ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​សារព័ត៌មាន​បញ្ចាំង​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​បង្ហាញ​រឿងរ៉ាវ​នានា​ក្នុង​សង្គម


អ្នកទស្សនាកំពុងទស្សនាការចាក់បញ្ចាំងភាពយន្តឯកសារខ្លីរបស់ក្រុមនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែសីហា។ (រូបភាពផ្តល់ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ DMC)
អ្នកទស្សនាកំពុងទស្សនាការចាក់បញ្ចាំងភាពយន្តឯកសារខ្លីរបស់ក្រុមនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែសីហា។ (រូបភាពផ្តល់ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ DMC)

ក្រុម​និស្សិត​សារ​ព័ត៌មាន​របស់​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារ​គមនាគមន៍​ (DMC)​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី ​២៤​ ខែ​សីហា​បាន​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​ខ្លី​ចំនួន​ ១២ ​ដែល​បង្ហាញ​ពី​តថភាព​ផ្សេងៗ​គ្នា​នៅ​ក្នុង​សង្គម​កម្ពុជា។​

ការ​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ទាំង​ ១២​ ដែល​មាន​រយៈពេល​សរុប​ប្រមាណ​ជិត​ ១ ​ម៉ោង​ ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គម្រោង ​«Project Three»​ របស់​និស្សិត​ដែល​បាន​សិក្សា​មុខវិជ្ជា​សារ​ព័ត៌មាន​សោតទស្សន៍ ​និង​ផលិត​វីដេអូ។​

ភាពយន្ត​ឯកសារ​ខ្លី​ទាំង​ ១២ ​នោះ ​បាន​ផ្តិត​យក​តថភាព​ជាក់ស្តែង​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​ ដូចជា​វប្បធម៌ ​សិល្បៈ ​ស្ថានភាព​ប្រឈម​របស់​សារ​ព័ត៌មាន ​ភាព​ជា​អ្នក​ដឹកនាំ​ស្ត្រី​នៅ​ក្នុង​សហគមន៍ ​និង​ការ​ទទួល​បាន​ការ​អប់រំ​លើ​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​របស់​ស្ត្រី​ដែល​នៅ​មាន​កម្រិត។​

ការ​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ខ្នាតខ្លី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ដោយ​មាន​ការ​ចូលរួម​ពី​មនុស្ស​ប្រមាណ​ ៣០០​ នាក់ ​ក្នុង​នោះ​មាន​និស្សិត ​អ្នក​កាសែត​ ផលិតករ​ភាពយន្ត​អាជីព ​និង​គ្រូ​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​សារ​ព័ត៌មាន ​និង​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព័ត៌មាន​ផង​ដែរ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ខ្លី​ដែល​ជា​ស្នាដៃ​របស់​និសិ្សត​ឆ្នាំ​ទី​ ៣ ​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារ​គមនាគមន៍​ លោក ​អ៊ុង ប៊ុនអ៊ី ​ដែល​ជា​ប្រធាន​ដេប៉ាតឺម៉ង់​នោះ ​លើក​ឡើង​ថា ​ភាពយន្ត​ឯកសារ​ទាំង​នោះ​ជា​សមិទ្ធ​ផល​របស់​និស្សិត​ដែល​បាន​រៀនទាំង​ទ្រឹស្តី ​និង​ការ​ចុះ​ទៅ​អនុវត្ត​ថត​ដោយ ​ផ្ទាល់​នៅ​ទីតាំង​ដែល​ត្រូវ​នឹង​សាច់​រឿង​នៃ​ភាពយន្ត​របស់​ពួក​គេ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​នៅ​ក្នុង​ឆ្នាំ​នេះ​ដូចគ្នា​ និស្សិត​របស់​យើង​បន្ទាប់​ពី​បាន​សិក្សា​ទ្រឹស្តី​នៅ​ថ្នាក់​មួយ​មក​គឺ​ពួក​គាត់​បាន​ធ្វើការ​ជាក្រុម​ចុះ​ស្រាវជ្រាវ​ ចុះ​ថត​នៅ​តាម​ទីតាំង​ផ្ទាល់​នៅ​តាម​រាជធានី​ខេត្ត​ផ្សេងៗ​ ដែល​ឆ្នាំ​នេះ​ពួក​គាត់​បាន​ចុះ​ទៅ​ដល់​ខេត្ត​កោះកុង​ ពោធិ៍សាត់ ​បាត់ដំបង​ សៀមរាប ​កំពង់ចាម ​ស្ទឹងត្រែង ​រតនៈគិរី​ ខេត្ត​កណ្តាល ​និង​រាជធានី​ភ្នំពេញ​ផ្ទាល់​ដើម្បី​ផ្តិត​យក​រឿង​រ៉ាវ​ជីវិត​ផ្សេងៗ​គ្នា​ចំនួន​ ១២ ​រឿង​ មក​ផលិត​ជា​ស្នាដៃ​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី»។​

ក្រុមនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ថ្លែងពីភាពយន្តឯកសារខ្លីរបស់ខ្លួន ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាពផ្តល់ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ DMC)
ក្រុមនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ថ្លែងពីភាពយន្តឯកសារខ្លីរបស់ខ្លួន ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាពផ្តល់ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ DMC)
បុរសម្នាក់កំពុងផ្ទាំងរូបភាពខ្សែភាពយន្តឯកសារខ្លីរបស់ក្រុមនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ដាក់បង្ហាញក្នុងសាលភាពយន្ត ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាពផ្តល់ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ DMC)
បុរសម្នាក់កំពុងផ្ទាំងរូបភាពខ្សែភាពយន្តឯកសារខ្លីរបស់ក្រុមនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ដាក់បង្ហាញក្នុងសាលភាពយន្ត ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាពផ្តល់ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ DMC)

បើ​តាម​លោក ​អ៊ុង ប៊ុនអ៊ី​ ភាពយន្ត​ឯកសារ​ដែល​យក​មក​ចាក់​បញ្ចាំង​នោះ​បាន​បញ្ជាក់​នូវ​ភាព​ជោគជ័យ​នៃ​ការ​បញ្ចប់​មុខ​វិជ្ជា​សារ​ព័ត៌មាន​សោត​ទស្សន៍ ​និង​ផលិត​វីដេអូ​របស់​និសិ្សត​ ដែល​សិក្សា​ជំនាញ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​មាន​រយៈពេល​បួន​ឆ្នាំ​ នៅ​ដេប៉ាតឺម៉ង់ ​DMC។

និស្សិត​ឆ្នាំ​ទី ៣ ​លោក ​លី រូស្សឡាន ​អាយុ​ ២១ ​ឆ្នាំ ​ប្រាប់​វីអូអេ​ថា​ ក្រោយ​ការ​ផលិត​វីដេអូ​ភាពយន្ត​ឯកសារ​នេះ​ហើយ ​លោក​ទទួល​បាន​ការ​រៀនសូត្រ​ជាច្រើន​ក្នុង​នោះ​ដូចជា​ការ​ធ្វើការ​ជា​ក្រុម ​និង​ការ​ដោះស្រាយ​នូវ​បញ្ហា​នានា​ដែល​កើត​មាន​អំឡុង​ពេល​ដែល​លោក ​និង​ក្រុម​និស្សិត​ចុះ​ថត​ផ្ទាល់​នៅ​តាម​ទីតាំង​នីមួយៗ។​

លោក​ថ្លែង​ថា៖ ​«ជាក់ស្តែង​យើង​បាន​ត្រៀម​មុន​ហើយ ​ទាំង​កាល​វិភាគ​ ​ អ៊ីចឹង​ទាំង​ការ​ធ្វើ​ដំណើរ​ហើយ​ទីតាំង​យើង​បាន ​Scoop​ [ត្រួត​ពិនិត្យ]​ មើល ​ក៏​ប៉ុន្តែ​ជាក់​ស្តែង​នៅ​ពេល​ដែល​យើង​ចុះ​ទៅ​ផ្ទាល់​ ​យើង​ជួប​បញ្ហា​ផ្សេង​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ភ្លាមៗ​ដែល​យើង​អត់​បាន​គិត​ទុក​មុន»។​

និស្សិត​រូប​នេះ​បន្ត​ថា ​លោក​បាន​ជ្រើស​រើស​ប្រធាន​បទ​បរិស្ថាន ​និង​ស្រ្តី​ជា​អ្នក​ដឹកនាំ​ដែល​ជា​ប្រធាន​បទ​សំខាន់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។​ លោក​ លី រូស្សឡាន​បន្ត​ថា​ និស្សិត​ទាំង​អស់​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​គ្រូ​បង្គោល​ដើម្បី​ឱ្យ​វីដេអូ​ភាពយន្ត​ឯកសារ​ផលិត​ចេញ​មក​មានគុណភាព ​និង​សុក្រឹត​ភាព។​

និស្សិត​ឆ្នាំ​ទី​ ៣ ​មួយ​រូប​ទៀត​ កញ្ញា ​ឈឹម ពេជ្រ​បរមី​ អាយុ​ ២៣ ​ឆ្នាំ ​ប្រាប់​វីអូអេ​ថា ​ កញ្ញា​បាន​រៀន​សូត្រ​ជា​ច្រើន​ពី​ការ​ផលិត​ភាពយន្ត​ឯកសារ​នេះ​ ដោយ​កញ្ញា​បាន​រៀន​ពី​របៀប​នៃ​ការ​កាត់​ត​វីដេអូ ​និង​ការ​កាន់​កាមេរ៉ា​ថត ​ដែល​វា​នឹង​ក្លាយ​ជា​ដើម​ទុន​សម្រាប់​កញ្ញា​ក្នុង​ការ​បន្ត​កិច្ចការ​ងារ​នៅ​ពេល​អនាគត។​

កញ្ញា​រៀប​រាប់​ថា៖​ «វា​មាន​សារៈ​សំខាន់​សម្រាប់​អនាគត។ ​យើង​ទៅ ​យើង​ប្រើការ​កាត់​ត ​អី​បាន​ ចេះ​យល់​ដឹង ​Technical​ [បច្ចេកទេស] ​ហ្នឹង​ម៉េចៗ​ខ្លះ។​ ហ្នឹង​ជា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​វគ្គ​ហ្នឹង»។​

រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​លោក ​រស់ ថាន់សន ​កោត​សរសើរ​ក្រុម​និសិ្សត​ និង​ដេប៉ាតឺម៉ង់​ DMC​ ចំពោះ​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះ​ ហើយ​ថា​ នេះ​ជា​ការ​បង្ហាញ​ពី​ការ​ប្រើប្រាស់​សិទ្ធិ ​និង​សេរីភាព​សារ​ព័ត៌មាន​ដែល​ត្រូវ​បាន​ចែង​ក្នុង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​នៃ​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «ក្នុង​ន័យ​នេះ​ជាថ្មី​ម្តង​ទៀត ​ខ្ញុំ​សូម​អរគុណ​ទៅ​ដល់​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារ​គមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​សហការ​ជាមួយ​បណ្តា​ដៃគូ​ដើម្បី​ផលិត ​និង​ផ្សព្វ​ផ្សាយ​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី ​សម្រាប់​ជា​ការ​រួម​ចំណែក​លើក​កម្ពស់​ការ​ទទួល​ព័ត៌មាន​ជា​សាធារណៈ ​និង​ចូលរួម​កែប្រែ​ឥរិយាបថ​របស់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ជំហរ​នឹង​ន ​វិជ្ជមាន​ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​បច្ចុប្បន្ន ​និង​ពេល​អនាគត»។​

បន្ទាប់​ពី​ការ​សម្ពោធ​នៅ​ថ្ងៃទី​ ២៤ ​ខែ​សីហា​នេះ ​ភាពយន្ត​ឯកសារ​ខ្នាតខ្លី​របស់​និស្សិត​ឆ្នាំ​ទី ៣ ​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​ (DMC)​ នឹង​ដាក់​បញ្ចាំង​ម្តង​ទៀត​នៅ​វិទ្យាស្ថាន​បារំាង​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។​

គួរ​បញ្ជាក់​ថា ​គម្រោង​ភាពយន្ត​ឯកសារ ​Project Three ​របស់​និស្សិត​ឆ្នាំ​ទី ៣ ​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារ​គមនាគមន៍​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ ​ក្នុង​គោល​បំណង​ដាក់​បង្ហាញ​ស្នាដៃ​ផលិត​ភាពយន្ត​ឯកសារ​របស់​សិស្ស​និស្សិត៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG