​គួរតែ​ត្រៀម​បេក្ខភាព​បម្រុង​ជំនួស​ឲ្យ​តំណាង​គណ​បក្ស​ខ្លួន ​ក៏​ដូច​ជា​តំណាងរាស្ត្រ​ផង​ដែរ។

លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

លោក កែម ឡី បញ្ជាក់​ប្រាប់​VOA​ ថា៖ «ត្រូវតែ​ត្រៀម​ ទាំង​ប្រធាន​ អនុប្រធាន​ក៏​ដោយ សមាជិក​សភា​ក៏ដោយ ​អីក៏ដោយ​ ព្រោះ​ខ្ញុំ​មើល​ទៅ​មិន​ខុស​ពី​ឆ្នាំ​១៩៩៧​នោះ​ទេ អញ្ចឹង​ហ្អា។ អញ្ចឹង​បើ​សិន​ជា​គណបក្ស​ ​ប្រឆំាង​ត្រៀមខ្លួន​បាន​ល្អ​ ​អ្នក​មើល​ល្ខោន​កាន់​តែ​អាណិត​អាសូរ។​ គេ​ធ្វើបាប​តួអី ជោគជាំ​ អីហ្នឹង​ គេអា​ណិត​អាសូរ ​ហើយ​ដល់​ពេល​បោះ​ឆ្នោតគឺ​ស៊ីដាច់​តែ​ម្តង​ ​ខ្ញុំមើល​ទៅ​ហ្អា។ ឲ្យតែ​យើង​ មាន​តួ​សម្រាប់​ជំនួស​បន្តៗ​រហូត​ទៅ​ដល់​ឆ្នាំ​២០១៧»។

ការ​កោះ​ហៅ​តំណាង​រាស្ត្រ​ និង​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​ជំទាស់​ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ ​ចោទ​ជា​ជា​ផ្លូវ​ការ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អាដហុក​ទាំង​បួន​នាក់​ពី​បទ​«សូក​ប៉ាន់​សាក្សី» អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប) ​ចំនួន​១​រូប​ពី​បទ​«សម​គំនិត​សូក​ប៉ាន់​សាក្សី» និង​ចោទ​កំបាំង​មុខ​ដល់​បុគ្គលិក អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មួយ​រូប​ផង​ដែរ។​

អង្គការ​សង្គម​ស៊ីវិល និង​ស្ថាន​ទូត​នា​នា​ ធ្វើការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជា​បន្ត​បន្ទាប់​ដោយ​ប្រព័ន្ធ​តុលាការ​នេះ បន្ទាប់ពី​ទំនាក់​ទំនង​រវាង​គណ​បក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន និង​គណបក្ស​ជំទាស់​មាន​ភាព​រង្គោះរង្គើរ​នោះ៕

XS
SM
MD
LG