ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump បាន​​ពិភាក្សា​​​អំពី​«ឯកសារ​សម្ងាត់​​ខ្លាំង»​ នៅ​​ក្នុង​សារ​សំឡេង​​របស់​លោក​​ ​


រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​​​Donald Trump ថ្លែង​នៅ​​ទី​ក្រុង Bedminster រដ្ឋ New Jersey កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រោយ​ពី​​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​ការ​រក្សា​ទុក​ឯកសារ​សម្ងាត់​ជាតិ​មិន​ត្រឹមត្រូវ។
រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​​​Donald Trump ថ្លែង​នៅ​​ទី​ក្រុង Bedminster រដ្ឋ New Jersey កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រោយ​ពី​​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​ការ​រក្សា​ទុក​ឯកសារ​សម្ងាត់​ជាតិ​មិន​ត្រឹមត្រូវ។

ក្នុង​សារ​សំឡេង​ដែលបណ្តាញ​សារព័ត៌មានមួយ​ចំនួន​ទទួល​បាន​បង្ហាញ​ថា​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​Donald Trump បាន​ពិភាក្សា​អំពី​ឯកសារ​សម្ងាត់​ ពី​ផែនការ​វាយប្រហារទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ ក្នុង​ពេល​ដែល​លោក​បាន​និយាយ​ជាមួយ​អ្នក​និពន្ធ​មួយ​រូប បន្ទាប់​ពី​ចាកចេញ​ពី​តំណែងជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២១។​ ​

រដ្ឋអាជ្ញាធរ​សហព័ន្ធ​មួយ​ចំនួន​ ​បាន​ដាក់បញ្ចូលផ្នែក​ខ្លះ​នៃ​ការ​សន្ទនានោះ​ ទៅ​ក្នុង​ដីកា​កោះហៅ​កាល​ពី​ខែ​មុន​ ដែល​ចោទ​ប្រកាន់​ថា​ លោក​បាន​រក្សា​ទុក​ឯកសារ​សម្ងាត់​ដោយ​ខុសច្បាប់​ ហើយ​បន្ទាប់​មក​បានព្យាយាម​ រារាំង​មិន​ឱ្យ​មាន​ការ​ស៊ើបអង្កេត​សហព័ន្ធ​មួយ។​ ​ ​

បណ្តាញ​ទូរទស្សន៍​ CNN​ សារព័ត៌មាន The Washington Post និង​សារព័ត៌មាន​ The New York Times បានផ្សព្វផ្សាយសារ​សំឡេង​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដែល​នៅក្នុង​សារ​នោះ​ លោក Trump បានលើក​ឡើងដោយ​យោង​ទៅ​លើ​របាយការណ៍​មួយ​ចំនួន​ដែល​ថា​ ប្រធានអគ្គសេនាធិការ​កងទ័ព​ចម្រុះ​ លោកនាយ​ឧត្តមសេនីយ៍​ Mark Milley បារម្ភ​ខ្លាច​ថា​ លោក​ Trump​ អាច​នឹង​បង្កើត​ជម្លោះ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ​ក្រោយ​ពីចាញ់​ការ​បោះឆ្នោតប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២០។​

លោក​ Trump បាន​និយាយ​នៅ​ក្នុង​សារ​សំឡេង​នោះ​ថា៖ «ទាក់ទិននឹង​លោក Milley​ ទុក​ឱ្យ​ខ្ញុំលើក​ឡើង​ដូច​នេះ។ ​ខ្ញុំ​នឹង​បង្ហាញ​ឧទាហរណ៍​មួយ។ ​លោក​និយាយ​ថា​ ខ្ញុំ​ចង់​វាយប្រហារ​អ៊ីរ៉ង់។​ តើ​វា​ជា​រឿង​ភ្ញាក់​ផ្អើល​អត់?​ ខ្ញុំ​មាន​ឯកសារជា​ច្រើន។​ ​រឿង​នេះ​ទើប​តែ​កើត​ឡើង។ សូម​មើល។ គឺ​គាត់​ហ្នឹង​ហើយដែល​ផ្តល់​ឯកសារទាំង​នោះ​មក​ឱ្យ​ខ្ញុំ។​ នេះ​ជារឿង​ដែល​មិន​ត្រូវផ្សព្វផ្សាយទេ​ ប៉ុន្តែ​គេ​ផ្តល់​ឯកសារ​ទាំង​នោះ​មក​ឱ្យ​ខ្ញុំ។​ គឺ​គាត់​ម្នាក់​ហ្នឹង។​ ​នោះ​គឺ​ជា​ក្រសួង​ការពារជាតិ​អាមេរិក និង​លោក​ម្នាក់​ហ្នឹង»។​

លោក​ Trump​ និយាយ​ថា៖​ «រឿង​នេះអាច​ធ្វើ​ឱ្យខ្ញុំ​ឈ្នះក្តី​ទាំង​ស្រុង។​ ​ប៉ុន្តែរឿង​នេះ​វា​សម្ងាត់​ខ្លាំង​ពេក។​ នេះ​ជា​ព័ត៌មានសម្ងាត់»។

លោក ​Trump​ ​បាន​និយាយ​ក្នុង​ពេល​ក្រោយ​មក​ទៀត​ថា៖​ «ដូច​អ្នក​ឃើញ​ស្រាប់​ហើយ​ ក្នុង​នាម​ជា​ប្រធានាធិបតី​ ពេល​នោះ​ខ្ញុំ​អាច​សម្រេចចាត់​ចំណាត់ថ្នាក់​វា​ថា​លែង​ជា​ឯកសារ​សម្ងាត់។​ ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​មិនអាច​ធ្វើ​បាន​ទេ»។ ​

អតីត​ប្រធានាធិបតី​រូប​នេះបាន​និយាយ​ថា​ លោក​ធ្លាប់​មាន​«បទ​បញ្ជាដាច់​ណាត់»​ ក្នុង​ការសម្រេចចាត់​ចំណាត់ថ្នាក់​ឯកសារថា​លែង​ជា​ឯកសារ​សម្ងាត់​ពេលយក​ឯកសារ​ទាំង​នោះពី​ការិយាល័យ​ធ្វើ​ការរបស់​ប្រធានាធិបតីក្នុង​សេតវិមាន​ មកកន្លែង​ស្នាក់​នៅ​របស់​លោក​ក្នុង​សេតវិមាន។​ លោក​បាន​ប្រកាស​ថា​មិន​បាន​ធ្វើ​អ្វីខុស​នោះ​ទេ​ ​ក្នុង​ពេល​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ ​ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ៕

XS
SM
MD
LG