បួនថ្ងៃក្រោយការអធិប្បាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានថ្លែងដល់ការជាប់ឃុំរបស់លោក កឹម សុខា អស់រយៈពេល១៨ខែ ហើយគ្មានការកាត់ទោសនោះ ក្រសួងយុត្តិធម៌កាលពីថ្ងៃច័ន្ទកន្លងទៅនេះបានចាត់ទុកការអធិប្បាយរបស់ស្ថានទូតសហរដ្ឋអាមេរិកថា ជា«ការមិនគោរពចំពោះអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា»។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានចោទសួរថា៖
«តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត១៨ខែមកហើយ? វាមានរយៈពេល៥៣០ថ្ងៃនៃការជាប់ឃុំ។ គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភ័ស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់មានការកំណត់បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភ័ស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌»។
ជាការវាយបកទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវិញនោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍មួយមានកម្រាស់ពីរទំព័រ ដែលបានហៅការអធិប្បាយរបស់ស្ថានទូតអាមេរិកថា ជាទង្វើមួយរំលោភអធិបតេយ្យភាពកម្ពុជា ដែលជារដ្ឋឯករាជ្យ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា ការអធិប្បាយរបស់ស្ថានទូតសហរដ្ឋអាមេរិកមានចេតនាបំភ្លៃ និងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ឲ្យមានការយល់ច្រឡំចំពោះការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ដោយតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទឈ្មោះកឹម សុខា។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុតិ្តធម៌កម្ពុជាបានសរសេរក្នុងន័យដើមថា៖
«អ្នកនាំពាក្យក្រសួងយុត្តិធម៌សម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាប់របស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដែលមានចរិតជាការបំភ្លៃ និងការបំភាន់ការយល់ដឹងរបស់សាធារណមតិចំពោះករណីសំណុំរឿងព្រហ្មទណ្ឌ ដែលសមត្ថកិច្ចកម្ពុជាបានអនុវត្តតួនាទីរបស់ខ្លួនដោយឯករាជ្យ ត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា៖
«អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា សូមអំពាវនាវដ៏ទទូចដល់ស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញ សូមបញ្ឈប់ការបកស្រាយដោយបំភាន់ និងលាបពណ៌នយោបាយទៅលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច និងតុលាការដោយសូមទុកកិច្ចការនេះជូនស្ថាប័នតុលាការរបស់កម្ពុជា ចាត់ការតាមច្បាប់របស់កម្ពុជាក្នុងឋានៈជារដ្ឋអធិបតេយ្យ»។
ការថ្លែងឆ្លើយតបរបស់ក្រសួងយុត្តិធម៌របស់ប្រទេសកម្ពុជាធ្វើឡើងក្រោយពីប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ចាត់ទុកថា សាររបស់ស្ថានទូតសហរដ្ឋអាមេរិកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងផ្ទុយពីច្បាប់ការទូត។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បាន បញ្ជាក់ពីការភ្ញាក់ផ្អើល ដោយនិយាយថា ទង្វើរបស់ស្ថានទូតសហរដ្ឋអាមេរិកជាការមិនគោរពអធិបតេយ្យភាពកម្ពុជានិងគ្មានលក្ខណៈការទូត។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«ទង្វើក្នុងទិសដៅលម្អៀងបែបនេះរបស់ស្ថានទូតសហរដ្ឋអាមេរិកគឺផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ប្រទេសទាំងពីរ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីដែលបម្រើដល់ប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងពីរ»។
ក៏ប៉ុន្តែភ្លាមៗក្រោយពីប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជានោះ អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារនោះ គឺដោយសារសហរដ្ឋអាមេរិកជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលមាន១៨ប្រទេសជាហត្ថលេខី ហើយថា សហរដ្ឋអាមេរិកមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានគេគោរពនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រីបន្ថែមថា ប្រទេសកម្ពុជានឹងមិនអាចមានទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិកបានទេ ដរាបណាបញ្ហាការភ្ជាប់ថា លោក កឹម សុខា បានឃុបឃិតជាមួយសហរដ្ឋអាមេរិក មិនត្រូវបានដោះស្រាយដោយត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ និងដោយគោលការណ៍គោរពគ្នាទៅវិញទៅមកទេនោះ។
អ្នកស្រី Emily Zeeberg បញ្ជាក់ថា៖
«លោក កឹម សុខា ត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលការចោទប្រកាន់នេះ វាមិនសមហេតុសមផល និងមិនត្រឹមត្រូវទាល់តែសោះ។ ដូច្នេះរដ្ឋាភិបាលកម្ពុជាបានទាញពួកយើងឲ្យទៅជាប់ទាក់ទងដោយផ្ទាល់នៅក្នុងករណីនេះ។ កម្ពុជាមិនអាចមានទំនាក់ទំនងប្រកបដោយផ្លែផ្កាជាមួយសហរដ្ឋអាមេរិកនោះទេ រហូតដល់ករណីទាំងនេះត្រូវបានដោះស្រាយដោយភាពត្រឹមត្រូវ និងការគោរព»។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទឃុបឃិតជាមួយបរទេស ជាពិសេសសហរដ្ឋអាមេរិកដែលជាបទក្បត់ជាតិ។
ក្រោយការឃុំខ្លួនតាំងពីដើមខែកញ្ញាឆ្នាំ២០១៧អស់រយៈពេលជាង១ឆ្នាំដោយមិនមានការកាត់ទោស លោកត្រូវបានតុលាការបញ្ជូនទៅឃុំនៅក្នុងផ្ទះរបស់លោកវិញ ក្រោមការឃ្លាំមើលរបស់តុលាការ។
ក្រោយការចាប់ និងឃុំខ្លួនលោក កឹម សុខា ជាបន្តបន្ទាប់ ទាំងក្នុងពន្ធនាគារនិងក្នុងផ្ទះ អង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើនទាមទារឲ្យមានការទម្លាក់ចោលបទចោទលើលោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
ការចាប់ឃុំខ្លួនលោក កឹម សុខា ត្រូវគេមើលឃើញថា បានកើតឡើង នៅពេលដែលរដ្ឋាភិបាលកម្ពុជាងាកទៅស្និទ្ធស្នាលកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោកប្រធានាធិបតី Xi Jinping ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅពេលចំណងទាក់ទងកម្ពុជានិងចិនកំពុងតែមានភាពផ្អែមល្ហែមខ្លាំងឡើងនោះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកតែងមានភាពរកាំរកូសជាញឹកញាប់៕