ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នៅ​រឹង​ទទឹង ក្រោយ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ពី​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ថ្លែង​នៅ​ភូមិគ្រឹះ​លម្ហែ​កាយ​ឯកជន Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៣ ក្រោយ​ត្រឡប់​ពី​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង​ New York នៅ​មុន​នោះ​ក្នុង​ថ្ងៃ​ដដែល។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ថ្លែង​នៅ​ភូមិគ្រឹះ​លម្ហែ​កាយ​ឯកជន Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៣ ក្រោយ​ត្រឡប់​ពី​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង​ New York នៅ​មុន​នោះ​ក្នុង​ថ្ងៃ​ដដែល។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump នៅ​តែ​រឹង​ទទឹង ក្រោយ​ពី​បាន​ក្លាយ​ជា​អតីត​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ដំបូង​គេ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ពី​បទល្មើស​ព្រហ្មទណ្ឌ។ លោក Trump បាន​ថ្លែង​សង្កថា​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង New York ដែល​នៅ​ទីនោះ​លោក​អះអាង​ថា​លោក​គ្មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ចំនួន​៣៤​បទ​ចោទ​នោះ​ទេ​។ បទ​ចោទ​ប្រកាន់​ទាំង​នេះ​កើត​ចេញ​ពី​ការ​ផ្តល់​លុយ​បិទ​មាត់​តារា​សម្តែង​អាសអាភាស ដែល​ក្រុម​រដ្ឋអាជ្ញា​ចោទ​ប្រកាន់​ថា​ជា​ផ្នែក​មួយ​នៃ​ផែនការ​ល្មើស​ច្បាប់ ដើម្បី​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដែល​នៅ​ពេល​នោះ​លោក Trump បាន​ឈ្នះ។

ពេល​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​ក្នុង​ភូមិគ្រឹះ​លម្ហែ​កាយ​ឯកជន Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida កាល​ពី​យប់​ថ្ងៃ​អង្គារ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក«មិន​ដែល​គិត​ថា​រឿង​បែប​នេះ​អាច​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ទេ»។

លោក Trump ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «បទឧក្រិដ្ឋ​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​គឺ​ការពារ​ជាតិ​របស់​យើង​ដោយ​ឥត​ខ្លាច​ពី​ជន​ដែល​ព្យាយាម​បំផ្លាញ​ជាតិ​យើង»។

លោក Trump លើក​ឡើង​ថា​សំណុំ​រឿង​នេះ​ត្រូវ​បាន​ដាក់​ពាក្យ​បណ្ដឹងទៅ​តុលាការ​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង New York ដើម្បី​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៤​ខាង​មុខ​នេះ។


ការ​ស្ទង់មតិ​បង្ហាញ​ថា​លោក Trump នាំ​មុខ​គូ​ប្រជែង​ផ្សេងៗ​ទៀតដោយ​ងាយ​ស្រួល​នៅ​ក្នុង​គណបក្ស​របស់​លោក​ដែល​បាន​ប្រកាស​បេក្ខភាព​ ហើយ​លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ប្រកួត​ប្រជែង ដើម្បី​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ៕

ប្រែសម្រួល​ដោយ​លោក សាយ មុន្នី

XS
SM
MD
LG