ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​សម្រេច​ចោទ​មន្ត្រី​អាដហុក​ និង​គ.ជ.ប.​ អំពី​បទ​«សូក​ប៉ាន់‍​សាក្សី»


លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

តុលាការ​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​រូប​ពី​បទ​ «សូក​ប៉ាន់​សាក្សី‍» និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​ចំនួន​១​រូប​ពី​បទ​ «​សម​គំនិត​សូក​ប៉ាន់​សាក្សី»។​

បន្ទាប់​ពី​ការ​សាកសួរ​រយៈពេល​២ថ្ងៃ​ទាក់​ទិន​ពាក្យ​បណ្តឹង​របស់​នាង ​ខុម​ ចាន់តារ៉ាទី ហៅ​ស្រីមុំ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃុំ​ខ្លួន​មនុស្ស​ប្រាំ​នាក់​មក​ពី​សមាគម​សិទ្ធិ​មនុស្ស​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

តុលាការ​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទនេះ​ បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​រូប​ពី​បទ​ «សូក​ប៉ាន់​សាក្សី‍» និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​ចំនួន​១​រូប​ពី​បទ​ «​សម​គំនិត​សូក​ប៉ាន់​សាក្សី»។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស។​

អ្នក​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​នោះ​ រួមមាន​លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​ គ.ជ.ប​ និង​លោក ​នី សុខា​ លោក​ ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុនី​ ដែល​ជា​មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក។​

លោក​ព្រះរាជអាជ្ញា​រង ​លី​ សុផាន់ណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA ​ថា ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ​ ពី​បទ​សូក​ប៉ាន់​សាក្សី​ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ តែ​លោក​បដិសេធ​មិន​បញ្ជាក់​ហេតុផល​ដែល​នាំ​ឲ្យ​មានការ​ចោទ​ប្រកាន់​នេះ​ទេ។​

លោក លី សុផាន់ណា ថ្លែង​ថា៖​«អ្នក​ទាំង​ប្រាំ​ហ្នឹង គឺ​ថា​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​ គាត់​សម្រេច​ឃុំ​ខ្លួន​ហើយ​ណ៎ា​ បទ​សូក​ប៉ាន់​ តាម​បញ្ញត្តិ​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ ចំពោះ​មន្ត្រី​ដែល​បម្រើ​នៅ​អង្គការ​អាដហុក​បួន​រូប​ ហើយ​ចំពោះ​ លោក​ នី ចរិយា​ គឺ​ត្រូវ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​ តាម​បញ្ញត្តិ​មាត្រា​២៩​ និង​មាត្រា​៥៤៨​ ក្រមព្រហ្មទណ្ឌ»។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មិន​អាច​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ចោទប្រកាន់​នេះ​ បាន​ទេ។​ យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ដូច្នេះ​ថា៖«យើង​មាន​ការ​សោក​ស្តាយ​ជា​ទីបំផុត​ថា​ អ្នក​ដែល​ធ្លាប់​ជួយ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​ អ្នក​ដែល​ធ្លាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខ​ទោស​ ត្រូវ​ជាប់​ពន្ធនាគារ​ពេល​នេះ»។

ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ កើត​មាន​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ បាន​ប្រកាស​ពី​ក្រុង​ព្រះសីហនុ​មក​ថា​ សិទ្ធិ​អំណាច​របស់​លោក​មាន​ដែន​កំណត់​ មិន​អាច​បញ្ជា​តុលាការ​បាន​ទេ​ ហើយ​ថា​អ្នក​ដែល​បាន​ប្រព្រឹត្ត​កំហុស​ ត្រូវ​តែ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ ដោយ​មិន​គិត​ដល់​អភ័យឯកសិទិ្ធ​បែប​ណា​ឡើយ។​ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ នៅ​ពេល​លោក​ចុះ​ជួប​កម្មករ និង​និយោជិក​នៅ​កំពង់​ផែ​ស្វយ័ត​ព្រះ​សីហនុ។

«សូម្បី​តែ​នាយករដ្ឋមន្ត្រី​ ក៏​មាន​អំណាច​មាន​ព្រំ​ដែន​ដែរ​ សូម​អស់​លោក​ជា​ NGOs ឬក៏​ជា​អ្នក​ ដែល​ធ្វើ​ការ​នៅ​អង្គការ​សហប្រជាជាតិ​ កុំ​អាង​អភ័យ​ឯក​សិទ្ធិ​ឲ្យ​សោះ។​ ទោះ​បី​ ម៉ែ​អភ័យឯកសិទ្ធិ​ ឪ​អភ័យឯកសិទ្ធិ​ តែ​ដល់​ម៉ោង​គេ​ដាក់​ខុស​គេ​ដាក់​ចូល​គុក​ដូច​តែ​គ្នា​ហ្នឹង»។

នៅ​មុន​ការ​ថ្លែង​នេះ​ លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ពី​ការ​ប្រជុំ​មួយ​ធ្វើ​ឡើង​សម្រាប់​ដោះដូរ​ផង​ដែរ​ តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ ការ​ដោះ​ដូរ​នោះ គឺ​ជា​ការ​ដោះដូរ​ផ្នែក​នយោបាយ​ ឬ​ជា​ការ​ស្នើ​សុំ​ពី​បក្ស​នយោបាយ​ណា​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ពី​ការ​សូក​ប៉ាន់​ តែ​លោក​មិន​បាន​ភ្ជាប់​រឿង​សូកប៉ាន់​នេះ​ជាមួយ​រឿង​ក្តី​ណា​នោះ​ដែរ។

«លោក​ឯង​សូក​សាក្សី​ អ្នក​ឯង​សង្កត់​គេ​ អ្នក​ឯង​ស្អី​អា​ណា​ អាហ្នឹង​ រឿង​របស់​គេ​ ច្បាប់​គឺ​ច្បាប់​ អត់​មាន​រញ៉េរញ៉ៃ​ ហើយ​មក​ចង់​ដោះដូរ​ស្អី​ឯណា​ អត់​ទេ​ អត់​មាន​ត្រូវ​ការ​ដោះដូរ​ទេ»។

រឿងរ៉ាវ​ស្នហា​របស់​លោក​ កឹម​ សុខា ដែល​គេ​នៅ​មាន​ការ​សង្ស័យ​ បាន​ឈាន​ដល់​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​របស់​គ.ជ.ប​នេះ​ កើត​មាន​ឡើង​ ក្រោយ​ពី​មាន​ការ​ឆ្លើយ​ដាក់​បន្ទុក​របស់​ស្រីមុំ ដែល​បាន​បង្វែរ​ចម្លើយ​ទទួល​ស្គាល់​ថា​ នាង​ជា​ម្ចាស់​សំឡេង​របស់​នារី​ដែល​សាសង​លើ​ខ្សែ​អាត់​សំឡេង​ទូរស័ព្ទ​ជាមួយ​លោក​ កឹម សុខា។

ការ​ឃុំ​ខ្លួន​នេះ​ក៏​បាន​កើត​ឡើង​ផង​ដែរ​ ក្រោយ​ពេល​នាង​ស្រីមុំ​ បាន​បញ្ចេញ​លិខិត​ចំហ​មួយ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៦ ចោទ​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់​នេះ​ថា​ បាន​រួម​គំនិត​លួង​លោម​ឱ្យ​នាង​និយាយ​បដិសេធ ចំពោះ​មុខ​សមត្ថកិច្ច​នូវ​ចំណង​ទាក់ទង​ស្នេហា​ជាមួយ​នឹង​លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ នៅ​ថ្ងៃ​ទី២២​ ខែ​មេសា​ ដដែល​នោះ​ នាង​ស្រីមុំ បាន​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ ទាមទារ​ការ​សង​ជំងឺ​ចិត្ត​៣០ម៉ឺន​ដុល្លារ ពី​លោក​ កឹម សុខា​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។​

នៅ​មុន​ការ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ លោក នី ចរិយា​ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អាដហុក​ទាំង​បួន​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​បន្ត​ដល់​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ក្រោយ​ពេល​អង្គភាព​នេះ​ បាន​រក​ឃើញ​ថា​ មាន​សំណុំ​រឿង​ពុក​រលួយ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ទាំង​ប្រាំ​នេះ។ បន្ទាប់​មក​ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរិ៍។

លោក ​កែម ​ឡី​ អ្នក​វិភាគ​សង្គម​ បាន​ប្រាប់​ VOA​ នៅ​មុន​ការ​សម្រេច​ឃុំ​នេះ​ថា​ អ្នក​នយោបាយ​ដែល​ប្រើ​ប្រាស់​សំណុំ​រឿង​នេះ​ ដើម្បី​វាយ​បំបាក់​គូប្រកួត​របស់​ខ្លួន​ គឺ​ប្រៀប​ដូច​ជា​កំពុង​ជីក​រណ្តៅ​កប់​ខ្លួន​ឯង។ លោក​ពុំបាន​យោង​ដល់​អ្នក​នយោបាយ​មក​ពី​គណបក្ស​ណា​នោះ​ទេ។​ លោក​ថា​ ប្រសិន​បើ​មាន​ការ​ឃាត់​ខ្លួន​លោក​ កឹម​ សុខា​ ដែល​ប្រកាន់​គោល​ជំហរ​មិន​ឆ្លើយ​ឆ្លង​ អាច​នឹង​ផ្តល់​ផល​ចំណេញ​នយោបាយ​ដល់​បក្ស​ប្រឆាំង។

«ការ​ធ្វើ​អញ្ចឹង​ បុគ្គល​មាន​ការ​ឈឺ​ចាប់​ ប៉ុន្តែ​ប្រជាប្រិយភាព​គណបក្ស​កើន​ ហើយ​ប្រជាប្រិយភាព​អ្នក​ដែល​ប្រព្រឹត្ត​ គឺ​អាច​ធ្លាក់​ចុះ»។

លោក​ សាន​ វឌ្ឍនៈវិសាល​ កូន​ប្រុស​លោក ​យី សុខសាន្ត បាន​ប្រាប់​ VOA​ នៅ​មុន​ពេល​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ឪពុក​របស់​លោក​ថា​ លោក​បារម្ភ​ពី​សុខភាព​របស់​ឪពុក​លោក​ ជាង​បទ​ចោទ​ប្រកាន់​ពីព្រោះ​ឪពុក​លោក​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ ហើយ​ធ្វើ​ការ​ទៅ​តាម​វិជ្ជាជីវៈ​ដើម្បី​ជួយ​ជន​រងគ្រោះ។

​លោក​ សាន​ វឌ្ឍនៈវិសាល ថ្លែង​ថា៖«ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​នោះ​សំខាន់​ គឺ​សុខភាព​របស់​គាត់​ទេ​ ដោយសារ​តែ​គាត់​អាច​ គាត់​ចាស់​ អញ្ចឹង​គាត់​មាន​ជំងឺ​ អញ្ចឹង​ទៅ​បញ្ហា​ពោះវៀន​ អី​ផង​ទៅ​ ខ្ញុំ​[បារម្ភ]​មាន​បញ្ហា​សុខភាព​របស់​គាត់​ ខ្លាច​គាត់​ទ្រុឌ​ទ្រោម​តែ​ប៉ុណ្ណឹង​ទេ»។

នៅ​ក្នុង​សំណុំរឿង​ដដែល​នេះ​ លោក ស៊ាង ចែត​ មេឃុំ​ស្រុក​ ស្ថិត​ក្នុង​ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ចុង​ខែមេសា​ ចំណែក​ឯ​លោក​ សឺន សាលី មន្ត្រី​របស់​អង្គការ​សហ​ប្រជាជាតិ មិន​ទាន់​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ។

ដោយ​ឡែក ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ល្ងាច​ថ្ងៃចន្ទ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ថ្កោល​ទោស​ចំពោះ​បទ​ចោទ​ប្រកាន់​ដែល​មាន​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ​ ធ្វើ​ឡើង​ដោយ​សាលា​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG