នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានឲ្យដឹងក្នុងសប្តាហ៍នេះថា លោកចង់ឃើញការពន្លឿនការជម្រះក្តីក្តាំស្ត្រីដែលជាប់ពន្ធនាគារឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយលោកថាការកាត់ក្តីនោះអាចធ្វើនៅសណ្ឋាគារបាន។ លោកបានថ្លែងអំពីបំណងនេះរបស់លោកលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយរបស់«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» លោក ហ៊ុន សែន ដែលគ្រប់គ្រងប្រទេសកម្ពុជាជាងបីទសវត្សរ៍មកហើយនោះ បានជំរុញឲ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការបន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿងស្ត្រីដែលជា«ទណ្ឌិត ឬជាពិរុទ្ធជន» ដើម្បីធ្វើយ៉ាងណាពន្លឿនការងារកាត់ក្តីឲ្យឆាប់។ លោកនាយករដ្ឋមន្ត្រីក៏ស្នើឲ្យមានការស្វែងរកមេធាវីសម្រាប់ការពារស្ត្រីដែលជាពិរុទ្ធជននោះផងដែរ។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរក្នុងន័យដើមថា៖ «សម្តេចតេជោសុំឲ្យក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះ ដែលបច្ចុប្បន្ននេះឮថាមានជាង២ម៉ឺនសំណុំរឿងដែលមិនទាន់បានកាត់ក្តី ដូច្នេះត្រូវពន្លឿនសំណុំរឿងនេះឲ្យបានឆាប់ ហើយបើខ្វះសាលសវនាការកាត់ក្តី សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការដោះស្រាយក្តីស្ត្រីដែលជាប់ឃុំ បានធ្វើឡើងជាបន្តបន្ទាប់គិតចាប់តាំងពីឆ្នាំមុន។ លោកថា ក្រសួងយុត្តិធម៌នឹងពិចារណាលើនីតិវិធីកាត់ក្តីនៅក្រៅសាលសវនាការនោះ ដែលលោកអះអាងថាអាចធ្វើទៅបាន។
«អីចឹងការជួលកន្លែងផ្សេងដើម្បីបើកសវនាការគឺជាមធ្យោបាយមួយល្អ ដែលយើងអាចធ្វើការពិចារណាបានដែរ ហើយវាអត់ប៉ះពាល់ដល់នីតិវិធី និងគោលការណ៍ច្បាប់អីនោះទេ គឺច្បាប់អនុញ្ញាតឲ្យយើងអាចប្រើប្រាស់ទីតាំងផ្សេង ដើម្បីបើកសវនាការបានប្រសិនបើនៅសាលាដំបូង ឬក៏នៅតាមតុលាការហ្នឹង វាមានចំនួនកត់ មិនគ្រប់គ្រាន់បាទ»។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូចេញផ្សាយនៅថ្ងៃអង្គារនេះ បច្ចុប្បន្ននេះ មានកុមារចំនួន១០៣នាក់ និងស្រ្តីមានផ្ទៃពោះចំនួន៤៣នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន១៨ ដែលអង្គការលីកាដូបានធ្វើការឃ្លាំមើល ហើយតួលេខនេះកើនឡើងស្ទើរតែ២ដង គិតចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧មក។
អង្គការលីកាដូបានឲ្យដឹងថា មណ្ឌលអប់រំកែប្រែទី២ ជាពន្ធនាគារតែមួយគត់នៅកម្ពុជាដែលសាងសង់ឡើងសម្រាប់ដាក់អ្នកទោសជាស្រ្តីនិងកុមារ និងអាចផ្ទុកអ្នកជាប់ឃុំជាផ្លូវការត្រឹមតែ៣៥០នាក់ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកជាប់ឃុំក្នុងពន្ធនាគារនេះរហូតដល់ ១៨៥០នាក់។
លោក អំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូយល់ថា ការបើកសវនាការក្រៅពីបន្ទប់តុលាការដើម្បីជម្រះក្តីស្រ្តីដែលជាប់ឃុំនោះ គឺអាចធ្វើបាន ដោយគ្មានបញ្ហាអ្វីនោះទេ។
ក៏ប៉ុន្តែលោកថា មន្ត្រីពាក់ព័ន្ធត្រូវមានឆន្ទៈពិតប្រាកដដើម្បីពន្លឿនការដោះស្រាយសំណុំរឿងស្ត្រីទាំងនោះ ព្រោះការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតមានឡើង ក្រោយពីពិនិត្យឃើញភាពជាប់គាំងនៃនីតិវិធីដោះស្រាយក្តីស្ត្រីដែលកំពុងជាប់ឃុំក្នុងបន្ទប់ពន្ធនាគារដែលនៅមានសភាពចង្អៀតណែនតាន់តាប់នោះ។
លោក អំ សំអាត ថ្លែងថា៖ «បើសិនជាយើងមានឆន្ទៈពិតប្រាកដក្នុងការពន្លឿន ខ្ញុំគិតថា អាចនឹងចប់ហើយព្រោះឆ្នាំហ្នឹង ហើយបើសិនជាសង្គមស៊ីវិលយើង យើងចង់ឲ្យបានមុនថ្ងៃ៨ មីនា នេះផង ប៉ុន្តែគ្រាន់ថា អាហ្នឹងវាទៅតាមនីតិវិធី ដោយសារមើលឃើញភាពគាំងហ្នឹងហើយបាន ប្រមុខរាជរដ្ឋាភិបាល ថាបើខ្វះ អាចនឹងជួលបន្ទប់សណ្ឋាគារដើម្បីធ្វើជំនុំជម្រះទៀត»។
បន្ថែមលើនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យក្រសួងការងារតាមដានពលការិនីដែលបានទៅធ្វើការងារនៅក្រៅប្រទេស ដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់ពួកគេ និងការពារការរំលោភបំពានផ្សេងៗ។
ជាផ្នែកមួយនៃការជួយបន្ធូរបន្ថយបន្ទុកជួលមេធាវីដើម្បីតស៊ូក្តីរបស់ស្ត្រីក្រីក្រនោះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសដាក់ថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីបង្កើតក្រុមមេធាវីមួយមានសមាជិកប្រមាណ៥០នាក់ ដើម្បីផ្តល់សេវាច្បាប់ដល់ស្ត្រីក្រីក្រនៅក្នុងប្រទេស៕