គណៈវិនិច្ឆ័យតុលាការសហព័ន្ធនៅក្នុងរដ្ឋ New York កាលពីថ្ងៃអង្គារបានសម្រេចឱ្យមានការផ្ដល់ប្រាក់ចំនួន ៥ លានដុល្លារដល់អ្នកស្រី E. Jean Carroll ដែលជាអតីតអ្នកសរសេរអត្ថបទផ្ដល់ដំបូន្មានតាមទស្សនាវដ្ដី បន្ទាប់ពីបានសន្និដ្ឋានថាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រព្រឹត្តិការបំពានផ្លូវភេទលើអ្នកស្រីកាលពី ២០ ឆ្នាំមុនពេលលោកក្លាយជាប្រធានាធិបតី ហើយបន្ទាប់មកបានបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រីដោយច្រានចោលរឿងនេះថាជា «ល្បិចបោកបញ្ឆោត»។
គណៈវិនិច្ឆ័យតុលាការដែលមានសមាជិក ៩ រូប ដោយ ៦ រូបជាបុរសនិង៣ រូបជាស្ត្រី បានឈានដល់ការសម្រេចនេះ បន្ទាប់ពីបានពិភាក្សាគ្នាហ្មត់ចត់អស់រយៈពេល ៣ ម៉ោងមក។ នេះគឺជាលើកដំបូងហើយដែលលោក Trump បានប្រឈមនឹងសវនាការមួយដែលឱ្យលោកទទួលខុសត្រូវចំពោះការចោទប្រកាន់ជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកពីស្ត្រីមួយចំនួនដែលបានចោទលោកថាបានបំពានផ្លូវភេទដោយគ្មានការអនុញ្ញាត។
គណៈវិនិច្ឆ័យតុលាការបានច្រានចោលការអះអាងរបស់អ្នកស្រី E. Jean Carroll ដែលនៅពេលបច្ចុប្បន្ននេះមានអាយុ ៧៩ ឆ្នាំ ដែលថាលោក Trump បានចាប់រំលោភអ្នកស្រីនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅក្នុងហាងទំនើបមួយកន្លែងក្នុងទីក្រុង New York កាលពីឆ្នាំ ១៩៩៦។ ប៉ុន្តែ គណៈវិនិច្ឆ័យតុលាការនេះបានសន្និដ្ឋានថា លោក Trump បានបំពានផ្លូវភេទលើអ្នកស្រី ដោយសម្រេចឱ្យមានការផ្ដល់ប្រាក់ចំនួន ២ លានដុល្លារដល់អ្នកស្រី។
គណៈវិនិច្ឆ័យតុលាការបានសម្រេចឱ្យមានការផ្ដល់ប្រាក់ចំនួន ៣ លានដុល្លារទៀតដល់អ្នកស្រី Carroll សម្រាប់ការអះអាងម្ដងហើយម្ដងទៀតរបស់លោក Trump ជាសាធារណៈនិងលើទំព័របណ្ដាញសង្គមអនឡាញរបស់លោកដែលថា ការចោទប្រកាន់របស់អ្នកស្រី Carroll គឺជា «ការបោកប្រាស់» និងជា «រឿងឆបោកទាំងស្រុង»។
អ្នកស្រី Carroll បានដើរចេញដោយញញឹមពីតុលាការ ប៉ុន្តែមិនបាននិយាយជាមួយនឹងអ្នកកាសែតទេ។
ក្រោយមក អ្នកស្រីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ខ្ញុំបានដាក់ពាក្យបណ្ដឹងនេះប្រឆាំងនឹងលោក Donald Trump ដើម្បីភាពស្អាតស្អំរបស់ខ្ញុំ និងដើម្បីឱ្យខ្ញុំអាចត្រឡប់មករកជីវិតរស់នៅរបស់ខ្ញុំឡើងវិញ។ នៅថ្ងៃនេះ ពិភពលោកនៅទីបំផុតបានដឹងអំពីសច្ចភាព។ ជ័យជម្នះនេះគឺមិនត្រឹមតែសម្រាប់ខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ស្ត្រីគ្រប់រូបដែលបានរងគ្រោះដោយសារតែគេមិនជឿលើពួកគេ»។
លោក Trump បានច្រានចោលការសម្រេចនេះ ដោយទទូចថាលោកគឺជាកម្មវត្ថុនៃការតាមព្យាបាទ៕
((PLAYBOOK SLUG: WEB - TRUMP-RAPE-DEFAMATION-TRIAL 3rd UPD
HEADLINE: Jury Finds Trump Sexually Abused Woman Decades Ago, Awards Her $5 Million
TEASER: Former president had denied the allegation but did not appear at the trial and offered no defense witnesses
PUBLISHED AT: 5/9/2023 at 6:09 p.m.
BYLINE: Ken Bredemeier
SCRIPT EDITORS: Jepsen, Sharon Shahid
PLATFORMS): WEB _X_ TV __ RADIO _X_
EDITOR NOTES: new grafs 7, 10-12))