ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​បដិសេធ​មិន​រារាំង​ការស៊ើបអង្កេត​លើ​លោក Trump ក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ Georgia


រូបឯកសារ៖ លោក​អតីត​ប្រធានាធិបតី Donald Trump ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​នៅ​ក្រុង Las Vegas កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក​អតីត​ប្រធានាធិបតី Donald Trump ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​នៅ​ក្រុង Las Vegas កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។

ចៅក្រម​ម្នាក់​នៅ​ក្នុងរដ្ឋ Georgia ដែល​នៅ​តំបន់​ភាគ​ខាងត្បូង​របស់​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បដិសេធ​ការខំប្រឹងប្រែង​ដោយលោកអតីត​ប្រធានាធិបតី Donald Trump ​ដើម្បី​រារាំង​ពួក​រដ្ឋអាជ្ញា​មិន​ឱ្យ​ស្វះស្វែង​ធ្វើ​ការចោទប្រកាន់​ប្រឆាំង​នឹង​លោក​ចំពោះ​ការព្យាយាម​បដិសេធ​ដោយ​ខុសច្បាប់​ចំពោះការចាញ់​ការបោះឆ្នោត​របស់​លោក​នៅ​ឆ្នាំ ២០២០ ​នៅ​ក្នុង​រដ្ឋ​នោះ​ទៅលោក Joe Biden ​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោក Trump បាន​អះអាង​ថា ​លោកស្រី​ Fani Willis ​រដ្ឋអាជ្ញា​នៅ​សង្កាត់ Fulton ​ក្នុង​ទីក្រុង Atlanta ដែល​បាន​កាន់​សំណុំរឿង​ស៊ើបអង្កេត​នោះ​ថា ​«មាន​ការច្របូក​ច្របល់ ​មាន​បញ្ហា​ខុសឆ្គង​និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ»។

ចៅក្រម​តុលាការ​ជាន់ខ្ពស់ ​លោក Robert McBurney ​បាន​សម្រេច​ថា ​ការអះអាង​របស់​លោក Trump «មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ឬ​និយាយ​ស្មានៗ​ និង​គ្មាន​ភាព​ជាក់លាក់»។

លោក McBurney បាន​និយាយ​ទៀត​ថា ​អតីត​ប្រធានាធិបតី​អាច​ដោះស្រាយ​ការប្រឈម​ផ្លូវ​ច្បាប់​ដល់​ការស៊ើបអង្កេត​នៅ​រដ្ឋ Georgia ​នេះ ​ប្រសិន​បើ​លោក​ត្រូវ​រង​ការចោទ​ប្រកាន់​ជាផ្លូវការ​និង​នៅពេល​ចៅក្រម​មួយ​រូប​ត្រូវ​បាន​ចាត់តាំង​ឱ្យ​កាន់​រឿង​ក្តី​នេះ។

ដោយ​មហា​គណៈវិនិច្ឆ័យ​កំពុង​ពិចារណា​រឿង​ក្តី​នោះ លោក​ស្រី Willis បាន​ផ្តល់​សញ្ញា​ថា ​លោក​ស្រី​អាច​ចោទប្រកាន់​លោក Trump ​និង​អ្នក​ជំនួយការ​នៅពេល​ឆាប់ៗ​នេះ​ចំពោះ​ការខំប្រឹងប្រែង​របស់​លោក​ដើម្បី​បញ្ឈប់​ការរាប់​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០២០ ​នៅ​ក្នុង​រដ្ឋ Georgia។

លោក​ស្រី​បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍ Atlanta កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា៖ «ការងារ​នេះ​បាន​បញ្ចប់​សព្វគ្រប់​ហើយ។ យើង​បាន​ធ្វើ​កិច្ចការ​នេះ​ចំនួន២ឆ្នាំ​កន្លះ​ហើយ។ យើង​ត្រៀមខ្លួន​ទៅមុខ​ទៀត»។

នៅ​ក្នុង​រដ្ឋ Georgia ​កាលពី​ដើម​ឆ្នាំ២០២១ ​លោក Trump​ បាន​ទូរស័ព្ទ​ទៅ​កាន់​ពួក​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ ហើយ​សុំ​ឱ្យ​ពួកគេជួយ​រក​សន្លឹក​ឆ្នោត​ឱ្យ​លោក​ចំនួន​ ១១.៧៨០ ​សន្លឹក​ដើម្បី​ឱ្យ​បាន​សន្លឹក​ឆ្នោត​តែ​មួយ​សំឡេង​ច្រើន​ជាង​សន្លឹក​ឆ្នោតរបស់​លោក Biden ​ដែល​បាន​ឈ្នះ​នៅ​ទីនោះ។ ការ​ធ្វើ​ដូច្នេះ ​លោក Trump ​អាច​ឈ្នះ​សន្លឹក​ឆ្នោត​សរុប​និង​អង្គបោះឆ្នោត​ចំនួន១៦​នៅ​ក្នុង​រដ្ឋ​នោះ៕

XS
SM
MD
LG