ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក សម រង្ស៊ី ថា ការនៅ​និរទេស​ខ្លួន​ជួយ​បន្ថយ​ការតានតឹង​នយោបាយ


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ ( សឹង សុផាត/VOA)

ការ​ថ្លែង​ការពារ​យុទ្ធសាស្ត្រ​និរទេស​ខ្លួន​របស់​លោក​សម រង្ស៊ី​ កើត​មាន​ឡើងនៅ​ចំពេល​មេដឹកនាំ​សមាជិក​ និង​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​ការ​វាយ​ប្រហារ​មិន​ចេះ​ឈប់​ពី​បក្ស​គ្រប់​គ្រង​ប្រទេស។

មេដឹកនាំ​បក្សប្រឆាំង​លោក​ សម រង្ស៊ី​ បាន​ថ្លែង​ការពារ​ការ​និរទេស​ខ្លួន​របស់​លោក នៅ​ក្រៅ​ប្រទេស​ថា​ ជា​ជម្រើស​មួយ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ ខណៈ​ដែល​អ្នកនាំពាក្យ​បក្សកាន់​អំណាចហៅ​ការការពារ​ខ្លួន​របស់​មេបក្ស​ប្រឆាំង​ថា​ ជា​អ្នក​នយោបាយ​មិន​ហ៊ាន​លះបង់​ដើម្បី​ជាតិ​នោះ​ទេ។​

រីឯ​ក្រុមអ្នកវិភាគ​នយោបាយ​ខ្មែរ​ មាន​ទុទិដ្ឋិនិយម​ថា​ អ្នកនយោបាយ​បក្ស​ទាំង​ពីរ​គ្មាន​ឆន្ទៈ​ ក្នុង​ការ​ជួប​ជជែក​គ្នា​ដើម្បី​រក​ផ្លូវ​រំលត់ជម្លោះ​នយោបាយ ​ក្រៅ​តែ​ពី​ការ​បង្ក​រឿង​ឈ្លោះ ​និង​យក​មុខមាត់​ជា​វីរៈ​បុរសតែ​ប៉ុណ្ណោះ។​ ​

ការ​ថ្លែង​ការពារ​យុទ្ធសាស្ត្រ​និរទេស​ខ្លួន​របស់​លោក​សម រង្ស៊ី​ កើត​មាន​ឡើងនៅ​ចំពេល​មេដឹកនាំ​សមាជិក​ និងតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​ការ​វាយ​ប្រហារ​មិន​ចេះ​ឈប់​ពី​បក្ស​គ្រប់​គ្រង​ប្រទេស​និង​បន្ទាប់​ពី​ លោក​ អ៊ូ​ វីរៈ​ អ្នក​វិភាគ​នយោបាយ​ដែល​កំពុងរង​ពាក្យបណ្តឹង​ បាន​បញ្ចេញ​មតិ​អំពី​ភាពមិនប្រាកដ​ប្រជា​ ​នៃ​ការខុស​ប្លែកគ្នា​នៃ​ស្ថានភាព​នយោបាយ​ ទាក់​ទង​នឹង​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​របស់​មេបក្ស​ប្រឆាំង​នៅ​ខែ​វិច្ឆិកា​កន្លង​ទៅ​ និង​នៅ​ក្នុង​ស្ថានភាព​នយោ​បាយបច្ចុប្បន្ន។​ ​

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​យោបល់​របស់​លោកសម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ផ្សាយ​លើ​ទំព័រ​បញ្ចេញ​មតិ​របស់​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ The Cambodia Daily​ នៅថ្ងៃ​ពុធ​ ទី​៤​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ លោក​សម រង្ស៊ី​ បាន​សរសេរ​ថា​៖​

«ដោយ​យោងទៅលើ​អង្គហេតុ​នៃ​បញ្ហា ​ព្រឹត្តិការណ៍​ដែល​មិនបាន​រំពឹងទុក​ជាមុន​ជាច្រើន​ បាន​កើត​ឡើង​ជាបន្តបន្ទាប់​ និង​ឆាប់​រហ័ស​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​ នៅ​ថ្ងៃ​ទី១៣​ នៃ​ខែ​នោះ ​ខណៈ​ដែល​ខ្ញុំ​ ជួប​ជុំ​ជាមួយ​កម្មករ​ខ្មែរ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​មួយ​ ក្បែរ​ទីក្រុង​ សេអ៊ូល​ ខ្ញុំ​បាន​ដឹង​ថា​ ដីកា​ចាប់​ខ្លួន​ត្រូវ​បាន​ចេញ​មកដល់​ខ្ញុំ​ ​នៅ​ថ្ងៃ​នោះ​ នា​ទីក្រុង​ភ្នំពេញ​ ថ្វី​បើ ខ្ញុំ​មាន​អភ័យ​ឯកសិទ្ធិ​ជា​តំណាង​រាស្រ្ត​។​ ខ្ញុំ​បាន​និយាយ ​ជា​សាធារណៈ​នៅ​ក្នុង​ថ្ងៃ​នោះ​ថា​ ការណ៍​នេះ​នឹង​មិន​អាច​ប្តូរ​ផែនការ​របស់​ខ្ញុំ​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅថ្ងៃទី ១៦​ ដូចដែល​បាន​គ្រោង​ទុក​នោះ​ទេ​»។​

លោក​បន្ត​ថា​៖​ «​នៅ​ព្រឹកថ្ងៃ​ទី​ ១៦​នោះ​ ខ្ញុំ​បាន​ដឹង​ថា​ សភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​កម្ពុជា​ បាន​ដកហូត​អភ័យ​ឯកសិទ្ធិ​របស់​ខ្ញុំ​ដោយ​ខុសច្បាប់​ ដែល​ដូច​ជា​បាន​ ដក​អាវុធ​ការ​ពារ​ខ្លួន​ សម្រាប់​សមរភូមិ​ផ្លូវ​ច្បាប់ ដែល​ខ្ញុំត្រៀម​សម្រាប់​ប្រតិបត្តិ​ការ​នៅហ្នឹង​កន្លែង។​ បន្តិចក្រោយមក​ ខ្ញុំ​ក៏ទទួល​ទូរស័ព្ទ​មក​ពី​ឯក​អគ្គរដ្ឋ​ទូត​មួយ​រូប​នៃ​ប្រទេស​ជា​មិត្ត​មួយ​ បាន​នាំសារ​ពី​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​រូប​ដែល​មាន​បំណង​ល្អ​ សុំ​ឲ្យ​ខ្ញុំ​ពន្យា​ពេល​ការ​វិលត្រឡប់​របស់​ខ្ញុំ​ ដោយ​ទុក​ពេល​ឲ្យ​គាត់​ ធ្វើ​ការ​រក​ដំណោះស្រាយ​បន្ថយ​ភាពតាន​តឹង​ ដ៏គ្រោះ​ថ្នាក់​ជាមុន​សិន»។​

លោក​សម រង្ស៊ី​ បញ្ជាក់​បន្ត​ថា​ លោក​បាន​សម្រេច​ចិត្ត​មិន​ត្រឡប់​មក​ប្រទេស​វិញ​ ដោយ​លោក​បាន​ទទួល​ទូរស័ព្ទ​ ពីលោក​ អេង​ ឆៃអ៊ាង​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ដែល​ប្រាប់​រូបលោក​ថា​ សមាជិក​សភា​បក្ស​ប្រឆាំង​បានផ្តល់​អនុសាសន៍​ជា​ឯកច្ឆ័ន្ទ​មួយ​ឲ្យ​លោក​ ពន្យា​ពេល​វិលត្រឡប់​ចូល​ស្រុកខ្មែរ​ ដោយ​សារ​តែ​អំពើ​ហិង្សា​មួយ​អាច​នឹង​កើត​មាន​ឡើង​ ដែល​ក្រុមមនុស្ស​របស់​បក្ស​ប្រជាជន​កម្ពុជា​ អាច​បង្កឡើង​ ភ្លាមៗ​ ពេល​ដែល​យន្ត​ហោះ​របស់​លោក​ចុះដល់​ដី​ក្នុង​ព្រលាន​យន្តហោះ​។​

មេបក្ស​ជំទាស់​រូប​នេះ​ ក៏ចោទ​ជា​សំណួរ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​លោក​ថា​៖​ «​តើមេដឹកនាំ​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ អាច​នឹង​មានការសម្រេចចិត្ត​យ៉ាង​ដូចម្តេចលើការ​វិលត្រឡប់​របស់​លោក នៅ​ក្នុង​កាលៈ​ទេសៈ​បែប​នេះ​ ប្រសិន​បើ​លោក​អះអាង​ពី​ការទទួលខុសត្រូវ?»​

លោក សុខ​ ឦសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​ ហ៊ុន សែន​ មិនអាច​ឆ្លើយ​សំណួរ​ លោក​ សម រង្ស៊ី​ខាងលើ​នេះ​ ​បាន​ទេ​ ប៉ុន្តែលោក​បាន​ប្រាប់​ VOA ថា​ ​លោក សម រង្ស៊ី គ្មាន​ជ​ម្រើស​ណាក្រៅ​ពី​ចូល​ពន្ធនាគារ​ ហើយ​ថា​ អំពើ​ហិង្សា​ណា​នោះ​ក៏មិន​អាច​កើតមាន​ឡើង​បាន​ដែរ។​

«គាត់​ខ្លាច​គុក​ទេ​ វា​មិនមែន​ខ្លាច​មាន​អំពើ​ហិង្សា​ទេ។​ មាន​អ្នកណា​ការពារ​គាត់​?​ ព្រោះ​គាត់​ល្មើស​ច្បាប់​ ហើយ​ជា​ទណ្ឌិត​ទៅ​ហើយ​នោះ​។​ តុលាការ​សាលា​ឧទ្ធរណ៍​ សាលាដំបូង​គេ​កាត់​សេចក្តី​ មាន​សាល​ក្រម​ ​សាល​ដីកា ​ជាស្ថាពរ​ហើយ អីចឹង​មាន​អ្វី​ត្រូវ​គាត់​តវ៉ា​ អីទៀត​ តែមក​ហ្នឹង​គឺថាខ្នោះ​គ្រឹប​ហើយ​ គេទៅ​ទទួល​ពី​ជណ្តើរ​កប៉ាល់​ហោះ​ យក​ទៅ​ដាក់​គុកព្រៃ​ស​ ហើយ​ អាហ្នឹង​ គាត់​ខ្លាច​ អាហ្នឹង​ អ្ហាតើ»។​

លោក​បន្ថែម​ថា​ លោក​មិន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ថ្លែង​របស់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ​ ហើយ​ថា​ ភាពរុញរា​របស់​ប្រធាន​បក្ស​រូបនេះ​ ចំពោះ​ការ​អនុវត្ត​ទោស​ បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​មិនមាន​ការ​លះបង់​ពិតប្រាកដ​ចំពោះ​ប្រជាជាតិ​ខ្មែរ​នោះ​ទេ។​

«គាត់​ខ្លាច​គុក​ហ្នឹង​ បាន​គាត់​មិនហ៊ាន​ អានេះហើយ​ គឺជាអ្នក​នយោបាយ​ ជាប្រធាន​គណបក្ស​ មួយ​ដែល​ថា​ស៊ូស្លាប់​ ដើម្បី​ជាតិ​នោះ​ តែគ្រាន់​តែ​គុក​ពីរឆ្នាំ​ខ្លាច​ដែរ​ អាហ្នឹង​មិនដឹង​ទៅ​ស៊ូ​ស្លាប់​ដើម្បី​ជាតិ​តាម​កន្លែង​ណា»។​

លោក​ សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​សម្រេច​លុបចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ​កាល​ពី​ថ្ងៃ​ទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​កាត់​ទោស​រូបលោក​។​

លោក​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ដែល​ថា​ លោក ​ហោ ណាំហុង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរក្រហម ​ពេល​ដែល​លោក ហោ ណាំហុង​ ​នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹង ត្របែក​។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ស្រុក​ បាន​ប្រាប់​ VOA​ ថា​ លោក​ចង់​ឃើញ​ អ្នក​នយោបាយ​នៃ​បក្ស​ទាំងពីរ​ ​ងាក​មក​ជជែក​គ្នា​ បញ្ចប់​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ផ្នែក​នយោបាយ​ ដោយសារ​តែ​ចង់​ធ្វើ​ជា​វីរៈបុរស​រៀងៗ​ខ្លួន។​

«ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ ជម្លោះ​ទេ​ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ជ​ម្រើស​ដល់​ថា្នក់​ទៅ​ជាជម្លោះ​ ជាជម្រើស​នៅ​គុក​ ឬ​មួយ​នៅ​ក្រៅ​ប្រទេស​អីចឹង​ទេ​។​ ខ្ញុំ​មើល​ទៅ​ជម្រើស​ទាំង​ពី​រ​គឺ​ ជាជម្រើស​កម្សត់​សម្រាប់​ជាតិ​មែន​ទែន​ យើង​គួរ​អាណិត​ជាតិ​ ហើយ​មិន​មិន​គួរ​តែ​បែប​ហ្នឹង​ទេ»។​

នៅ​គ្រា​ដែល​ លោក​ សម រង្ស៊ី ​ស្ថិត​នៅ​ក្រៅ​ប្រទេស​ បក្សប្រឆាំង​បាន​រងការ​វាយ​ប្រហារ​តាមផ្លូវ​ច្បាប់​ ជា​បន្តបន្ទាប់​ រាប់​ពី​អនុ​ប្រធានបក្សគឺ​ លោក​ កឹម សុខា តំណាងរាស្ត្រជាច្រើន​រូប​ និង​មន្ត្រី​ថ្នាក់ឃុំ​។ ថ្មីៗ​នេះ​ តុលាការ​ក្រុងភ្នំពេញ​ បាន​ចេញដីកា​កោះ​ហៅ​ លោក​ កឹម សុខា​ ឲ្យចូល​ខ្លួន​បំភ្លឺ​ បណ្តឹង​បរិហា​កេរ្តិ៍​របស់​នាង​ ធី​ សុវណ្ណថា​ និង​តំណាងរាស្រ្ត​ពីររូប​នៃ​គណបក្ស​ជំទាស់​គឺ លោក​ ពិន រតនា តំណាង​រាស្ត្រ​ខេត្ត​កណ្តាល​ និង​លោក​តុប​ វ៉ាន់​ចាន់ ​តំណាង​រាស្ត្រ​ខេត្ត​បាត់​ដំបង​ ពាក់​ព័ន្ធ​នឹង​ចម្លើយ​សារ​ភាពរបស់​ស្រ្តី​ម្នាក់​ក្នុង​រឿងអា​ស្រូវ​ស្នេហា​លួច​លាក់​ដែល​គេ​សង្ស័យ​ជា​របស់​លោក​ កឹម សុខា។​

មេឃុំ​បក្ស​ប្រឆាំង​ម្នាក់​នៅខេត្តកំពង់ចាម គឺ​ លោក​ ស៊ាង ចែត​ ក៏​បាន​ជាប់​ឃុំ​ដោយសាររឿង​អាស្រូវ​ស្នេហា​លួចលាក់​នេះ​ដែរ។​ ចំណែក​ឯ ​លោក​ អ៊ុំ​ សំអាន​ តំណាងរាស្រ្ត​ខេត្ត​សៀម​រាប​ ក៏កំពុង​ជាប់​ឃុំ​ក្នុងសំណុំ​រឿង​ផែន​ទី​ និង​ព្រំដែន​កម្ពុជា​ វៀត​ណាម​។​

លោក​ អ៊ូ វីរៈ​ អ្នកវិភាគ​នយោបាយ​ បន្ត​ថា​ អ្នកនយោបាយ​នៃ​បក្ស​ទាំង​ពីរ​ដែល​មាន​កៅ​អី​ក្នុង​សភា​ គួរ​រក​ផ្លូវ​ជួប​ជជែក​គ្នា​ ដើម្បី​ឲ្យ​មានការ​វិល​ត្រឡប់​មកវិញ​នៃ​មេបក្ស​ប្រឆាំង​ ជាជាង​ប្រឈម​មុខ​។​

«ដើម្បី​ផលប្រយោជន៍​ជាតិ​ តាមពិត​គណបក្ស​នយោបាយ​ទាំង​សង​ខាង​ គួរតែ​ចាប់​ផ្តើម​ជជែក​គ្នា​ ធ្វើ​ម៉េច​ឲ្យ​លោក​ សម រង្ស៊ី​ វិលត្រឡប់​មក​វិញ​ ដោយ​មិន​ជាប់​គុកបាន​ ហើយ​លោក សម​ រង្ស៊ី​ ក៏ត្រូវ​តែ​ ទទួល​ទីមួយ​កុំ​ឲ្យ​លាប​ពណ៌​ កុំឲ្យ​ដូចថា​ ជេរ​ប្រមាថ​ សុទ្ធតែ​ខ្មែរក្រហម​ ឬ​មួយ​ ប៉ុល​ ពតអី​ អាហ្នឹង​ ខ្ញុំ​មើល​ទៅ​ ឬមួយ​ក៏លាប​ពណ៌​អាយ៉ង​យួន​ ឬមួយ​ក៏យើង​ស្អី​ក្បាលយួន​អី​ ខ្ញុំ​មើល​ទៅ​ ជារឿង​មួយ​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត​ បើសិន​ជាករណី​ រឿង​គាត់​ចង់​និយាយ​រឿង​ព្រំដែន​ គាត់​គួរតែ​និយាយ​រឿង​ព្រំដែន​ អាហ្នឹង​ជាសិទ្ធិ​របស់​គណបក្ស​ប្រឆាំង​»​។​

ថ្វីដ្បិត​តែមាន​ការ​ចង់​បាន​កិច្ច​សន្ទនា​រវាង​អ្នកនយោបាយ​នៃ​បក្ស​ទាំងពីរ​តាម​ការលើកឡើង​របស់​ លោក​ អ៊ូ វីរៈ​ ដែល​កំពុង​រងបណ្តឹង​បរិហាកេរ្តិ៍​ពីបក្ស​កាន់​អំណាច​ លោក​ សុខ ឦសាន​ អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​តំណាងរាស្ត្រ បញ្ជាក់​ថា​ ការ​ជួបសន្ទនា​អាច​ធ្វើ​ទៅ​បាន​ លុះត្រា​តែ​ លោក​ សម រង្ស៊ី​ ព្រមចូល​មក​អនុវត្ត​ទោ​ស​របស់​លោក​។​

យ៉ាងណាក៏ដោយ​ លោក​ អេង ឆៃ​អ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ បន្តគាំទ្រ​ជំហរ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​របស់​ លោក​ សម រង្ស៊ី​។​ លោក​បន្ថែម​ថា​ ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ខិត​ស្វែងរក​ច្រក​សម្រាប់​ចរចា​ ជាមួយ​បក្ស​គ្រប់​គ្រង​ប្រទេស​ ដើម្បី​បន្ថូរ​កម្តៅ​នយោបាយ​ ដែល​កាន់​តែ​ក្តៅ​ឡើង​ៗ។​

«យើង​នឹង​ប្រឹង​ប្រែង​ ព្រោះ​ទោះបី​វប្បធម៌​សន្ទនា​ មាន​ភាព​រអាក់​រអួលក៏ដោយ​ ក៏យើង​នៅ​តែ​ប្រឹង​ប្រែង​។​ យើង​ត្រូវ​ការ​ចង់​និយាយ​គ្នា​ ចង់​ជជែក​គ្នា​ ដើម្បី​រកដំណោះ​ស្រាយ ធ្វើ​ម៉េច​ឲ្យ​ស្ថានការណ៍​ហ្នឹង​ វា​វិល​មក​ភាពប្រក្រតី​ឡើង​វិញ ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​សង្គម​យើង​មាន​ស្ថេរភាព​ មានការ​អភិវឌ្ឍ​ពិត​ប្រាកដ​ ហើយ​ឲ្យ​ដំណើរការ​ប្រជា​ធិបតេយ្យ​ហ្នឹង​ វាមាន​ដំណើរការ​ល្អ។​ បើយើង​ប្រៀប​ធៀប​ជាមួយ​នឹងប្រទេស​ ដូច​ជា​ប្រទេស​ភូមា​ហ្នឹង​ គេ​ទៅ​ជា​ គេ​ធ្លាប់​អាក្រក់​ហ្នឹង​ ឥឡូវ​ហ្នឹង​គេឡើង​មកល្អ​ប្រជា​ធិប​តេយ្យ​គេ​ ការ​គោរពសិទ្ធិ​មនុស្ស​របស់​គេ​ វា​មាន​ដំណើរការ​រលូន​ ដំណើរ​ការ​ និយាយ​រួម​វាល្អ​ប្រសើរ»​។ ​

លោក ​សម រង្ស៊ី ​ដែល​ធ្លាប់​ហៅ​ គូប្រជែង​របស់លោក គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​អ្នក​មាន​យុទ្ធសាស្រ្ត​នយោបាយ​យ៉ាង​ចំណាន​នោះ​ ក៏​កំពុងរង​នឹង​បណ្ដឹង​ផ្សេង​ទៀត​ដែរ ​ដែល​ក្នុង​នោះ​ គឺ​បណ្ដឹង​របស់​លោក​ ​ហេង​ សំរិន​ ប្រធាន​សភា​ជាតិ​ ដែល​បាន​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​ផង​ដែរ៕

XS
SM
MD
LG